កីឡាជាតិ
ជាតិ
ទ័ព បញ្ចប់កិច្ចសន្យាលោក Lee Tae Hoon ពីចាត់ការក្លិប ក្រោយដឹកនាំជាង៤ខែ
18, Nov 2021 , 4:59 pm        
រូបភាព
ក្លិបកងយោធពលខេមរភូមិន្ទ បានបញ្ចប់កិច្ចសន្យាលោក Lee Tae Hoon ពីតួនាទីអ្នកចាត់ការ ក្រោយដឹកនាំបានជាង៤ខែ។ លោក Lee Tae Hoon ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មី របស់ក្លិបកងយោធពលខេមរភូមិន្ទ ជាផ្លូវការ ដោយចុះកិច្ចសន្យារយៈពេល២ឆ្នាំ នៅថ្ងៃទី១ មិថុនា។

 
ជាង៤ខែមកនេះ លោក Lee Tae Hoon បានដឹកនាំក្រុម បាន១៣ប្រកួត ដោយក្នុងនោះ ឈ្នះ៤ ស្មើ២ និងចាញ់៧ប្រកួត ដែលហាក់ដូចជាមិនសូវល្អសោះ សម្រាប់ការប្រកួតនៅក្នុងក្របខណ្ឌពានរង្វាន់មិត្តហ្វូនខេមបូឌាលីគ និងពានរង្វាន់សម្ដេច ហ៊ុន សែន នាឆ្នាំ២០២១។ បច្ចុប្បន្ននេះ ក្រុមកងយោធពលខេមរភូមិន្ទ មាន២២ ឈរនៅលេខ៧ នៃពានរង្វាន់មិត្តហ្វូន ខណៈការប្រកួតនៅសល់តែ១ប្រកួតទៀតប៉ុណ្ណោះ។
 
មុនមកដឹកនាំក្លិបកងយោធពលខេមរភូមិន្ទនេះ លោក Lee បានទៅដឹកនាំក្លិប HOANG ANH Gia Lai FC នៅក្របខណ្ឌលីគទី១ របស់វៀតណាម រយៈពេល១រដូវកាល គឺ២០១៩-២០២០  ដោយកាន់តួនាទី ជានាយកបច្ចេកទេសក្លិប។
 
គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះ ក៏ជាអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជាផងដែរ។ លោក Lee ធ្លាប់បានដឹកនាំជម្រើសជាតិកម្ពុជា ចាប់ពីឆ្នាំ២០១០-២០១២ ។ ក្រោយមកគ្រូបង្វឹកវ័យ៦១ឆ្នាំរូបនេះ ត្រូវបានតែងតាំងដឹកនាំជម្រើសជាតិកម្ពុជា ម្ដងទៀតនៅឆ្នាំ២០១៣ ដល់២០១៦ មុននឹងមកដឹកនាំជម្រើសជាតិអាយុក្រោម១៥ឆ្នាំ ពីឆ្នាំ ២០១៦ ដល់២០១៨។ លោក Lee ក៏ជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់នារីកូរ៉េខាងត្បូង នៅឆ្នាំ២០០៥ និង២០០៩ ផងដែរ៕
 

Tag:
 Lee Tae Hoon
© រក្សាសិទ្ធិដោយ thmeythmey.com