ជាតិ
ជប៉ុន ផ្តល់រថយន្តប្រមូលសំរាម១០គ្រឿង ដើម្បីចូលរួមការពារបរិស្ថាននៅកម្ពុជា
19, Dec 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ ជប៉ុន បានផ្តល់រថយន្តប្រមូលសំរាមចំនួន ១០គ្រឿង ជូនក្រសួងបរិស្ថាន លើគម្រោង Kusanone ដែលជាគម្រោងជំនួយឥតសំណង។ រថយន្ត១០ទាំងនេះ នឹងផ្តល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន១០ខេត្ត ដើម្បីរួមចំណែកក្នុងការប្រែក្លាយកម្ពុជាប្រកបដោយបរិស្ថានស្អាត។


ការគ្រប់គ្រងសំរាម ជារឿងចាំបាច់បំផុតក្នុងការរស់នៅប្រចាំថ្ងៃ ប្រកបដោយអនាម័យល្អ និងផាសុកភាព។ ផ្ទះ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងតាមបណ្តោយផ្លូវជាតិនានា សុទ្ធតែត្រូវមើលថែ និងការពារការបោះចោលសំរាមផ្តេសផ្តាស គ្មានសណ្តាប់ធ្នាប់ និងគ្មានការវិចខ្ចប់ត្រឹមត្រូវ។ ការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចគាំពារបរិស្ថាន។ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកឡើងថា ក្រសួងបរិស្ថានចាំបាច់ត្រូវចេញគោលដៅ ប្រព័ន្ធគ្រប់គ្រង ផែនការយុទ្ធសាស្រ្ត លិខិតបទដ្ឋានគតិយុត្តិ ដើម្បីចង្អុលបង្ហាញលើការងារគ្រប់គ្រងបញ្ហាសំរាម និងសំណល់រឹង។
  

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើគម្រោង Kusanone ផ្តល់រថយន្តប្រមូលសំរាមពីប្រទេសជប៉ុនចំនួន១០ គ្រឿង 

ទន្ទឹមនេះ តម្រូវការសម្ភារៈ និងការចូលរួមរបស់ប្រជាពលរដ្ឋ ជាកត្តាសំខាន់នាំដល់ភាពជោគជ័យក្នុងការគ្រប់គ្រងបញ្ហានេះ។ ដូច្នេះ ដើម្បីរួមចំណែកកិច្ចគាំពារបរិស្ថាន ស្ថានទូតជប៉ុនបានផ្តល់រថយន្តដឹកសំរាមចំនួន១០គ្រឿង ដល់ក្រសួងបរិស្ថាន ដើម្បីផ្តល់ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន១០ខេត្ត។ លោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងក្នុងពិធីចុះហត្ថលេខាលើគម្រោង Kusanone កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១ ដូច្នេះ ការគ្រប់គ្របងសំរាម សំណល់រឹង គឺជារឿងស្មុគស្មាញ និងពិបាក ហើយត្រូវការពេលវេលាដើម្បីបណ្ដុះការយល់ដឹង និងការចូលរួមពីប្រជាពលរដ្ឋ។ ដោយឡែក ការគ្រប់គ្រងសំរាម សំណល់រឹង កំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មកាន់តែប្រសើរឡើងនៅកម្ពុជា។ 
 
ឯកអគ្គរាជទូតជប៉ុនរូបនេះ សង្ឃឹមថា ការផ្តល់ជូនរថយន្តនេះ នឹងរួមចំណែកក្នុងដំណើរប្រែក្លាយកម្ពុជាប្រកបដោយបរិស្ថានស្អាត។ ជាមួយគ្នាដែរ លោក សាយ សំអាល់ បង្ហាញក្តីរីករាយយ៉ាងខ្លាំងចំពោះការគាំទ្ររបស់ជប៉ុនលើកិច្ចគាំពារបរិស្ថាន។ ជាពិសេស ការគាំទ្រលើបេសកកម្មសំខាន់ៗមួយចំនួនរបស់ក្រសួងបរិស្ថាន ដូចជា កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងធនធានធម្មជាតិ រួមទាំងការរស់នៅប្រកបដោយចរីភាព។ រដ្ឋមន្រ្តីក្រសួងបរិស្ថានរូបនេះ មានសុទិដ្ឋិនិយមថា នារយៈពេល ៥ឆ្នាំខាងមុខ កម្ពុជាច្បាស់នឹងប្រែមុខមានត់ថ្មី ដែលមានបរិស្ថានល្អ៕ 
 

Tag:
 ថ្មីៗ
  បរិស្ថាន
  ក្រសួងបរិស្ថាន
  រថយន្តប្រមូលសំរាម
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com