ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អ្នកប្រឹក្សាយោបល់ គ្មានទោសឡើយ បើគ្មានការបែងចែកប្រទានកម្ម!
21, Oct 2021 , 3:25 pm        
រូបភាព
(ឆ្វេង) លោក សៀវ សុផល គ្រូបង្រៀនវគ្គជោគជ័យ , អ្នកនាង ស្រេង កាន់ដា ហៅនាងខ្ញុង សិល្បករកំប្លែង និងលោកមេធាវី សុក សំអឿន
(ឆ្វេង) លោក សៀវ សុផល គ្រូបង្រៀនវគ្គជោគជ័យ , អ្នកនាង ស្រេង កាន់ដា ហៅនាងខ្ញុង សិល្បករកំប្លែង និងលោកមេធាវី សុក សំអឿន
ភ្នំពេញ៖  អ្នកប្រឹក្សាយោបល់ គ្មានទោសឡើយ បើគ្មានការបែងចែកប្រទានកម្ម ឬថវិកា ដែលបានមកពីជំនួយសប្បុរសធម៌ តាមរយៈការអំពាវនាវ។ នេះជាការពន្យល់របស់លោកមេធាវី សុក សំអឿន ដែលបានបកស្រាយជុំវិញករណីរឿងរ៉ាវរបស់អ្នកស្រី ស្រេង សុកាន់ដា ហៅនាងខ្ញុង និងលោក សៀវ សុផល ដែលជាគ្រូបង្រៀនវគ្គជោគជ័យ នាពេលថ្មីៗនេះ។



អ្នកនាងខ្ញុង ដែលជាតារាកំប្លែងល្បីមួយរូប បានចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រកាសពីភាពក្ស័យធនខ្លួន រួមទាំងបំណុលជាង៥៧ម៉ឺនដុល្លារ ប្រាប់មហាជនជាសាធារណៈ។ ក្រោយពីប្រកាសបើកចំហបែបនេះ អ្នកនាងខ្ញុង ក៏បានអំពាវនាវសុំជំនួយសប្បុរសធម៌ ពីសាធារណជនដែលស្រលាញ់ និងគាំទ្រនាង ជាវិភាគទាន១ដុល្លារផងដែរ។ ការអំពាវនាវសុំជំនួយត្រឹមតែ១ថ្ងៃប៉ុណ្ណោះ អ្នកនាងខ្ញុង បានទទួលថវិកាជាង៥ម៉ឺនដុល្លារអាម៉េរិក។
 
ស្រាប់តែលោក សៀវ សុផល ដែលគេស្គាល់ថា ជាគ្រូបង្រៀនវគ្គជោគជ័យ បានចេញមុខអះអាងថា ខ្លួននៅពីក្រោយនៃការរៀបចំផែនការ ឱ្យអ្នកស្រី ស្រេង សុកាន់ដា ហៅនាងខ្ញុង ធ្វើបែបនេះ ដើម្បីទទួលបានថវិកាទាំងនោះ យកទៅដោះស្រាយបំណុល។ ការអះអាងរបស់លោក សៀវ សុផល បែបនេះ បានធ្វើឱ្យមហាជនដែលខំស្រលាញ់ និងអាណិតអ្នកនាងខ្ញុង មិនសប្បាយចិត្ត ហើយខឹងសម្បារទៅវិញ ដោយពួកគេចាត់ទុកថា វាជាទង្វើបោកប្រាស់ទឹកចិត្ត។

តើទង្វើរបស់លោក សៀវ សុផល ដែលជាគ្រូបង្រៀនវគ្គជោគជ័យ បានរៀបចំផែនការប្រកាសក្ស័យធនខ្លួន និងសុំជំនួយពីមហាជននេះ ជាទង្វើប្រឈមមុខច្បាប់ដែរទេ?
 
លោកមេធាវី សុក សំអឿន បានបកស្រាយថា វាមិនខុសច្បាប់ទេ បើសិនជាលោក សៀវ សុផល គ្រាន់តែប្រឹក្សាយោបល់ ដោយមិនបានទទួលផលលាភជាថវិកា (ប្រទានកម្ម) នៅពេលដែលអ្នកនាងខ្ញុង បានប្រាក់ពីមហាជន តាមរយៈជំនួយមនុស្សធម៌នេះ។
 
ត្រង់ចំណុចនេះ លោក សុក សំអឿន បានពន្យល់ថាការប្រឹក្សាយោបល់ឱ្យអ្នកនាងខ្ញុង ទៅប្រកាសក្ស័យធន និងបំណុលនោះ គឺជារឿងត្រឹមត្រូវ ស្របតាមច្បាប់ក្ស័យធន ដែលចែងអំពីការក្ស័យធនរបស់ក្រុមហ៊ុន ឬបុគ្គល។ ក្នុងលក្ខខណ្ឌក្ស័យធននេះ គឺសាមីខ្លួន អាចមានសិទ្ធិសុំប្រកាសក្ស័យធនដោយខ្លួនឯង ឬឱ្យតុលាការជាអ្នកប្រកាសតែម្ដង។ បើតាមលោកមេធាវី សុក សំអឿន ការអំពាវនាវសុំជំនួយពីមហាជន ក៏មិនមែនអំពើផ្ទុយច្បាប់ដែរ។ ក្នុងន័យនេះ លោក សុក សំអឿន ចង់ពន្យល់ថា បើសិនជាអ្នកនាងខ្ញុង ពិតជាជំពាក់បំណុលគេច្រើនមែន ហើយគ្មានលទ្ធភាពសងបំណុលគេមែន នោះការរៀបចំផែនការប្រកាសក្ស័យធន និងអំពាវនាវសុំជំនួយនេះ មិនមែនជាបទល្មើសឧក្រិដ្ឋអ្វីនោះទេ។
 
«ដូច្នេះការសុំតុលាការប្រកាសក្ស័យធន មិនមែនជាអំពើល្មើសច្បាប់ទេ ហើយការសុំអំពាវនាវឱ្យគេជួយខ្លួន តាមហ្វេសប៊ុកអីហ្នឹង ក៏មិនមែនជាអំពើខុសច្បាប់ដែរ»។ នេះជាការបញ្ជាក់របស់លោក សុក សំអឿន។

សូមស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោកមេធាវី សុក សំអឿន ដូចតទៅ៖


 
 
មេធាវីរូបនេះ បានព្យាយាមពន្យល់ពីរឿងផែនការរៀបចំសុំជំនួយវិញម្ដង។ លោក សុក សំអឿន បានពន្យល់ថា អ្នកប្រឹក្សាយោបល់ប្រាប់ឱ្យមនុស្សម្នាក់ ទៅសុំជំនួយពីមហាជន ឬអ្នកណាម្នាក់ មិនមែនជាអំពើខុសច្បាប់ឡើយ។ ប៉ុន្តែបើផែនការសុំជំនួយថវិកានេះ ប្រាស់ចាកពីការពិត ដែលអ្នកនាងខ្ញុងអះអាងថា ខ្លួនក្ស័យធន និងជាប់បំណុលគេច្រើននោះ ទើបប្រឈមមុខច្បាប់។ 
 
បានន័យថា បើលោក សៀវ សុផល ផ្ដល់គំនិតឱ្យអ្នកនាងខ្ញុង ប្រព្រឹត្តអំពើខាងលើ ហើយមានសប្បុរសជនផ្តល់ថវិកាឱ្យអ្នកនាងខ្ញុង តាមការអំពាវនាវសុំជំនួយនេះ។ ប៉ុន្តែអ្នកនាងខ្ញុង មិនបានជំពាក់បំណុលគេ ដូចការប្រកាសទេ(ការចេញសេចក្តីថ្លែងការណ៍ក្លែងក្លាយ) ហើយអ្នកទាំងពីរ គឺលោក សៀវ សុផល និងអ្នកនាងខ្ញុង បែរជាយកជំនួយពីសប្បុរសជនទៅចែកផលលាភគ្នានោះ ពួកគេ នឹងប្រឈមមុខច្បាប់ពីបទ «ឆបោក និងសមគំនិត» នៃក្រមព្រហ្មទណ្ឌ។
 
មាត្រា៣៧៧ ចែងថា អំពើឆបោក គឺជាអំពើបន្លំ ចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភទៅលើឋានៈក្លែង ដោយ រំលោភ ទៅលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនេះ ដោយធ្វើអោយខូចប្រយោជន៍ របស់បុគ្គលនេះ ឬរបស់តតិយជននូវ ៖
 ទី ១-ការប្រគល់មូលនិធិតម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។ 
 ទី ២-ការផ្គត់ផ្គង់សេវា។
 ទី ៣- ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច ។
 
បទល្មើសឆបោក ត្រូវរងការផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ ពី ១ ០០០ ០០០ រៀល ទៅ ៦ ០០០ ០០០ រៀល។  បើបទល្មើសឆបោក មានស្ថានទម្ងន់ទោសទៀតនោះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី២ឆ្នាំ ទៅ៥ឆ្នាំ ។
 
ចំណែកមាត្រា ២៩ ចែងថា អ្នកសមគំនិតត្រូវចាត់ទុកជាអ្នកសមគំនិតក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិម ចំពោះបុគ្គលណា ដែលជួយសម្រួលដោយចេតនា ដល់ការប៉ុនប៉ង ឬការសម្រេចបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះ ដោយផ្ដល់ជំនួយ ឬការឧបត្ថម្ភរបស់ខ្លួន។ អ្នកសមគំនិត នឹងអាចរងការផ្តន្ទាទោសបាន លុះត្រាតែបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវបានសម្រេច ឬប៉ុនប៉ង។ អ្នកសមគំនិតនៃបទឧក្រិដ្ឋ ឬបទមជ្ឈិមត្រូវផ្តន្ទាទោស ដូចគ្នានឹងចារីដែរ។
 
មួយវិញទៀត បើអ្នកនាងខ្ញុង ពិតជាក្ស័យធន និងជំពាក់បំណុលគេមែន ហើយទទួលបានជំនួយពីសប្បុរសជន ប៉ុន្តែមិនព្រមយកប្រាក់ទាំងនេះ ទៅសងម្ចាស់បំណុលគេទេនោះ សប្បុរសជន អាចមានសិទ្ធិលុបចោលអំណោយ ឬប្រទានកម្ម (ថវិកាជំនួយ) ដែលមានភ្ជាប់បន្ទុកនេះ តាមរយៈការប្ដឹងសុំថវិកាយកមកវិញ។ ប៉ុន្តែករណីនេះ វាមិនស្ថិតក្នុងទោសទណ្ឌព្រហ្មទណ្ឌនោះទេ ពោលគឺជាករណីស៊ីវិលប៉ុណ្ណោះ។
 
កាលពីយប់ថ្ងៃទី២០ តុលា អ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង ក៏បានប្រកាសវេរប្រាក់ត្រឡប់ទៅសប្បុរសជន ដែលបានផ្ដល់ជំនួយឱ្យនាងវិញទាំងអស់ដែរ៕

និយមន័យ 
ប្រទានកម្ម គឺសំដៅលើកិច្ចសន្យាមួយ ដែលត្រូវមានអនុភាព ដោយភាគីម្ខាងបង្ហាញឆន្ទៈឱ្យទៅភាគីម្ខាងទៀត នូវទ្រព្យសម្បត្តិ (ដូចជាអំណោយ សេវា ថវិកា ចលនទ្រព្យ និងអចលនទ្រព្យ ឬជំនួយផ្សេងៗ) ដោយមិនគិតថ្លៃ ហើយភាគីម្ខាងទៀតព្រមទទួលយក។
 
 
 

Tag:
 ច្បាប់
  បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com