ជាតិ
ការធ្វើអាជីវកម្មព្រៃឈើ និងអាជីវកម្មដីហួសហេតុ កំពុងផ្សោះផែនដីហើយ
19, Dec 2021 , 10:00 am        
រូបភាព
ភ្នំពេញ៖ ធនធានរបស់ភពផែនដីមិនអាចបង្កើនឱ្យបានច្រើនទេ ប៉ុន្តែតម្រូវការរបស់យើងកាន់តែច្រើនឡើងៗ។ ហេតុនេះ មនុស្សយើងកំពុងផ្សោះភពផែនដី តាមរយៈការធ្វើអាជីវកម្មព្រៃឈើ និងអាជីវកម្មដីហួសហេតុ ដើម្បីបំពេញតម្រូវការរស់នៅ។




ព្រៃឈើ ជាមជ្ឈដ្ឋានជីវិតសំខាន់ណាស់ សម្រាប់រក្សាលំនឹងធម្មជាតិ ជាពិសេសប្រព័ន្ធអេកូឡូស៊ី។ វាជាជម្រករបស់សត្វគ្រប់ប្រភេទ និងរុក្ខជាតិស្ទើរតែពាក់កណ្តាល។ ប៉ុន្តែព្រៃឈើត្រូវហិនហោច ដោយសារសកម្មភាពមនុស្ស ហើយជាទូទៅ គោលដៅរបស់ពួកគេ គឺប្រមូលប្រាក់ធ្វើជាអ្នកមាន ឬក៏គ្រាន់តែបំពេញប្រាក់ចំណូលប៉ុណ្ណោះ។ បើតាមសៀវភៅខ្ញុំចង់ដឹង របស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា «បរិស្ថានយើង» ការកាប់ព្រៃឈើដោយមិនគិតពីរយៈពេលចាំបាច់ដើម្បីទុកពេលឱ្យព្រៃឈើនោះដុះឡើងវិញ និងការកាប់ព្រៃឈើដោយគ្មានការត្រួតពិនិត្យនិងការគ្រប់គ្រង ហៅថា ការធ្វើអាជីវកម្មព្រៃឈើហួសហេតុ។ 
 
លើសពីនេះ នៅពេលគេកាប់ព្រៃឈើទាំងស្រុង គេហៅថា ព្រៃត្រូវបានគេគាស់រាន។ មនុស្សកាប់ព្រៃ ដោយមូលហេតុផ្សេងៗគ្នា។ អ្នកខ្លះកាប់ដើម្បី បានឈើល្អ ឬឈើប្រណិតអាច ធ្វើលំនៅដ្ឋាន និងគ្រឿងសង្ការិម ហើយឈើអន់សម្រាប់ធ្វើអុសដុត។ អ្នកខ្លះទៀតគាស់រានព្រៃទ្រង់ទ្រាយធំ ដើម្បីបានទីវាលធំៗសម្រាប់លក់ ឬសម្រាប់ដាំដុះ។ ជាមួយគ្នានេះដែរ កំណើនប្រជាជនដ៏ច្រើនលើសលប់ ក៏ជាមូលហេតុមួយនៃការបំផ្លាញព្រៃឈើដែរ ព្រោះប្រជាជនត្រូវការកន្លែងកាន់តែច្រើនដើម្បីសាងសង់លំនៅដ្ឋាន ពង្រីកទីក្រុង និងសាងសង់ផ្លូវថ្នល់។
 
ចំពោះការធ្វើអាជីវកម្មដីហួសហេតុ បណ្តាលមកពីការធ្វើកសិកម្មច្រើនមានលក្ខណៈអតិផល។ ការធ្វើកសិកម្មអតិផល ជាការដាំដុះឱ្យទទួលបានអតិបរមា ប៉ុន្តែវាមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើបរិស្ថាន ព្រោះវាត្រូវការឱ្យប្រើគីមីច្រើន និងថ្នាំសម្លាប់សត្វចង្រៃច្រើន។ វាបង្កើនឧស្ម័នផ្ទះកញ្ចក់ ដូចជាឧស្ម័នកាបូនិច និងមេតាន ដែលបំផ្លាញធម្មជាតិ។ វាធ្វើឱ្យប្រែប្រួលជម្រកធម្មជាតិរបស់សត្វ ចំណែកដីត្រូវហូរច្រោះពេលមានភ្លៀងធ្លាក់។ ជាពិសេសនៅពេលចម្ការមានផ្ទៃដីធំធេង និងលែងមានដើមឈើសម្រាប់ទប់ទឹក និងដី៕
 

Tag:
 ថ្មីៗ២៥
  អង្គការស៊ីប៉ា
  ខ្ញុំចង់ដឹង
  បរិស្ថានយើង
© រក្សាសិទ្ធិដោយ thmeythmey.com