ជាតិ
ស្ទឹងត្រែង ទឹកដីព្រៃលិចទឹកប្លែកពីគេ
19, Dec 2021 , 1:49 pm        
រូបភាព
ភ្នំពេញ៖ ខេត្តស្ទឹងត្រែង ជាខេត្តកម្ពុជាមួយដែលស្ថិតនៅតាមដងទន្លេមេគង្គ ហើយផ្នែកខាងលើបំផុតជាប់ព្រំដែនឡាវ។ ពីក្រុងស្ទឹងត្រែង គេអាចចូលទៅប្រទេសឡាវតាមទន្លេមេគង្គ ឬតាមផ្លូវជាតិលេខ៧។ ខេត្តនេះ ជាទីចម្រុះជនជាតិយ៉ាងច្រើនប្រភេទដូចជា ឡាវ ចិន ចាម កាវ៉ែត លុន គ្រឹង ចារ៉ាយ ទំពួន កាឆុក និងកួយជាដើម។ ជាមួយគ្នានេះដែរ ខេត្តស្ទឹងត្រែង ក៏សម្បូរទៅដោយព្រៃលិចទឹកប្លែកពីគេ និងទីតាំងបេតិកភ័ណ្ឌសម្បូរបែប។


ខេត្តស្ទឹងត្រែង ស្ថិតនៅក្នុងតំបន់ខ្ពង់រាប និងភ្នំ ដែលមានផ្ទៃដីសរុប ១១ ០៩២ គីឡូម៉ែត្រការ៉េ។ ក្រុងស្ទឹងត្រែង ស្ថិតនៅតាមមាត់ទន្លេកុង ត្រង់កន្លែងដែលហូរចាក់ទៅទន្លេមេគង។

ខេត្តនេះមានចម្ងាយប្រហែល ៤៨០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង៥៧គីឡូម៉ែត្រព្រំដែនឡាវ។ បើតាមសៀវភៅខ្ញុំចង់ដឹង របស់អង្គការស៊ីប៉ា ដែលមានចំណងជើង«បរិស្ថានយើង» ទន្លេមេគង្គហូរកាត់ខេត្តស្ទឹងត្រែង ពីជើងទៅត្បូង ប្រវែងជាង ១រយគីឡូម៉ែត្រ។ ក្រៅពីនេះ នៅមានទន្លេ ៣ទៀត ដែលជាដៃទន្លេមេគង្គ គឺទន្លេកុង ទន្លេសាន និងទន្លេស្រែពក។ ផ្លូវទឹកទាំង៤នេះ រួមជាមួយព្រែក អូរ ដែលហូរខ្វាត់ខ្វែង ផ្តល់ភាពងាយស្រួលដល់នាវាចរណ៍ និងជាប្រភពទឹកយ៉ាងច្រើន។ ខេត្តនេះមានព្រៃឈើច្រើន ហើយមានព្រៃខ្លះនៅក្នុងពោះទន្លេមេគង្គទៀតផង។ 
 
អំណោយផលនៃប្រភពទឹក បានធ្វើឱ្យខេត្តនេះមានព្រៃលិចទឹកប្លែកពីគេ ដោយព្រៃទាំងនោះស្ថិតក្នុងពោះទន្លេមេគង្គ។ ប្រភេទឈើមិនសម្បូរទេក្នុងខេត្តនេះ គឺមានតែដើមរៃ ដើមជ្រៃ និងដើមអញ្ចែង។ នៅពេលស្រកទឹក ដើមឈើខ្លះមានគល់ត្រាំក្នុងទឹក ខ្លះទៀតមានគល់នៅលើគោក ដុះលើទីទួលថ្ម និងខ្សាច់ ដែលអាចឡើងក្នុងផ្នែកខ្លះនៃពោះទន្លេ។ នៅពេលទឹកឡើងខ្លាំង ដើមឈើទាបៗជ្រុះស្លឹក ដោយសារលិចទឹក និងនៅក្រោមកម្លាំងទឹកហូរ។ មានតែដើមឈើធំប៉ុណ្ណោះ ជាពិសេសដើមអញ្ចែងដែលខ្លះខ្ពស់ជាង ២០ម៉ែត្រ មានចុងផុតពីទឹក ហើយនៅរក្សាស្លឹកពណ៌ខៀវ។ នៅរដូវប្រាំង ក្រោយពេលទឹកស្រកផុតទៅ ស្លឹកឈើចាប់ដុះឡើងវិញ ហើយព្រៃឈើក៏ក្លាយជាជម្រកសត្វស្លាបជាច្រើន។ 
 
ចំពោះខេត្តនេះប្រជាជនខេត្តស្ទឹងត្រែងកើនឡើងជាលំដាប់ រួមផ្សំទាំងអ្នកចំណូលថ្មីខ្លះផង ដែលមកពីខេត្តនានានៃទំនាបកណ្តាល។ ប្រជាជនភាគច្រើន ជាជនជាតិខ្មែរ ដែលរស់នៅរួមជាមួយជនជាតិផ្សេងទៀតដូចជា ឡាវ ចិន ចាម កាវ៉ែត លុន គ្រឹង ចារ៉ាយ ទំពួន កាឆុក និងកួយ។ ក្រុមជនជាតិភាគតិច ច្រើនរស់នៅតាមតំបន់ព្រៃភ្នំ។ 
 
ក្រៅពីចម្រុះជាតិសាសន៍ និងអំណោយផ្លូវទឹក ខេត្តជាប់ព្រំដែនឡាវមួយនេះក៏មានបេតិកភ័ណ្ឌសម្បូរបែបផងដែរ។ ស្ទឹងត្រែង មានបេតិកភ័ណ្ឌវប្បធម៌ច្រើនដូចជា វត្តអារាម និងផ្ទះបុរាណចាស់ៗ និងអាគារសម័យអាណានិគម។ ក្រៅពីនេះ ក៏មានប្រាសាទ៨ល្វែង ប្រាសាទបាចុង ប្រាសាទភ្នំធាតុ និងប្រាសាទព្រះគោ។ ប្រាសាទព្រះគោ ស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ លើត្រើយទន្លេមេគង្គខាងលិចក្រុងក្រចេះ៕
 

Tag:
 ថ្មីៗ
  អង្គការស៊ីប៉ា
  ខ្ញុំចង់ដឹង
  ដំណើរឡើងតាមទន្លេមេគង្គលើ
 ខេត្តស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com