ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ច្បាប់ថ្មី៖ គម្រោងវិនិយោគដែលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋ ឬប្រយោជន៍សាធារណៈ អាចត្រូវលុបចោល
21, Oct 2021 , 9:59 pm        
រូបភាព
កសិករក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលមានបញ្ហាដីធ្លី នាំគ្នាតវ៉ា កាលពីខែសីហា ឆ្នាំ២០២១ សុំឲ្យមានការផ្តល់សំណងសមរម្យជូនពួកគាត់ ដោយកាន់បដា ដែលសរសេរថា បើមានការអភិវឌ្ឍ ត្រូវតែមានសំណងសមរម្យ។ រូបពីហ្វេសប៊ុកឈ្មោះ យស់ សោភ័ណ្ឌ
កសិករក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលមានបញ្ហាដីធ្លី នាំគ្នាតវ៉ា កាលពីខែសីហា ឆ្នាំ២០២១ សុំឲ្យមានការផ្តល់សំណងសមរម្យជូនពួកគាត់ ដោយកាន់បដា ដែលសរសេរថា បើមានការអភិវឌ្ឍ ត្រូវតែមានសំណងសមរម្យ។ រូបពីហ្វេសប៊ុកឈ្មោះ យស់ សោភ័ណ្ឌ
ដោយ: ថ្មីៗ
ច្បាប់វិនិយោគថ្មី ផ្តល់សិទ្ធិអំណាចឲ្យស្ថាប័នមានសមត្ថកិច្ច អាចលុបចោលគម្រោងវិនិយោគ ដែលប៉ះពាល់ប្រជាពលរដ្ឋ ឬវិស័យណាមួយនៅកម្ពុជា។

 

បើពិនិត្យទៅឃើញថា គម្រោងវិនិយោគណាមួយ មានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សន្តិសុខជាតិ ផលប្រយោជន៍សាធារណៈ ឬ សុខុមាលភាពប្រជាពលរដ្ឋ ជាអាទិ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ អាចស្នើឲ្យស្ថាប័នមានសមត្ថកិច្ច លុបចោលគម្រោងវិនិយោគនោះ។ ការផ្តល់សិទ្ធិអំណាចទៅស្ថាប័នមានសមត្ថកិច្ច អាចលុបគម្រោងវិនិយោគណាមួយ គឺមានចែងក្នុងមាត្រា៣១នៃច្បាប់វិនិយោគថ្មី ដែលហៅជាផ្លូវការថា ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ មិនមែនត្រឹមតែក្រសួង-ស្ថាប័នរដ្ឋទេ វិនិយោគិនជាម្ចាស់ ក៏អាចស្នើសុំឲ្យលុបគម្រោងវិនិយោគរបស់ខ្លួនឯងដែរ។
  
នៅមាន៣ករណីទៀត ដែលគម្រោងវិនិយោគណាមួយ អាចត្រូវបានលុបចោល។ គម្រោងវិនិយោគ អាចត្រូវបានលុបចោល បើអលទ្ធភាព ក្នុងការអនុវត្តគម្រោងវិនិយោគបន្ត។ គម្រោងវិនិយោគ អាចត្រូវបានលុបចោល បើស្ថាប័ន ឬក្រុមហ៊ុន ដែលអនុវត្តគម្រោងវិនិយោគ ត្រូវបានរំលាយ។ គម្រោងវិនិយោគ អាចត្រូវបានលុបចោល បើខកខានអនុវត្តកាតព្វកិច្ច ដែលកំណត់ក្នុងច្បាប់។
 
នីតិវិធីលម្អិតស្តីពីការស្នើសុំលុប និងការលុបគម្រោងវិនិយោគដោយឆន្ទានុសិទ្ធិរបស់ស្ថាប័នមានសមត្ថកិច្ច ត្រូវកំណត់ក្នុងអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាល។ 
 
មាត្រា៣៤ បានផ្តល់សិទ្ធិឲ្យវិនិយោគិនជាម្ចាស់ អាចតវ៉ាចំពោះការលុបគម្រោងវិនិយោគរបស់ខ្លួន តាមរយៈការដាក់ពាក្យទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឬទៅអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ជាអ្នកធ្វើសេចក្តីសម្រេចចំពោះការតវ៉ារបស់វិនិយោគិនជាម្ចាស់។ បើមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត វិនិយោគិនជាម្ចាស់ អាចដាក់បណ្តឹងទៅតុលាការ។ 
 
ច្បាប់វិនិយោគថ្មីនេះ ក៏មានមាត្រាច្រើនគួរសមដែរ ដែលចែងពីការការពារវិនិយោគិន និងគម្រោងវិនិយោគ។ 
 
មាត្រា១៥ ចែងថា វិនិយោគិនបរទេស មិនត្រូវក្លាយជាកម្មវត្ថុនៃការរើសអើងឡើយ។  
 
មាត្រា១៦ ចែងថា រដ្ឋ មិនត្រូវធ្វើជាតូបនីយកម្ម ដែលនាំឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់វិនិយោគិនក្នុងប្រទេសកម្ពុជានោះទេ។ 
 
ជាតូបនីយកម្ម សំដៅលើការកែប្រែសហគ្រាស ក្រុមហ៊ុន ឬទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធិឯកជន ឲ្យទៅជាកម្មសិទ្ធិរដ្ឋ។
 
មាត្រា១៧ ចែងថា រដ្ឋ មិនត្រូវធ្វើអស្សាមិករណ៍ ដែលនាំឲ្យប៉ះពាល់ដល់គម្រោងវិនិយោគ ដែលទទួលការអនុម័តឡើយ។ ប៉ុន្តែ រដ្ឋ អាចធ្វើអស្សាមិករណ៍ លើគម្រោងវិនិយោគបាន បើការធ្វើអស្សាមិករណ៍នោះ ដើម្បីបម្រើប្រយោជន៍សាធារណៈ។ ក្នុងការធ្វើអស្សមិករណ៍ លើគម្រោងវិនិយោគ រដ្ឋ ត្រូវផ្តល់សំណងសមរម្យ និងយុត្តិធម៌ ដោយគ្មានការរើសអើង។ 

អស្សាមិករណ៍ សំដៅលើការដកហូតកម្មសិទ្ធិលើអចលនទ្រព្យរបស់ឯកជន ឬរបស់រដ្ឋខ្លួនឯង ដូចជា ដី សំណង់ ដំណាំ ជាដើម ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើឲ្យប្រយោជន៍សាធារណៈទូទៅ។ 
 
មាត្រា២១ ចែងថា មានតែវិនិយោគិន ដែលមានសញ្ជាតិខ្មែរប៉ុណ្ណោះ ដែលអាចទទួលបានកម្មសិទ្ធិលើដីធ្លី សម្រាប់អនុវត្តគម្រោងវិនិយោគ។ ការចែងក្នុងមាត្រា២១នៃច្បាប់វិនិយោគថ្មីនេះ គឺស្របនឹងមាត្រា៤៤នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងថា មានតែអ្នក ដែលមានសញ្ជាតិខ្មែរទេ ដែលអាចទទួលបានកម្មសិទ្ធិលើដីធ្លី។
 
ផ្អែកលើមាត្រា២១ដដែល វិនិយោគិន មានសិទ្ធិប្រើប្រាស់ដីធ្លីតាមរយៈសម្បទានដីសេដ្ឋកិច្ច ការជួលដីអចិន្ត្រៃយ៍ និង ការជួលដី ដែលមានអំឡុងពេលកំណត់តាមច្បាប់។ 
ក្រោយឆ្លងកាត់ការអនុម័តពីរដ្ឋសភា និង ពីព្រឹទ្ធសភារួច ព្រះមហាក្សត្រកម្ពុជា ទ្រង់ចេញព្រះរាជក្រម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ប្រកាសឲ្យប្រើប្រាស់ច្បាប់វិនិយោគថ្មី។ ច្បាប់វិនិយោគ ត្រូវបានបង្កើតលើកដំបូងក្នុងឆ្នាំ១៩៩៤ ហើយរហូតដល់ឆ្នាំ២០០៣ ច្បាប់វិនិយោគនេះ ក៏ត្រូវបានធ្វើវិសោធនកម្ម។ 
 
សម្រាប់លើកនេះ រដ្ឋាភិបាល មិនធ្វើវិសោធនកម្មលើច្បាប់វិនិយោគ ដូចកាលពីឆ្នាំ២០០៣ឡើយ ដោយបានតាក់តែងថ្មីឡើងវិញតែម្តង។ ពេលច្បាប់វិនិយោគថ្មី ត្រូវបានដាក់ឲ្យប្រើប្រាស់ ក្នុងពាក់កណ្តាលខែតុលា ឆ្នាំ២០២១ ច្បាប់វិនិយោគចាស់ កាលពីឆ្នាំ១៩៩៤ និងការវិសោធនកម្មលើច្បាប់វិនិយោគចាស់ កាលពីឆ្នាំ២០០៣ ត្រូវនិរាករចោល (ឈប់ប្រើ)។ 
 
ទាំងច្បាប់វិនិយោគចាស់កាលពីឆ្នាំ១៩៩៤ ទាំងការធ្វើវិសោធនកម្មលើច្បាប់វិនិយោគចាស់ នៅឆ្នាំ២០០៣ គឺពុំបានចែងពីការលុបចោលដោយស្ថាប័នមានសមត្ថកិច្ច ទៅលើគម្រោងវិនិយោគ ដែលបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សន្តិសុខជាតិ ផលប្រយោជន៍សាធារណៈ ឬប្រជាពលរដ្ឋនោះទេ។ ច្បាប់វិនិយោគចាស់នៅឆ្នាំ១៩៩៤ និងការធ្វើវិសោធនកម្មនៅឆ្នាំ២០០៣ គ្រាន់តែចែងថា វិនិយោគិនជាម្ចាស់ អាចស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន ដើម្បីសុំរំលាយ ឬបញ្ចប់សកម្មភាពគម្រោងវិនិយោគរបស់ខ្លួន។ 
 
ថ្វីបើច្បាប់វិនិយោគចាស់ ពុំបានចែងថា គម្រោងវិនិយោគ ដែលបង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋ ឬវិស័យណាមួយ នឹងត្រូវលុបចោលក្តី តែកន្លងមក រដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច នៅតែអាចលុបគម្រោងវិនិយោគចោលបាន ពេលពិនិត្យឃើញថា គម្រោងវិនិយោគនោះ មានបញ្ហា ដែលតម្រូវឲ្យលុបចោល៕ 

Tag:
 ច្បាប់វិនិយោគថ្មី
  លុបគម្រោងវិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com