ជាតិ
បរិច្ចាគសម្ភារប្រើប្រាស់​ចាស់ៗដល់មណ្ឌលកុមារកំព្រា និងអ្នកខ្វះខាត ជាមួយបេប៊ីអោតឡេ​ត
21, Oct 2021 , 7:59 pm        
រូបភាព
ហាងបេប៊ី អោតឡេត បានចាប់ផ្តើមយុទ្ធនាការប្រមូលសម្ភារប្រើប្រាស់ចាស់ៗ របស់ទារក កុមារ និងមនុស្សចាស់ ពីអតិថិជនខ្លួន ក៏ដូចជាសាធារណជន​ ដើម្បីយកទៅបរិច្ចាគបន្តដល់មណ្ឌលកុមារកំព្រា ជនក្រីក្រ និងអ្នកដែលខ្វះខាតនានានៅ​កម្ពុជា។  លោក កែវ ឡង់ឌី អគ្គនាយកហាងលក់ទំនិញកុមារ បេប៊ីអោតឡេត បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា បេប៊ីអោតឡេតបានចាប់ផ្តើមការងារនេះ តាំងពីឆ្នាំ២០១៥មក តាមរយៈការបង្កើតជាធុងសប្បុរសធម៌ក្រោមពាក្យស្លោកថា​«អីវ៉ាន់ចាស់ៗរបស់អ្នក ជាវត្ថុមានតម្លៃរបស់គេ» ដាក់នៅមុខហាង​ទំនិញរបស់ខ្លួន​។

 
បើតាម លោក កែវ ឡង់ឌី ​យុទ្ធនាការនេះ បង្កើតឡើងដើម្បីបង្ហាញពីការចែករំលែកគ្នាទៅវិញទៅមកនៅក្នុងសង្គមកម្ពុជា ក៏ដូចជា​ចង់​ឱ្យក្មេងក្រីក្រ និងអ្នកដែលខ្វះខាត មានឱកាសប្រើប្រាស់​សម្ភារ​ដែលល្អ​ និងសម្បូរបែប ជាជាងវាត្រូវបានបោះចោល។ ​លោក កែវ ឡង់ឌីបន្ថែមដូច្នេះ៖ «នៅឆ្នាំ២០១៥ហ្នឹង យើងសង្កេតឃើញថា អាណាព្យាបាលដែលគាត់មានលទ្ធភាព គាត់មកទិញច្រើន តែមានក្មេងកំព្រា ឬក្មេងដែលក្រីក្រ គឺគ្នាអត់ដែលបានប្រើរបស់ទាំងអស់ហ្នឹងទេ។ គាត់ក៏គ្មានលទ្ធភាពទិញដែរ។ អីចឹងយើងក៏នឹកឃើញគំនិតថា បើមានអីវ៉ាន់ចាស់ៗគរពេញផ្ទះ រកតែកន្លែងទុកមិនឃើញផង បេប៊ីអោតឡេត ក៏បង្កើតធុងសប្បុរធម៌មួយហ្នឹង ដើម្បីឱ្យគាត់(អតិថិជន) យករបស់(ចាស់ៗ លែងប្រើ)ទាំងអស់ហ្នឹង មកដាក់ក្នុងធុងរបស់យើងទៅ ហើយគាត់បានអំពើល្អ ជួយសង្គម តាមរយៈបេប៊ីអោតឡេតជាមួយគ្នា»។ 
 


បើតាមលោក កែវ ឡង់ឌី អតិថិជនរបស់ខ្លួនក៏ដូចជាសាធារណជន​ អាចបរិច្ចាគសម្ភារចាស់ៗរបស់ខ្លួនសព្វមុខទាំងអស់​ដែលមានដូចជាសម្ភារក្មេងលេង ដបទឹកដោះ សម្ភារសិក្សា​ ស្បែកជើង សម្លៀកបំពាក់ និងរបស់ប្រើប្រាស់ជាច្រើនទៀត។ បេប៊ីអោតឡេត ជាអ្នកទទួលខុសត្រូវលើរៀបចំ និងដឹកជញ្ជូនសម្ភារទាំងនេះ ទៅកាន់បណ្តាមណ្ឌលកុមារកំព្រា និងពលរដ្ឋក្រីក្រខ្វះលទ្ធភាព នៅគ្រប់ច្រកល្ហក។ មិនតែប៉ុណ្ណោះ ពលរដ្ឋក្រីក្រ ឬខ្វះលទ្ធភាពទាំងអស់ ក៏អាចទៅទទួលយកសម្ភារប្រើប្រាស់ទាំងនេះ ពីហាងបេប៊ីអោតឡេតដោយផ្ទាល់បានដែរ។ 


លោក កែវ ឡង់ឌី អគ្គនាយកហាងបេប៊ីអោតឡេត

​ម្ចាស់ហាងលក់ទំនិញកុមាររូបនេះ ក៏មើលឃើញដែរថា ការចែករំលែក និងជួយគ្នារបស់ប្រជាពលរដ្ឋកម្ពុជា កាន់តែមានភាពផុសផុលឡើង ពិសេសនៅក្នុងបរិបទ​កូវីដ-១៩នេះ ដែល​បេប៊ីអោតឡេត ទទួលបាន សម្ភារចាស់ៗពីសាធារណជនកាន់តែច្រើន។ ​លោក ឡង់ឌី ​លើកឡើងថា ការផ្តល់ឱ្យ និងចែករំលែកគ្នានៅក្នុងកាលៈទេសៈដ៏លំបាកនេះ គឺពិតជាមានតម្លៃណាស់ សម្រាប់ពលរដ្ឋក្រីក្រ និងអ្នកដែលខ្វះខាត។  លោក កែវ ឡង់ឌី ក៏អំពាវនាវដល់សាធារណជនទាំងអស់ដែលមានលទ្ធភាព បន្តបរិច្ចាគសម្ភារចាស់ៗរបស់ខ្លួន នៅគ្រប់បណ្តាហាងទាំង១១សាខារបស់បេប៊ីអោតឡេត។ «អ្នកនៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាអ្នកនៅប្រទេសកម្ពុជាទាំងអស់ ដែលមានមធ្យោបាយដឹក(សម្ភារចាស់ៗ) មកកាន់បេប៊ីអោតឡេតបាន គាត់អាចដាក់អីវ៉ាន់ទាំងអស់ហ្នឹង នៅធុងសប្បុរសធម៌ហ្នឹងទៅ ដើម្បីឱ្យយើងមានលទ្ធភាពប្រមូលវាបានកាន់តែច្រើន ហើយយើងអាចជួយអ្នកដែលក្រីក្របានកាន់តែច្រើនដែរ។ ជាពិសេសស្ថានភាពកូវីដនេះទៀត គ្នាកាន់តែពិបាកជាងមុនទៀត»។ នេះជាសារអំពាវនាវរបស់លោក កែវ ឡង់ឌី។
 


សូមជម្រាបថា កន្លងមក ​សម្ភារប្រើប្រាស់ចាស់ៗ ដែលបេប៊ីអោតឡេត ទទួលបានពីសាធារណជន ត្រូវបានយកទៅចែកជូនដល់មណ្ឌលកុមារកំព្រា និងជនក្រីក្រ នៅក្នុងរាជធានីភ្នំពេញ កំពង់ស្ពឺ ​ត្បូងឃ្មុំ ក្រចេះ ​ព្រះវិហារ រតនគិរី មណ្ឌលគិរី និងបណ្តាខេត្តជាច្រើនទៀត៕

Tag:
 សម្ភារចាស់ៗ
  បរិច្ចាគ
 ពលរដ្ឋក្រីក្រ
 កុមារកំព្រា
© រក្សាសិទ្ធិដោយ thmeythmey.com