ជាតិ
សេដ្ឋកិច្ច
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅពោធិ៍សាត់ តម្លៃជាង២០លានដុល្លារ ចាប់ផ្ដើមសាងសង់
13, Dec 2021 , 4:55 pm        
រូបភាព
ពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ធ្នូ ឆ្នាំ២០២១។ រូបថត៖ហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា
ពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ធ្នូ ឆ្នាំ២០២១។ រូបថត៖ហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា
ភ្នំពេញ៖ បណ្តាញផ្គង់ផ្គង់ទឹកស្អាតនៅក្នុងខេត្តពោធិ៍សាត់ តម្លៃជាង២០លានដុល្លារ ដែលជាជំនួយរដ្ឋាភិបាលប្រទេសជប៉ុន ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៣ ធ្នូ ។ បើតាមលោក អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បណ្តាញផ្គង់ផ្គង់ទឹកស្អាតនេះ​ នឹងដាក់ឱ្យដំណើរការនៅក្នុងខែសីហា ឆ្នាំ២០២៣។

 
 
 គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តពោធិ៍សាត់ ត្រូវបានបើកការសាងសង់​ ក្រោមវត្តមាន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ដោយបានបញ្ជាក់ថា គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ មានទំហំក្រោមទឹកសរុប២១,៩លានដុល្លារ ដែលជាជំនួយឥតសំណង់របស់រដ្ឋាភិបាលប្រទេសជប៉ុន។ 


លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា  រូបថត៖ ហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា 
 
 ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខាងលើ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ សង្ឃឹមថា គម្រោងនេះ នឹងត្រូវអនុវត្តដោយរលូន និងជោគជ័យ។ ជាពិសេសនឹងចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់។


 ពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ធ្នូ ឆ្នាំ២០២១។ រូបថត៖ហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា
 
ជាមួយនឹងគ្នានេះ លោក អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទថា គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តពោធិ៍សាត់ ដែលជាជំនួយរបស់ជប៉ុននេះ គ្រោងបញ្ចប់ការសាងសង់នៅអំឡុងខែសីហា ឆ្នាំ២០២៣។ បើតាមលោក សុថា  ប្រព័ន្ធផ្គត់ផ្គង់នេះមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជននៃខេត្តពោធិ៍សាត់ បានប្រមាណ៦,៦ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។


ពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ធ្នូ ឆ្នាំ២០២១។ រូបថត៖ហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា
 
 លោក សុថា បន្តរៀបរាប់ថា ជំនួយរបស់ជប៉ុននេះ នឹងជួយជំរុញ​គោលនយោបាយ​​របស់​​រដ្ឋាភិ​បាល ​ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជា​ពលរដ្ឋ​នៅ​ទីប្រជុំ​ជនទូទាំងប្រទេស​ ឱ្យបាន១​០០ភាគរយ នៅ​ត្រឹមឆ្នាំ២០២៥ ខណៈបច្ចុប្បន្នកម្ពុជាទើបសម្រេចគោលដៅបានប្រមាណ៥១ភាគរយ។ អ្នកនាំពាក្យក្រសួងឧស្សាហកម្មរូបនេះ បាននិយាយដូច្នេះ៖ « ជប៉ុនជាប្រទេសផ្តល់ជំនួយដល់កម្ពុជាក្នុងវិស័យទឹកស្អាតហ្នឹង។ ជាក់ស្តែង ការផ្តល់ជំនួយជាង២០លានដុល្លារក្នុងការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ  គឺបានឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋនៅទីរួមខេត្តពោធិ៍សាត់និងតំបន់រណបនៃទីក្រុងពោធិ៍សាត់តែម្តង»៕ 

Tag:
 ទឹកស្អាត
  ពោធិ៍សាត់​
© រក្សាសិទ្ធិដោយ thmeythmey.com