កីឡាជាតិ
ជាតិ
FIFA Ranking៖ កម្ពុជាឡើង​មកចំណាត់ថ្នាក់​លេខ​១៧០ ​នៅក្នុង​​ខែ​តុលា
21, Oct 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ឡើង​ពី​ចំណាត់ថ្នាក់​លេខ​១៧៨ មក​លេខ​១៧០​ក្នុងតារាងចំណាត់ថ្នាក់ FIFA World Rankings ដោយគិតត្រឹម​ថ្ងៃទី​២១ ខែតុលា ឆ្នាំ២០២១ នេះ។ នៅក្នុងតុលា កម្ពុជាបានឈ្នះការប្រកួតទាំងពីរជើងលើកោះហ្គាំ ក្នុងការប្រកួត Playoff ពានរង្វាន់ AFC Asian Cup 2022 ដែលរៀបចំទឹក​ដី​បារ៉ែន។

 
ក្រោយ​មិនស្គាល់ជ័យជម្នះ៩ប្រកួតជាប់គ្នា ក្នុងនោះចាញ់៧ប្រកួត និងស្មើ២ប្រកួត កម្ពុជាបានយកឈ្នះហ្គាំ ១-០ កាលពីថ្ងៃទី​១០ ខែ​តុលា និង ២-១ នា​រយៈពេល​២ថ្ងៃបន្ទាប់។ ជ័យជម្នះនេះ នាំឲ្យគោព្រៃដែលមាន​លោក Keisuke Honda ជាអ្នកចាត់ការទូទៅ និង​លោក Ryu Hirose ជាគ្រូបង្វឹក ឈាន​បន្តទៅវគ្គជម្រុះជុំទីបីនៃពានរង្វាន់ AFC Asian Cup 2022។
 
យោងតាម​ចំណាត់ថ្នាក់​ FIFA កម្ពុជា ទទួលសរុប​៩៧០ពិន្ទុ ដោយឈរចំណាត់ថ្នាក់​លេខ​១៧០ក្នុងចំណោម​២១០​ក្រុមជម្រើសជាតិ។ វា​ជាចំណាត់ថ្នាក់​ខ្ពស់​បំផុត​បើគិត​ចាប់តាំងពី​ឆ្នាំ​២០១១មក។ កាលពីខែ​កញ្ញា កម្ពុជាមាន​ចំណាត់ថ្នាក់លេខ​១៧៨ ខែ​សីហា លេខ​១៧៩ និងលេខ​១៧៤ កាលពី​ខែមេសា និងឧសភា។
 
បែលហ្ស៊ិកលើ​លេខ១​លើពិភពលោក តាមពីក្រោយដោយ​ប្រេស៊ីល បារាំង អ៊ីតាលី អង់គ្លេស អាហ្សង់ទីន អេស្ប៉ាញ ព័រទុយហ្គាល់ ម៉ិកស៊ិក និង​ដាណឺម៉ាក។ ហូឡង់ អាល្លឺម៉ង់ សហរដ្ឋអាម៉េរិក ស្វីស អ៊ុយរូហ្គាយ កូឡុំប៊ី ស្វីស ក្រូអាស៊ី វេលស៍ និងសេណេហ្គាល់​ ស្ថិតក្នុងចំណោម Top 20។
 
ក្នុងតំបន់អាស៊ី អ៊ីរ៉ង់ (លេខ២២) មានចំណាត់ថ្នាក់​ខ្ពស់ជាងគេ បន្ទាប់មកមាន ជប៉ុន (លេខ​២៨), អូស្ត្រាលី (លេខ​៣៤), កូរ៉េខាងត្បូង (លេខ​៣៥), កាតា (លេខ​៤៦), អារ៉ាប៊ីសាអូឌីត (​លេខ​៤៩), អេមីរ៉ាតអារ៉ាប់រួម (លេខ​៧១), អ៊ីរ៉ាក់​ (លេខ​៧២), ចិន (លេខ​៧៥) និងអូម៉ង់ (លេខ​៧៧)។
 
សម្រាប់តំបន់អាស៊ីអាគ្នេយ៍ វៀតណាម ស្ថិតនៅ​លេខ​៩៨, ថៃ លេខ​១១៧, ហ្វីលីពីន លេខ​១២៧, មីយ៉ាន់ម៉ា លេខ​១៤៥, ម៉ាឡេស៊ី​លេខ​១៥៥, សិង្ហបុរី លេខ​១៦០, ឥណ្ឌូណេស៊ី​លេខ​១៦៥ ខណៈ​កម្ពុជា ស្ថិតនៅពីលើ ឡាវ (លេខ​១៨៥), ព្រុយណេ (លេខ​១៨៩) និងទីម័រខាងកើត (លេខ​១៩៤)។ ហ្គាំ ដែលទើបចាញ់កម្ពុជា ស្ថិតនៅ​លេខ​២០៦៕

© រក្សាសិទ្ធិដោយ thmeythmey.com