ជាតិ
សេដ្ឋកិច្ច
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ត្រៀមថវិកាជិត ៣លានដុល្លារ ដើម្បីអភិរក្សសត្វព្រៃនៅកម្ពុជា
20, Nov 2021 , 10:29 pm        
រូបភាព
ជំនួបរវាង កញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាមួយ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម ពីកិច្ចព្រមព្រៀងអនុវត្តគម្រោងផ្ដល់ការការពារសត្វព្រៃនៅកម្ពុជា។ រូបភាពពី ទ
ជំនួបរវាង កញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាមួយ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម ពីកិច្ចព្រមព្រៀងអនុវត្តគម្រោងផ្ដល់ការការពារសត្វព្រៃនៅកម្ពុជា។ រូបភាពពី ទ
ភ្នំពេញ៖ នៅថ្ងៃទី១៥ វិច្ឆិកានេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះកិច្ចព្រមព្រៀងលើគម្រោង «កម្មវិធីសង្រ្គោះ និងថែរក្សាសត្វព្រៃ» ក្នុងគោលបំណងផ្ដល់ការការពារសត្វព្រៃនៅកម្ពុជា។ គម្រោងនេះ មានរយៈពេលបីឆ្នាំ ដោយប្រើប្រាស់កញ្ចប់ថវិកាជិត ៣លានដុល្លារ។


អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ចុះកិច្ចព្រមព្រៀងអនុវត្តគម្រោង«កម្មវិធីសង្រ្គោះ និងថែរក្សាសត្វព្រៃ» លើការផ្ដល់ការការពារសត្វព្រៃ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅទីស្ដីការក្រសួងកសិកម្ម រវាង កញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម។
 
យោងតាមការចេញផ្សាយរបស់ក្រសួងកសិកម្ម គម្រោងផ្ដល់ការការពារសត្វព្រៃនេះ ធ្វើឡើងក្រោមគោលបំណងចម្បង៤ ដើម្បីការពារសត្វព្រៃតាមរយៈ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់, ការថែទាំសត្វព្រៃដែលបានជួយសង្គ្រោះ, ការស្ដារលទ្ធភាពសត្វព្រៃ និង ការអប់រំបរិស្ថាន។
 
បើតាមក្រសួងកសិកម្ម គម្រោងខាងលើនេះ នឹងប្រើប្រាស់កញ្ចប់ថវិកាសរុប ២ ៨២៣ ៤០០ ដុល្លារ។ ពាក់ព័ន្ធនឹងគម្រោងនេះ គឺអនុវត្តនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងគ្រប់ខេត្តក្រុងទាំងអស់ក្នុងប្រទេសកម្ពុជា ដោយអនុវត្តពីឆ្នាំ ២០២២-២០២៤ និងមានការចូលរួមអនុវត្តគម្រោង ពីរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ៕
  
 

Tag:
 ThmeyThmey25
  បរិស្ថាន
  អង្គការសម្ព័ន្ធមិត្តសត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com