កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ ទោះបង្គ្រប់កិច្ច តែកម្ពុជាចង់ឈ្នះវៀតណាមជាប្រវត្តិសាស្ត្រ ដូច U18
19, Dec 2021 , 7:59 am        
រូបភាព
សៀង ចន្ធា ជាប្រធានក្រុម និងបានស៊ុត​បាល់បញ្ចូលទីមួយគ្រាប់ កាលដែល U18 ឈ្នះ U18 វៀតណាម ២-១ ជាប្រវត្តិសាស្ត្រ
សៀង ចន្ធា ជាប្រធានក្រុម និងបានស៊ុត​បាល់បញ្ចូលទីមួយគ្រាប់ កាលដែល U18 ឈ្នះ U18 វៀតណាម ២-១ ជាប្រវត្តិសាស្ត្រ
ដោយ: រួបរួម
កាលពីព្រឹត្តិការណ៍ AFF U18 Championship នាឆ្នាំ២០១៩ កម្ពុជា បានផ្តល់អនុស្សាវរីយ៍ ចុកចាប់សម្រាប់ម្ចាស់ផ្ទះ វៀតណាម ក្នុងលទ្ធផល ២-១ ដែលធ្វើឲ្យពួកគេខកឱកាសឡើងទៅកាន់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នាព្រឹត្តិការណ៍ AFF Suzuki Cup 2020 ដែលរៀបចំនៅសិង្ហបុរី ករណីអាចស្រដៀងគ្នា ដោយឈុតធំកម្ពុជា និងវៀតណាម ប៉ះគ្នាចុងក្រោយនៅក្នុងពូល B។ បើទោះបីជាហាលអាវទៅហើយក៏ដោយ កម្ពុជាសម្លឹងរកជ័យជម្នះលើកដំបូងជាប្រវត្តិសាស្ត្រ ខណៈវៀតណាម មិនអាចភ្លាត់ស្នៀតចាញ់នោះឡើយ ព្រោះត្រូវប្រជែងពិន្ទុរហូតដល់នាទីចុងក្រោយជាមួយឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។

 
នាវេលាម៉ោង ៧ និង៣០នាទី ល្ងាចថ្ងៃអាទិត្យ ទី១៩ ខែធ្នូ នេះ កម្ពុជា ត្រូវប៉ះវៀតណាម នាការប្រកួតចុងក្រោយក្នុងពូល B នៃពានរង្វាន់ AFF Suzuki Cup 2020 នាកីឡដ្ឋាន Bishan Stadium នៅសិង្ហបុរី ស្របពេលដែល ម៉ាឡេស៊ី តទល់ជាមួយឥណ្ឌូណេស៊ី នៅកីឡដ្ឋាន National Stadium។
 
ដោយសារមានតែ៣ពិន្ទុពីការប្រកួត៣លើកកន្លងមក វាគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះសម្រាប់កម្ពុជា ខណៈ វៀតណាម ត្រូវការប្រជែងពិន្ទុជាមួយឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ ឥណ្ឌូណេស៊ី និងវៀតណាម មាន៧ពិន្ទុដូចគ្នា ខណៈម៉ាឡេស៊ី មាន៦ពិន្ទុ។ វៀតណាមអាចខកឱកាសទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បើចាញ់កម្ពុជា ហើយម៉ាឡេស៊ី ឈ្នះឥណ្ឌូណេស៊ី ប៉ុន្តែរង់ចាំអ៊ុតមើលចំនួនគ្រាប់បាល់បញ្ចូលទីផងដែរ។
 
ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជា ត្រូវការឈ្នះក្នុងជំនួបនេះ ដើម្បីបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ។ ចាប់តាំងពីវៀតណាមខាងជើង និងខាងត្បូងរួមបញ្ចូលគ្នា កម្ពុជាមិនដែលឈ្នះទាល់តែសោះក្នុងការប្រកួតផ្លូវការគ្រប់កម្រិតអាយុ។ លទ្ធផល ២-១ របស់ U18 កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ជាជោគជ័យលើកដំបូងបំផុត និងមិនធ្លាប់មានពីមុនក្នុងការប្រកួតបាល់ទាត់រវាងកម្ពុជា និងវៀតណាម។
 
កាលពីព្រឹត្តិការណ៍ AFF U18 សៀង ចន្ធា ដែលជាប្រធានក្រុម បានស៊ុតបាល់បញ្ចូលទីនាំមុខលើ U18 វៀតណាម ហើយ Nguyen Kim Nhat តាមស្មើនៅនាទី ៩០+៣ មុនពេលដែល ធី លៀង នាំជ័យជម្នះជាប្រវត្តិសាស្ត្រ ២-១ នៅនាទី ៩០+៥ ។ នាពេលនោះ ក្រៅពី សៀង ចន្ធា សមាជិកផ្សេងទៀត ដូចជា សឿត ណាវ៉ា, អ៊ាន ពិសី និង មិន រតនៈ ក៏ស្ថិតក្នុងជម្រើសដំបូងផងដែរ ខណៈ វីរៈ ដារ៉ា, ស រតនា និង លឹម ពិសុទ្ធ ជាកីឡាករបម្រុង។
 
ប៉ុន្តែបើផ្អែកតាមលទ្ធផលនៃជំនួបឈុតធំក្នុងព្រឹត្តិការណ៍ AFF Suzuki Cup កម្ពុជា មានប្រវត្តិចាញ់វៀតណាមយ៉ាងធ្ងន់ធ្ងរ។ វៀតណាមបានឈ្នះ ៣-១ នៅឆ្នាំ១៩៩៦, ឈ្នះ ៦-០ នៅឆ្នាំ២០០០, ឈ្នះ ៩-២ នៅឆ្នាំ២០០២, ឈ្នះ ៩-១ នៅឆ្នាំ២០០៤, ឈ្នះ ២-១ នៅឆ្នាំ២០១៦ និងឈ្នះ ៣-០ នៅឆ្នាំ២០១៨។
 
សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមលេខ១ពូល B នឹងត្រូវប៉ះម្ចាស់ផ្ទះសិង្ហបុរី ដែលបានបញ្ចប់ចំណាត់ថ្នាក់លេខ២ពូល A ខណៈ ថៃ លេខ១ពូល A រង់ចាំស្វាគមន៍លេខ២ ពូល B៕
 

Tag:
 AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com