ជាតិ
សម្តេច ហ៊ុន សែន៖ ការតភ្ជាប់តំបន់កីឡាជាមួយវិមានឈ្នះឈ្នះ តារាងវាយកូនហ្គោល និងកន្លែងកម្សាន្តផ្សេងៗ នឹងប្រែក្លាយតំបន់នេះជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ
18, Dec 2021 , 9:00 pm        
រូបភាព
ភ្នំពេញ៖ ការតភ្ជាប់តំបន់កីឡាជាមួយវិមានឈ្នះឈ្នះ តារាងវាយហ្គោល និងកន្លែងទេសចរណ៍កម្សាន្តផ្នែកទឹក រួមជាមួយសណ្ឋាគារផ្កាយប្រាំរបស់លោក លី យ៉ុងផាត់ នឹងធ្វើឲ្យតំបន់នេះក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ទេសចរជាតិ-អន្តរជាតិ។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន ពីចក្ខុវិស័យទេសចរណ៍ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី១៨ ខែធ្ន ឆ្នាំ២០២១។

 
ទន្ទឹមនឹងការលើកឡើងរបស់សម្តេច ហ៊ុន សែន លោក ថោង រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ការប្រែក្លាយពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សារភ្ជាប់ជាមួយវិមានឈ្នះ-ឈ្នះ រមនីយដ្ឋានសួនសត្វសាហ្វារីភ្នំពេញ តារាងកូនហ្គោល Garden City និងតំបន់ជុំវិញ ជាមេដែក និងជានិមិត្តរូបគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀត។ លោក បន្តថា នេះជាគោលដៅសំខាន់មួយ ក្នុងគោលការណ៍គ្រប់គ្រងពហុកីឡដ្ឋានជាតិមរតកតេជោ ឈរលើមូលដ្ឋានគ្រឹះសំខាន់ៗចំនួន៥ ដូចជា សោភ័ណភាព សន្សំសំចៃ កៀរគរចំណូល និងទាក់ទាញចំណាប់អារម្មណ៍កីឡា និងទេសចរណ៍។
 
វិមានឈ្នះឈ្នះ ស្ថិតនៅប៉ែកខាងជើងនៃរាជធានីភ្នំពេញ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។ ក្នុងនោះវិមានកីឡដ្ឋាន បានចាប់ផ្តើមសាងសង់នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ លើទំហំផ្ទៃដីជាង១៦ហិកតា និងបានបញ្ចប់ការសាងសង់នៅថ្ងៃទីទី៣១ ខែឧសភា ឆ្នាំ២០២១។ 
 
កីឡដ្ឋាននេះ អាចផ្ទុកអ្នកទស្សនាបាន៦ម៉ឺននាក់ និងអាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោកផងដែរ។ ពិសេសកីឡដ្ឋាននេះនឹងក្លាយជា ទីប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមលើកទី៣២ នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ៕ 
 

Tag:
 ថ្មីៗ
  សម្តេច ហ៊ុន សែន
  វិមានឈ្នះឈ្នះ
  វិមានកីឡដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com