កីឡាជាតិ
ជាតិ
កម្ពុជាបង្កកប្រាក់៨លានដុល្លារក្នុង១ឆ្នាំ ដើម្បីទុករៀបចំព្រឹត្តិការណ៍ស៊ីហ្គេម
18, Dec 2021 , 11:30 pm        
រូបភាព
ប្រមុខរដ្ឋាភិបាលកម្ពុជា នាពិធីសម្ពោធផ្លូវការដាក់ឱ្យប្រើប្រាស់ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានមរតកតេជោ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ រូបភាពពីទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន។
ប្រមុខរដ្ឋាភិបាលកម្ពុជា នាពិធីសម្ពោធផ្លូវការដាក់ឱ្យប្រើប្រាស់ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានមរតកតេជោ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ រូបភាពពីទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន។
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានបង្កកថវិកាប្រមាណ ៨លានដុល្លារក្នុង១ឆ្នាំ ដើម្បីត្រៀមរៀបចំ ព្រឹត្តិការណ៍ស៊ីហ្គេម ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ នេះជាការលើកឡើង របស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់​ ជាផ្លូវការនូវពហុកីឡដ្ឋានមរតកតេជោ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។



សម្ដេច ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា៖ «៤ឆ្នាំមកហើយ ដែលយើងបង្កក ក្នុង១ឆ្នាំ ៣០ពាន់លានរៀល។ ដូច្នេះ ១ឆ្នាំប្រមាណជា ៨លានដុល្លារសហរដ្ឋអាម៉េរិក។ យើងបានបង្កកចំនួន៤ឆ្នាំរួចមកហើយ ហើយពេលនេះទៅដល់ឆ្នាំ២០២៣ យើងមានពេលវេលា ដើម្បីបង្កកបន្ថែម សម្រាប់ការប្រកួត (ស៊ីហ្គេម ប៉ារ៉ាហ្គេម ឆ្នាំ២០២៣) មួយនេះ »។

ពាក់ព័ន្ធជាមួយថវិកា សម្រាប់ការរៀបចំស៊ីហ្គេម ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលរូបនេះ អំពាវនាវដល់ក្រុមហ៊ុន សហគ្រាសឯកជនទាំងអស់ ចូលរួមឧបត្ថម្ភគាំទ្រ ដល់មូលនិធិកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣។ ការអំពាវនាវរបស់សម្ដេចបែបនេះ ដើម្បីចូលរួមចំណែកទ្រទ្រង់ការចំណាយ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង។

ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានដាក់ចេញចក្ខុវិស័យតម្រង់ទិសបើកយុទ្ធនាការជាតិ អំពីការផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣​ ចំនួន៥ចំណុចផងដែរ។

ចក្ខុវិស័យតម្រង់ទិសទាំងនោះ តម្រូវ​ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះ។  ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្សព្វផ្សាយគ្រប់វេទិកា ដើម្បីស្វែងរកការឧបត្ថម្ភគាំទ្រពីអន្តរជាតិ។ ចំពោះគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ត្រូវមានស្មារតីទទួលខុសត្រូវ។

សូមជម្រាបផងដែរថា ពហុកីឡដ្ឋានមរតកតេជោ ជាជំនួយឥតសំណងពីសាធារណរដ្ឋចិន ក្រោយការសាងសង់អស់រយៈពេល៤ឆ្នាំ ក្រោមទំហំទឹកប្រាក់ប្រមាណ១៥០លានដុល្លារ។ ពហុកីឡដ្ឋាននេះ ស្ថិតនៅលើផ្ទៃដីជាង១៦ហិកតា និងអាចផ្ទុកមនុស្សបានប្រមាណ៦ម៉ឺននាក់។ ពហុកីឡដ្ឋានដ៏ធំមួយនេះ មានទីតាំងស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ៕


ពិធីបើកសម្ពោធផ្លូវការពហុកីឡដ្ឋានមរតកតេជោ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ រូបភាពពី ទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន។


Tag:
 ស៊ីហ្គេម
  សម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com