ជាតិ
សេដ្ឋកិច្ច
បិទគេហទំព័រចំនួន​៧៩ដែល​ផ្តល់​សេវាល្បែង​ស៊ីសងអនឡាញនៅកម្ពុជា
16, Nov 2021 , 7:59 pm        
រូបភាព
ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា បានបិទគេហទព័រចំនួន ៧៩ បន្ទាប់ពីរកឃើញថាបានធ្វើប្រតិបត្តិការ និងផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញនៅកម្ពុជា។  ​យោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៦ ខែវិច្ឆិកានេះ របស់និយ័តករទូរគមនាគមន៍កម្ពុជា ចាត់ទុកថា ​ ការធ្វើប្រតិបត្តិការ និងផ្តល់សេវាលេងល្បែងស៊ីសងអនឡាញនេះ  បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល និយ័តករទូរគមនាគមន៍កម្ពុជា បន្តអះអាងថា ​ខ្លួន នឹងបន្តសហការជាមួយអគ្គស្នងការនគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់​រាល់គេហទំព័រដែលធ្វើប្រតិបត្តិការ និងផ្តល់សេវាលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ នៅកម្ពុជា។ 
 
 
ទន្ទឹមនឹងនេះ និយ័តករទូរ​គមនាគមន៍កម្ពុជា ក៏អំពាវនាវឱ្យសាធារណជន រាយការណ៍នូវគេហទំព័រណាដែលបាន និងកំពុងធ្វើប្រតិបត្តិការ ឬផ្តល់សេវាលេងល្បែងស៊ីសង តាមអនឡាញនៅកម្ពុជា ទៅកាន់និយ័តករទូរគមនាគមន៍កម្ពុជា តាមលេខទូរសព្ទ ៦៧៨៩ ឬតាមបណ្តាញសង្គមរបស់និយ័តករទូរគមនាគមន៍កម្ពុជា https://www.facebook.com/www.trc.gov.kh/ ។ ការរាយការណ៍ នឹងត្រូវរក្សាជាការសម្ងាត់ផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់និយ័តករទូរគមនាគមន៍កម្ពុជា។ ​នេះ ជាគេហទំព័រផ្តល់សេវាលេងល្បែងតាមអនឡាញ ដែលនិយ័តករទូរគមនាគមន៍កម្ពុជាបានបិទ  https://www.facebook.com/www.trc.gov.kh/posts/2350225531774315



Tag:
 ល្បែងអនឡាញ
 គេហទំព័រ
 និយ័តករទូរគមនាគមន៍កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com