ជាតិ
សារមន្ទីរ​នៅ​​អាម៉េរិក ខ្ចី​រូប​សិល្បៈបុរាណ​​ពី​កម្ពុជា​៨​រូប​ ទៅ​តាំង​ពិព័រណ៍​
22, Oct 2021 , 7:59 am        
រូបភាព
រូបពីសារមន្ទីរជាតិកម្ពុជា
រូបពីសារមន្ទីរជាតិកម្ពុជា
ភ្នំពេញ​៖ សារមន្ទីរ​ជាតិ​បាន​វេច​ខ្ចប់​រូប​សិល្បៈ​ចំនួន​៨ ដើម្បី​យក​ទៅ​តាំង​ពិព័រណ៍​នៅ​សហរដ្ឋ​អាម៉េរិក​ តប​តាម​ការ​ស្នើ​សុំ​​របស់​សារមន្ទីរ​សិល្បៈ​ក្លេវើឡេន នៃ​រដ្ឋ​អូហៃ​យ៉ូ សហរដ្ឋ​អាម៉េរិក។ ការ​តាំង​ពិព័រណ៍​នោះ មាន​ចំណង​ជើង​ថា Revealing Krishna: Journey to Cambodia’s Sacred Mountain ដែល​នឹង​រៀប​ចំឡើង​ពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២២​។


 
លោក ឆាយ វិសុទ្ធ ប្រធាន​នាយក​ដ្ឋាន​សារមន្ទីរ​ជាតិ​ភ្នំពេញ​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ការ​ខ្ចី​រូប​ទៅ​តាំង​ពិព័រណ៍​ ដែល​ជា​ការ​ស្នើ​សុំ​របស់​សារមន្ទីរ​នៅ​អាម៉េរិក​នោះ​ ​ជា​ឱកាស​នៃ​ការ​ផ្សព្វ​ផ្សាយ​ពី​សិល្បៈដ៏​អស្ចារ្យ​របស់​​ខ្មែរ ពិសេស​សិល្បៈ​សម័យ​ភ្នំ​ដា​ ដែល​ជា​សម័យ​មុន​អង្គរ​។ បន្ថែម​ពី​នោះ​ ជា​ឱកាស​មួយ​នៃ​ការ​ភ្ជាប់​ទំនាក់​ទំនង ​រវាង​សារមន្ទីរ​សិល្បៈ​ក្លេវើឡេន ជា​មួយ​សារមន្ទីរ​ជាតិ​កម្ពុជា​ ដើម្បី​ធ្វើ​ការ​ងារ​រួម​គ្នា​ទៅ​ថ្ងៃ​មុខ​ទៀត​។ ជាង​នោះ​ទៅ​ទៀត​ លោក វិសុទ្ធ ថា​នេះ​ជា​ផ្នែក​មួយ​ដែល​សារមន្ទីរ​ទាំង​ពីរ​ បាន​រៀន​សូត្រ​ពី​គ្នា​សម្រាប់​ការ​ងារ​​​វេច​ខ្ចប់។
  

                រូបពីសារមន្ទីរជាតិកម្ពុជា

លោក វិសុទ្ធ បញ្ជាក់​៖«យើង​​រំពឹង​ថាថ្ងៃ​ក្រោយ​ យើង​អាច​នឹង​មាន​ការ​ងារ​ច្រើន ​ដែល​ត្រូវ​ធ្វើ​ជា​មួយ​គ្នា​បន្ត​ទៀត​។ ​គេ​អាច​មាន​លទ្ធភាព​ប្រគល់​រូប​អ្វី​ផ្សេង​ទៀត មក​ដល់​យើងក៏​ថា​មិន​បាន។ តែ​នេះ​ជា​ច្រក​មួយ ដែល​យើង​កំពុង​ពង្រឹង។​ វត្ថុ​​ទាំង​នោះ​មានទំហំ​ធំ ពិសេសស្នាន​ទ្រោណី ដោយ​មាន​​​ទំងន់​ដល់​ទៅ​រាប់​តោន ដែល​កម្រ​មាន​អ្នក​ខ្ចី​យក​ទៅ​តាំង​ពិព័រណ៍ណាស់​»​។ 
 
ប្រធាននាយក​ដ្ឋាន​​សារមន្ទីរ​រូប​នេះ​បន្ថែម​ទៀត​ថា ខាង​សារមន្ទីរ​នៅ​សហរដ្ឋ​អាម៉េរិក​  ស្នើ​​សុំ​រូប​មុនសម័យ​អង្គរ​ ដោយ​សារ​តែ​ទាក់​ទង​នឹង​បំណែក​មួយ​ចំនួន​ ដែលខាង​សារមន្ទីរ​ ធ្លាប់​​​ប្រគល់​មក​ឱ្យ​កម្ពុជា​។ 
  

                   រូបពីសារមន្ទីរជាតិកម្ពុជា

«​បំណែក​ជើង​នៅ​គេ ហើយ​រូប​នៅ​យើង។ ដូច្នេះ​គេ​ក៏​ចង់​ផ្សព្វ​ផ្សាយ​ពី​សិល្បៈ​ក្នុង​សម័យ​កាល​នោះ ដោយ​ភាគ​ច្រើន​ទាក់​ទង​នឹង​ព្រះ​នារាយណ៍​។ កន្លង​​មក​គេ​ធ្លាប់​បាន​ប្រគល់​រូប​មួយ​ចំនួន​មក​ស្រុក​ខ្មែរ​វិញ»។ នេះ​ជា​ការ​ពន្យល់​របស់​លោក វិសុទ្ធ​។
 
សមុច្ច័យ​ទាំង​៨នោះ​រួម​មាន​ លិង្គ​មក​ពី​សារមន្ទីរ​អង្គរ​បុរី នៃខេត្ត​តាកែវ​។ ដោយ​ឡែក​រូប​នាង​ទុគ៌ា ព្រះ​នារាយណ៍ ព្រះក្រឹស្ណៈទ្រភ្នំគោវធ៌ន ព្រះ​ពុទ្ធ​ទ្រង់អភ័យ​មុទ្រា ស្នាន​ទ្រោណី​ ពលរាម និង​ដង​ខ្លួន​ព្រះក្រឹស្ណៈទ្រភ្នំ​គោវធ៌ន នៅ​សារមន្ទីរ​ជាតិ​ផ្ទាល់​តែ​ម្ដង​។ 
 
ដំណើរ​ការ​នៃ​ការ​វេច​ខ្ចប់​រូបសិល្បៈ​ទាំង​​នោះ​ ធ្វើ​ឡើង​អស់​រយៈ​ពេល​៥​ថ្ងៃ​ ដោយ​មន្ត្រី​ និង​បុគ្គលិក​សារមន្ទីរ​ជាតិ សហការ​ជា​មួយ​ក្រុម​ហ៊ុន​ថូម៉ាស។ ដំណើរ​ការ​នោះ​រួម​មាន​ការ​សម្អាត និង​ជួស​ជុល​រូប​ ការ​បន្ថែម​ពណ៌ ការ​លើក​ដាក់​កេស​ ការ​រៀប​ចំ​ដាក់​ស្នោ​ទប់​ និង​​ដាក់​ក្រដាស​ការ​ពារ​សំណើម​នៅ​ក្នុង​កេស​ ការ​ឃុំ​បេ និង​បិទ​គំនូស​សញ្ញា​នានា​ជា​ដើម​។ នេះ​​ជា​លើក​ទី​មួយហើយ​ ​ដែល​សារមន្ទីរ​ជាតិ​កម្ពុជា វេច​ខ្ចប់​វត្ថុ​បុរាណ​ ដោយ​មិន​មាន​អ្នក​ជំនាញ​បរទេស​ជួយ​។
  

                    រូបពីសារមន្ទីរជាតិកម្ពុជា

សូម​បញ្ជាក់​ថា ​គិត​ចាប់​ពី​​ឆ្នាំ​១៩៦៣​ មក​ដល់​ឆ្នាំ​២០១៩ មានប្រទេសជាង​១០​បាន​​ខ្ចី​រូប​សិល្បៈ​ពីកម្ពុជាទៅ​តាំង​ពិព័រណ៍ ​និងសរុប​​ចំនួន​​២២​លើក។ រូបសិល្បៈកម្ពុជា ត្រូវ​បានខ្ចីយកទៅ​តាំង​នៅ​សហរដ្ឋ​អាម៉េមេរិក​ច្រើន​ជាង​គេ ហើយមាននៅបារាំង អាល្លឺម៉ង អូស្ត្រាលី សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន កូរ៉េ និង​ចិនជា​ដើម​៕​
 

Tag:
 វប្បធម៌​
  វត្ថុ​បុរាណ​
  សារមន្ទីរ​ជាតិ​
  ពិព័រណ៍​
  សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com