COVID-19
ជាតិ
សេដ្ឋកិច្ច
កម្ពុជា បើកឱ្យផ្ដល់ទិដ្ឋាការទេសចរណ៍ឡើងវិញ ក្រោយផ្អាកដោយសារកូវីដ-១៩
22, Oct 2021 , 12:02 pm        
រូបភាព
ភ្នំពេញ ៖ រដ្ឋាភិបាល សម្រេចផ្ដល់ទិដ្ឋាការទេសចរណ៍ឡើងវិញ ដើម្បីសម្រួលដល់អ្នកដំណើរចូលមកកម្ពុជា ក្រោយផ្អាកជាច្រើនខែ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។



រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានបញ្ជាក់ថា ការសម្រេចផ្ដល់ទិដ្ឋាការ ដោយយោងតាមការវិវឌ្ឍកាន់តែប្រសើរឡើង នៃស្ថានភាពទប់ទល់នឹងជំងឺកូវីដ-១៩ នៅកម្ពុជា ខណៈរដ្ឋាភិបាលបានសម្រេចបើកប្រទេសឡើងវិញជាបណ្ដើរៗ និងតាមដំណាក់កាលជាមួយភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ដោយបានសម្រួលលក្ខខណ្ឌគោលការណ៍ នៃការផ្ដល់ទិដ្ឋាការ និងរបបនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា។
 
«បើកឱ្យមានការផ្ដល់ឡើងវិញនូវទិដ្ឋាការទេសចរណ៍ ដែលត្រូវបានផ្អាក ក្រោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីអាចទទួលភ្ញៀវបរទេស និងភ្ញៀវទេសចរណ៍ទូទៅ និងដាក់ឱ្យដំណើការឡើងវិញ នូវគោលការណ៍លើកលែងទិដ្ឋាការ (Visa Exemption) «។ នេះបើតាមរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ប្រាប់ទៅអគ្គរាជទូត និងកុងស៊ុលកម្ពុជា ប្រចាំបរទេស កាលពីថ្ងៃទី២០ តុលា ។
 
បន្ថែមពីនេះ រដ្ឋាភិបាល ក៏ដាក់ឱ្យដំណើការឡើងវិញ នូវការស្នើសុំទិដ្ឋាការ តាមប្រព័ន្ធអេឡិចត្រូនិក (e-Visa) ដើម្បីសម្រួលដល់អ្នកដំណើរមកកម្ពុជា ប៉ុន្តែនៅបន្តផ្អាកការផ្ដល់ទិដ្ឋាការនៅពេលមកដល់ (Visa On Arrival ) ។ 
 
បន្ថែមពីនេះ គណៈកម្មាការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរ ស្របតាមគន្លងប្រក្រតីភាពថ្មី។ នេះបើតាមរដ្ឋមន្រ្តីក្រសួងការបរទេស ៕
 

Tag:
 ប្រាក់ សុខុន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com