ជាតិ
ដំណើររបស់សម្តេច ហ៊ុន សែន ទៅមីយ៉ាន់ម៉ា មានភ្ជាប់នឹងមនសិការមនុស្សធម៌
20, Dec 2021 , 9:30 am        
រូបភាព
គ្មានអ្នកណាអាចហាមឃាត់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឱ្យទៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅក្នុងខែមករាខាងមុខនេះឡើយ។ សម្ដេចប្រើឋានៈជាមេដឹកនាំរបស់កម្ពុជាដើម្បីសាកល្បងជួយសម្របសម្រួលស្ថានភាពរបស់មីយ៉ាន់ម៉ា ដើម្បីមុខមាត់អាស៊ានពិតប្រាកដមែនហើយ ប៉ុន្តែប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ ដើម្បីបុព្វហេតុមនុស្សជាតិ ក៏ចង់ឃើញភាពសុខសាន របស់ពលរដ្ឋមីយ៉ាន់ម៉ាផងដែរ។

 
តាំងពីមានរដ្ឋប្រហារយោធានៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាថ្ងៃទី១ខែកុម្ភៈ ប្រមុខរដ្ឋាភិបាលកម្ពុជា មិនមានអត្ថាធិប្បាយអ្វីនៅឡើយ រហូតដល់មានកិច្ចប្រជុំបន្ទាន់របស់អាស៊ាន ស្តីពីវិបត្តិនយោបាយរបស់មីយ៉ាន់ម៉ា នៅឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៤ខែមេសា។ នៅក្នុងកិច្ចប្រជុំពិសេសនោះ មេដឹកនាំកំពូលអាស៊ាន បានសម្រេចជាឯកច្ឆន្ទ ស្នើដំណោះស្រាយចំនួន៥ចំណុច ដែលក្នុងចំណោមដំណោះស្រាយទាំងនោះ មេដឹកនាំកំពូលរបស់កម្ពុជា ទើបប្រាប់ឱ្យដឹងក្នុងពេលថ្មីៗនេះថា លោកបានស្នើ៣ចំណុច។ ដំណោះស្រាយទាំង៥នោះរួមមាន៖ ទីមួយ ត្រូវបញ្ឈប់អំពើហិង្សាជាបន្ទាន់។ ទីពីរ ភាគីជម្លោះរបស់មីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការជជែកប្រកបដោយការស្ថាបនា។ ទីបី ព្រុយណេ ដែលជាប្រធានអាស៊ាន ត្រូវតែងតាំងបេសកកម្មជនពិសេស ដើម្បីសម្របសម្រួលវិបត្តិនៅមីយ៉ាន់ម៉ា។ ទីបួន អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា និងទីប្រាំ បេសកកម្មជនពិសេស ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។
 
វិបត្តិមីយ៉ាន់ម៉ា មិនបានប្រសើរឡើងឡើយ។ ក្រោយពីរបបយោធាមីយ៉ាន់ម៉ា បានសម្រេចបដិសេធបេសកជនពិសេសរបស់អាស៊ាន មិនឱ្យជួបភាគីជម្លោះរបស់មីយ៉ាន់ម៉ា អាស៊ានក៏សម្រេចចិត្តបដិសេធមេដឹកនាំយោធាមីយ៉ាន់ម៉ា មិនឱ្យចូលរួមកិច្ចប្រជុំកំពូលកាលពីចុងខែតុលាកន្លងទៅដែរ។
 
ពេលនេះដល់វេនរបស់កម្ពុជា ដែលជាប្រធានរបស់អាស៊ាន។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងជាអ្នកនយោបាយ ដែលប្រើឱកាសយ៉ាងមានប្រសិទ្ធភាព។ លើវិបត្តិរបស់មីយ៉ាន់ម៉ា សម្តេច ហ៊ុន សែន ច្បាស់ជាបានដឹងមុនរួចហើយថា វានឹងធ្លាក់មកដល់ដៃកម្ពុជា។ ដូចនេះ ការគិតគូរពិចារណា ទៅលើសេណារីយ៉ូ និងកិច្ចការខ្លះៗ ក៏ទំនងជាបានចាប់ផ្តើមជាបណ្ដើរៗរួចមកហើយ។ ការសម្រេចចិត្តទៅជួបសន្ទនាផ្ទាល់ ជាមួយមេដឹកនាំយោធារបស់មីយ៉ាន់ម៉ាបច្ចុប្បន្ន គឺឧត្តមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) ក៏ទំនងជាបានស្ថិតនៅក្នុងការប្រមើលមើល របស់សម្ដេច ហ៊ុន សែន រួចមកហើយដែរ។ កាលពីថ្ងៃទី៦ខែធ្នូ ពីវេទិកាសម្ពោធផ្លូវជាតិលេខ១១ សម្ដេច ហ៊ុន សែន បានបន្លុយឱ្យដឹងថា សម្ដេចអាចនឹងទៅទស្សនកិច្ចនៅសហភាពមីយ៉ាន់ម៉ា។ ប៉ុន្តែក្រោយពីបានជួបសន្ទនា ជាមួយលោក វុនណា មោងលីន ដែលជារដ្ឋមន្ត្រីការបរទេស និងជាបេសកជនពិសេស របស់ប្រធានក្រុមប្រឹក្សារដ្ឋរបស់មីយ៉ាន់ម៉ា នៅថ្ងៃទី៧ខែធ្នូរួចមក ស្រាប់តែនៅថ្ងៃទី១៥ខែធ្នូ សម្ដេច ហ៊ុន សែន បានប្រកាសយ៉ាងប្រាកដប្រជាតែម្ដងថា សម្ដេច នឹងទៅជួបមេដឹកនាំសហភាពមីយ៉ាន់ម៉ាបច្ចុប្បន្ន គឺឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលមានឋានៈជានាយករដ្ឋមន្ត្រី។ នេះជាសញ្ញាចាប់ផ្តើមប្រសើរមួយ សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា។
 
ហេតុអ្វីសម្ដេច ហ៊ុន សែន ត្រូវទៅជួបមេដឹកនាំយោធានៃមីយ៉ាន់ម៉ា?
 
នៅក្នុងសំណុំរឿងមីយ៉ាន់ម៉ានេះ សម្ដេច ហ៊ុន សែន អាចមានគោលដៅធំពីរ ដែលត្រូវសម្រេច​។ ទីមួយ គឺបង្ហាញពីការទទួលខុសត្រូវ ក្នុងនាមប្រធានប្ដូរវេនរបស់អាស៊ាន ដែលត្រូវមានសមាជិក១០ប្រទេស។ ទីពីរ ក្នុងនាមជាមេដឹកនាំប្រទេសមួយ ដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិល និងអស្ថិរភាព ហើយដែលបង្ករឱ្យមានប្រជាជនពលរដ្ឋស្លូតត្រង់ ស្លាប់យ៉ាងក្រាស់ក្រែលនោះ សម្ដេច ហ៊ុន សែន យល់ច្បាស់ ពីទុក្ខលំបាករបស់ប្រជាជនមីយ៉ាន់ម៉ា។ ដូច្នេះកម្ពុជា ក្នុងនាមជាមិត្តភក្តិ ត្រូវជួយយកអាសាមិត្តជិតខាង។ នេះជាការគិតគូរបែបមនុស្សធម៌។ ក្នុងន័យនេះ សម្ដេច ហ៊ុន សែន បានប្រកាសហើយថា សម្តេចនឹងមិនធ្វើអ្វី ឱ្យផ្ទុយពីធម្មនុញ្ញអាស៊ាននោះឡើយ។ អាចនិយាយបែបផ្សេងថា សម្ដេចនឹងមិនធ្វើអ្វី ដែលបង្ហាញពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់មីយ៉ាន់ម៉ានោះទេ។ ចង់សម្រេចគោលដៅទាំងពីរនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាត្រូវបង្ហាញភាពស្មោះត្រង់ជាសារវន្ត ដូចអ្វីដែលសម្ដេចបានដើរចូលតំបន់ខ្មែរក្រហម ដើម្បីអនុវត្តនយោបាយឈ្នះ-ឈ្នះ ឈានទៅបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានោះដែរ។
 
ដើម្បីបុព្វហេតុអាស៊ាន
 
សម្ដេច ហ៊ុន សែន ប្រើឋានៈជានាយករដ្ឋមន្ត្រីកម្ពុជាតែប៉ុណ្ណោះ នៅក្នុងទស្សនកិច្ចទៅ មីយ៉ាន់ម៉ា។ ប៉ុន្តែ បើសិនជាមានផលវិជ្ជមាន វាក៏ជាផលរបស់អាស៊ាន។ ប្រមុខដឹកនាំកម្ពុជា បានឱ្យនិយមន័យ លើពាក្យអាស៊ានយ៉ាងច្បាស់គឺ «សមាជិក១០ប្រទេស»។ ចំណុចជោគជ័យដំបូងគេរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន គឺការណ៍ដែលអាចដឹកនាំអាស៊ាន១០។ ក្នុងន័យនេះ កម្ពុជាមិនចង់ធ្វើជាប្រធាននៃអង្គការតំបន់មួយនេះ ដែលមានសមាជិកតែ៩នោះឡើយ។ ការប្រមូលសមាជិក មកចូលរួមកិច្ចប្រជុំបានជុំគ្នា គឺជាតួនាទី និងការទទួលខុសត្រូវរបស់កម្ពុជា ដែលជាប្រធាន។ បើសិនជាអាស៊ាន ប្រព្រឹត្តទៅដោយមិនមានសមាជិកគ្រប់នោះទេ វាជារឿងសោកស្ដាយមួយ។ ដូច្នេះហេតុអ្វីកម្ពុជា មិនសាកល្បងធ្វើកិច្ចការនេះ ដែលនឹងផ្តល់ផលពីរទន្ទឹមគ្នា? ម្យ៉ាង គឺអាស៊ានពេញលេញ និងម្យ៉ាងទៀត បើសិនជាមីយ៉ាន់ម៉ា អាចចូលរួមក្នុងដំណើរការអាស៊ានវិញបាន នោះគឺជាមីយ៉ាន់ម៉ា ដែលមានស្ថានភាពនយោបាយធូរស្រាល។ ក្នុងន័យនេះ កម្ពុជាយល់យ៉ាងជាក់ ពីអ្វីដែលខ្លួនត្រូវធ្វើ។ អាចទាញមីយ៉ាន់ម៉ា ឱ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ានវិញនោះ លុះត្រាតែមានលក្ខខណ្ឌសមរម្យ ដែលសមាជិកផ្សេងទៀតអាចទទួលយកបាន។
 
នៅពេលដែលឮថាសម្ដេច ហ៊ុន សែន នឹងធ្វើដំណើរទៅមីយ៉ាន់ម៉ា មានឥស្សរជននយោបាយបរទេសមួយចំនួន បានបង្ហាញជំហរជំទាស់។ អ្នកនយោបាយបរទេសមួយចំនួនទៀត មិនជំទាស់ជាចំហទេ តែក៏ហាក់យល់ស្របទាំងបង្ខំចិត្ត។ ពីវេទិកាសម្ពោធសណ្ឋាគារខ្នាតអន្តរជាតិ ហាយ៉ាត់ រេជិនស៊ី កាលពីប្តាហ៍មុននេះ សម្ដេច ហ៊ុន សែន បានពន្យល់សាធារណមតិយ៉ាងដូច្នេះ៖« សភាពការណ៍មីយ៉ាន់ម៉ា ជារឿងមួយ។ តែអាស៊ានត្រូវតែមាន១០។ បើមិនអ៊ីចឹង វានឹងបង្កើតទម្លាប់អាក្រក់មួយ នៅពេលខាងមុខ។ បើមានអ្នកណាមួយ [សមាជិកអាស៊ានណាមួយ] មិនពេញចិត្ត ហើយមិនចូលរួម? ហាមខ្ញុំមិនបានទេ! ទុកឱកាសឱ្យខ្ញុំធ្វើការ! ខ្ញុំធ្វើអ្វីដែលធម្មនុញ្ញអាស៊ានអនុញ្ញាត»។
 
មានអ្នករង់ចាំមើលលទ្ធផល នៃការងារសម្របសម្រួលរបស់កម្ពុជា ក្នុងបញ្ហាមីយ៉ាន់ម៉ានេះ។ ប៉ុន្តែសម្ដេច ហ៊ុន សែន បានបង្ហាញកាយវិការបន្ទាបខ្លួនយ៉ាងគួរសម ហើយនិយាយបង្ការថា៖«សូមកុំបន្ទោសកម្ពុជា! កម្ពុជា នឹងព្យាយាមធ្វើកិច្ចការនេះ។ កុំមាក់ងាយ តួនាទីរបស់កម្ពុជា​»។ ជាមួយគ្នានេះដែរ បើគេស្ដាប់ឮការអធិប្បាយរបស់សម្ដេច ហ៊ុន សែន នោះ បើទោះជាការសម្របសម្រួលរបស់កម្ពុជា បានទទួលផ្លែផ្កាក៏ដោយ ក៏សម្ដេចមិននិយាយអួតអាងថា ជាគុណសម្បត្តិរបស់កម្ពុជានោះដែរ។ សម្តេច នៅតែផ្តល់តម្លៃដល់មិត្តភក្តិជិតខាង។ «រឿងមីយ៉ាន់ម៉ា ត្រូវបានដោះស្រាយចប់ ឬមិនចប់ វាមិនមែនជារឿងអាស៊ានទេ។ ការស្រុះស្រួលគ្នា គឺផ្ទៃក្នុងមីយ៉ាន់ម៉ា»។ នេះជាការវាយតម្លៃរបស់សម្ដេច ហ៊ុន សែន។
 
អ្នកក្លាហានពិតប្រាកដ ពុំចាំបាច់ដើរប្រកាសប្រាប់គេឯង ថាខ្លួនជាអ្នកក្លាហានឡើយ។ លទ្ធផល គង់តែត្រូវបានគេឃើញ និងត្រូវទទួលស្គាល់ដោយឯកឯង។
 
ដើម្បីបុព្វហេតុមនុស្សធម៌
 
រដ្ឋប្រហារយោធា នៅថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១នេះ បាននាំឲ្យមានបាតុកម្មទ្រង់ទ្រាយធំ ពីជនស៊ីវិលមីយ៉ាន់ម៉ា ហើយក៏បង្កឱ្យមានការបង្ក្រាបដ៏ហិង្សា ពីសំណាក់កងប្រដាប់អាវុធ។ របាយការណ៍ពីអង្គការសិទ្ធិមនុស្សនានា បានផ្សាយថា មានមនុស្សជាង១៣០០នាក់ ត្រូវបានសម្លាប់​។ បច្ចុប្បន្ននេះ ការតវ៉ាក៏កំពុងកើតឡើង ក្នុងស្ថានភាពស្ងៀមស្ងាត់ ហើយវាក៏អាចផ្ទុះចេញជាថ្មី នាពេលណាមួយខាងមុខទៀត។ ស្ថានភាពនយោបាយផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ហាក់មិនមានសញ្ញាប្រសើរឡើងឡើយ។ រដ្ឋាភិបាល និងអង្គការអន្តរជាតិមួយចំនួន ចង់ផ្តល់ជំនួយជួយប្រជាជនមីយ៉ាន់ម៉ា ប៉ុន្តែនៅតែបដិសេធរបបយោធាបច្ចុប្បន្ន។
 
សម្រាប់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ការជួបសន្ទនាផ្ទាល់ ជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង គឺជាគន្លឹះជាសារវន្តមួយ ដើម្បីបើកឱ្យមានការចាប់ផ្តើមជជែក ពីអ្នកពាក់ព័ន្ធនៅខាងក្រៅ ជាមួយអ្នកដឹកនាំមីយ៉ាន់ម៉ាបច្ចុប្បន្ននេះ។ សម្ដេចក៏បានបញ្ជាក់ហើយដែរថា បញ្ហាផ្ទៃក្នុងមីយ៉ាន់ម៉ា នឹងមិនអាចចប់ក្នុងរយៈពេលខ្លីនោះទេ។ ប៉ុន្តែថា វាត្រូវមានការចាប់ផ្តើម។ អ្វីដែលសំខាន់នោះគឺ ធ្វើយ៉ាងណា មិនឱ្យមានអំពើហិង្សា និងការស្លាប់ប្រជាពលរដ្ឋ។ អស្ថិរភាពនយោបាយ និងគំនាបសេដ្ឋកិច្ចពីបរទេស គឺជាវិបត្តិ ដែលកម្ពុជាធ្លាប់ជួបប្រទះពីអតីតកាល។ អ្នកដែលរងទុក្ខលំបាក គឺប្រជាជន។ សម្តេចហ៊ុន សែន យល់ច្បាស់អំពីបញ្ហាទាំងនេះ។ ដូច្នេះបើសិនជាការចាប់ផ្តើមជជែក ក្រោមយន្តការសម្របសម្រួលពីខាងក្រៅណាមួយអាចហុចផលនោះ វាគឺជារឿងល្អសម្រាប់មីយ៉ាន់ម៉ា។ នាយករដ្ឋមន្ត្រីរបស់កម្ពុជា មិនចង់ឃើញ មីយ៉ាន់ម៉ា ដែលជាសមាជិកមួយ របស់សហគមអាស៊ាន ដែលត្រូវចូលរួមសម្រេចអនាគតរួម ត្រូវបានទុកចោលឱ្យឯកា ហើយដោះស្រាយបញ្ហាម្នាក់ឯងនោះឡើយ។ ពិតណាស់ថា គឺដើម្បីធ្វើយ៉ាងណា ឱ្យមីយ៉ាន់ម៉ា បានចូលរួមប្រជុំអាស៊ាន ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជា ក៏ចង់បង្ហាញពីសមានចិត្តដ៏ស្មោះត្រង់ ដោយយកអាសា សមាជិកណាមួយដែលជួបទុក្ខលំបាកដែរ។ ជាការពិតណាស់ ដូចសម្តេច ហ៊ុន សែន បានរំឭករួចហើយថា មុននឹងកម្ពុជា ឈានទៅដោះស្រាយវិបត្តិផ្ទៃក្នុងដោយខ្មែរគ្នាឯង កម្ពុជាក៏បានចាប់ផ្តើមការចរចាសន្តិភាពរយៈ៤ឆ្នាំ ក្រោមការជួយជ្រោមជ្រែងពីប្រទេសជាមិត្ត ដើម្បីទទួលបានកិច្ចព្រមព្រៀងសន្តិភាពមួយដែរ។
 
សរុបមកវិញ កម្ពុជាយល់ឃើញថា គឺមានតែការសន្ទនាប៉ុណ្ណោះ ដែលជាចំណុចចាប់ផ្តើមនៃការស្វែងរកដំណោះស្រាយ នៅមីយ៉ាន់ម៉ា។ បើគិតចាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារ នៅថ្ងៃទី១ខែកុម្ភៈមក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងក្លាយជាមេដឹកនាំកំពូលបរទេសទីមួយ ដែលនឹងបំពេញទស្សនកិច្ច នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្រោមការដឹកនាំដោយរបបយោធានោះ។ ដូច្នេះបើសិនជា កម្ពុជាអាចជួយបន្ធូរបន្ថយភាពតានតឹងនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ាមែននោះ នោះជាកិត្តិយស និងជាតម្លៃដ៏ធំរបស់កម្ពុជា ដែលបានដើរតួនាទី នៅក្នុងតំបន់​។ បន្ទាប់មក គឺការទទួលស្គាល់ ចំពោះសមត្ថភាពរបស់មេដឹកនាំកំពូលរបស់កម្ពុជា ដ៏ចំណាន ដែលមានពិសោធក្នុងកិច្ចការចរចារាប់មិនអស់៕

Tag:
 អាស៊ាន ហ៊ុន សែន មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com