អន្តរជាតិ
អង្គការសហប្រជាជាតិអនុម័តយន្តការច្បាប់ដើម្បីការពារអ្នកការពារបរិស្ថាន
04, Nov 2021 , 8:29 am        
រូបភាព
រូបឯកសារ៖ បាតុករ​ធ្វើបាតុកម្ម​នៅ​ទីក្រុង Bucharest ប្រទេស​រូម៉ានី កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (AP)
រូបឯកសារ៖ បាតុករ​ធ្វើបាតុកម្ម​នៅ​ទីក្រុង Bucharest ប្រទេស​រូម៉ានី កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (AP)
ដោយ: VOA
ប្រទេសចំនួន៤៦និងសហភាពអឺរ៉ុបបានអនុម័តយន្តការដែលចងកាតព្វកិច្ចផ្លូវច្បាប់នៅក្រោមអនុសញ្ញា Aarhus ដើម្បីការពារអ្នកការពារបរិស្ថានដែលប្រថុយនឹងការបំពាន និងគ្រោះថ្នាក់ដោយសារការងាររបស់ពួកគេ។

 
អនុសញ្ញា Aarhus ត្រូវបានអនុម័តនៅក្នុងឆ្នាំ១៩៨៨ ក្នុងទីក្រុង Aarhus ប្រទេសដាណឺម៉ាកក្រោមការជួយជ្រោមជ្រែងពីគណៈកម្មាការសេដ្ឋកិច្ចអង្គការសហប្រជាជាតិសម្រាប់អឺរ៉ុប (UNECE)។ អនុសញ្ញានេះជាសន្ធិសញ្ញាចងកាតព្វកិច្ចផ្លូវច្បាប់ជាសាកលពាក់ព័ន្ធនឹងក្តីបារម្ភសិទ្ធិមនុស្ស និងបរិស្ថាន។
 
ទោះជាយ៉ាងនេះក្តី ក្រុមមន្ត្រីអង្គការសហប្រជាជាតិនិយាយថា សិទ្ធិជាច្រើនដែលត្រូវបានធានានៅក្រោមសន្ធិសញ្ញានេះកំពុងត្រូវបានគេបំពាន។ អ្នកស្រី Olga Algayerova លេខាធិការប្រតិបត្តិនៃគណៈកម្មការ UNECE ថ្លែងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានរបាយការណ៍ជាច្រើនថា សិទ្ធិទាំងនេះមិនត្រូវបានគេគោរព។ អ្នកស្រី Olga Algayerova ថ្លែងថា៖«យើងឃើញមាននិន្នាការកើនឡើង។ នោះគឺនិន្នាការដែលអ្នកការពារបរិស្ថានរស់នៅក្រោមការគំរាមកំហែងពីការសងសឹក និងស្ថិតក្នុងភាពភ័យខ្លាចដល់អាយុជីវិតរបស់ពួកគេ ជាពិសេសនៅពេលដែលពួកគេនិយាយប្រឆាំងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ។ គ្មាននរណាម្នាក់គួររស់នៅក្នុងភាពភ័យខ្លាចចំពោះការក្រោកឈរដើម្បីបរិស្ថាន និងទីកន្លែងដែលពួកគេរស់នៅនោះទេ»។
 
គណៈកម្មការ UNECE និយាយថា អ្នកការពារបរិស្ថានត្រូវបានគំរាមកំហែង បៀតបៀន បំភិតបំភ័យ និងថែមទាំងសម្លាប់ ដោយសារតែការតវ៉ាប្រឆាំងនឹងការសាងសង់ទំនប់គ្រោះថ្នាក់ដែលប៉ះពាល់ដល់ការធ្វើកសិកម្ម និងគម្រោងបំផ្លិចបំផ្លាញបរិស្ថានផ្សេងៗទៀត។
 
កិច្ចព្រមព្រៀងថ្មីបង្កើតឱ្យមានតួនាទីអ្នករាយការណ៍ពិសេសអំពីអ្នកការពារបរិស្ថាន។ មន្ត្រីនឹងអាចផ្តល់ការឆ្លើយតបលឿនរហ័សចំពោះការបំពានដែលត្រូវបានចោទប្រកាន់ដូចមានចែងក្នុងអនុសញ្ញា Aarhus។
 
អ្នកស្រី Mary Lawlor អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សថ្លែងថា ការបង្កើតឱ្យមានយន្តការឆ្លើយតបលឿនរហ័សនេះអាចមានប្រយោជន៍ខ្លាំងសម្រាប់អ្នកការពារបរិស្ថាន។អ្នកស្រី Mary Lawlor បានថ្លែងថា៖«ដូចខ្ញុំបានបង្ហាញក្នុងរបាយការណ៍របស់ខ្ញុំទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅដើមឆ្នាំនេះអ៊ីចឹង ៥០% នៃអ្នកការពារសិទ្ធិមនុស្សដែលត្រូវបានសម្លាប់ ដូចដែលមាននៅក្នុងកំណត់ត្រាដោយការិយល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងឆ្នាំ២០១៩ គឺពួកគេទាំងនោះធ្វើការជាមួយនឹងសហគមន៍នានាដែលមានបញ្ហាដីធ្លី បរិស្ថាន សកម្មភាពអាជីវកម្ម ភាពក្រីក្រ និងការរស់នៅរបស់ជនជាតិដើមភាគតិច អ្នកមានកំណើតពីទ្វីបអាហ្វ្រិក និងជាតិសាសន៍ភាគតិចផ្សេងទៀត»។
 
របាយការណ៍មួយចេញផ្សាយដោយអង្គការ Global Witness កាលពីឆ្នាំមុនបានរកឃើញថា ក្នុងចំណោមអ្នកការពារសិទ្ធិមនុស្សជាង ៣០០នាក់ដែលត្រូវបានសម្លាប់ ៧០% ជាអ្នកការពារបរិស្ថាន។
 
កិច្ចព្រមព្រៀងថ្មីនេះបង្ហាញពីយន្តការជាច្រើនដែលអ្នករាយការណ៍ពិសេសអាចប្រើបាន ដើម្បីដោះស្រាយពាក្យបណ្តឹង និងការពារអ្នកការពារបរិស្ថានឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាព។ យន្តការទាំងនោះរួមមាន ការចេញវិធានការការពារបន្ទាន់ ការប្រើប្រាស់មធ្យោបាយការទូត ការចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ និងការនាំយកករណីបន្ទាន់ទៅឱ្យស្ថាប័នសិទ្ធិមនុស្សពាក់ព័ន្ធ ដើម្បីចាត់វិធានការ៕
 
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

© រក្សាសិទ្ធិដោយ thmeythmey.com