ជាតិ
​​​ន​យោ​បាយ​ជាតិ​
បិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ ដែលសម្លាប់មនុស្ស៣០០០នាក់
20, Dec 2021 , 1:13 pm        
រូបភាព
តាមរយៈសារសំឡេងពិសេសរបស់សម្ដេច ហ៊ុន សែន នាថ្ងៃទី២០ ធ្នូនេះ បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ នៃការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍។ ការប្រកាសរបស់សម្ដេច ហ៊ុន សែន នេះ ធ្វើឡើងក្រោយពីស្ថានភាពជំងឺកូវីដ-១៩ ថមថយចុះខ្លាំង។


 
ជាក់ស្ដែង នៅថ្ងៃនេះ កម្ពុជាគ្មានករណីស្លាប់ជាច្រើនដំបូងនារយៈពេលជាច្រើនខែចុងក្រោយនេះ ជាពិសេសចាប់តាំងពីខែមីនាមក។ របាយការណ៍ប្រចាំថ្ងៃបង្ហាញថា អ្នកឆ្លងថ្មី មាន៧នាក់ សះស្បើយ១១នាក់។

 
 
១០ខែនៃការផ្ទុះជំងឺកូវីដ-១៩ ចូលសហគមន៍នេះ បានធ្វើឱ្យកម្ពុជា មានអ្នកឆ្លងសរុប ១២០ ៤២៣នាក់ សះស្បើយ១១៦ ៨០៣នាក់ និងស្លាប់៣០០៥នាក់។ ទោះបីប្រកាសបិទព្រឹត្តិការណ៍២០ កុម្ភៈនេះក្តី តែយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យប្រជាពលរដ្ឋនៅតែបន្ត ចាប់ពីដូសទី១ រហូតដល់ដូសជំរុញ ឬដូសទី៣។ នេះបើតាមសម្ដេចនាយករដ្ឋមន្រ្តី។
 
គួរបញ្ជាក់ថា អំឡុងពេលនៃការផ្ទុះកូវីដ-១៩ ទ្រង់ទ្រាយធំនោះ កម្ពុជាមានអ្នកឆ្លងរហូតដល់ជាង១ពាន់នាក់ក្នុងមួយថ្ងៃ ហើយបន្តថយចុះជាលំដាប់ ក្រោយពីរដ្ឋាភិបាលសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកាចសាហាវនេះ ទូទាំងប្រទេស។
 
តាមរយៈការចាក់សាំងនេះ សម្ដេច ហ៊ុន សែន ក៏មិនភ្លេចគុណ ជប៉ុន អាមេរិក អង់គ្លេស និងហូឡង់ ដែលបានបញ្ជូនវ៉ាក់សាំងមកកម្ពុជា ។ ជាពិសេសប្រទេសចិន ដែលជាខ្នងបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងប្រមាណ៤០លានដូស សម្រាប់ចាក់ឱ្យប្រជាពលរដ្ឋ។ ក្នុងនោះពលរដ្ឋជាង១៤លាននាក់ បានចាក់ដូសទី១ ហើយជាង១៣លាននាក់ បានចាក់ដូសទី២ និង៣លាននាក់ បានចាក់ដូសទី៣។ ចំណែកកុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់១១ឆ្នាំ ជិត២លាននាក់ និងកុមារអាយុ១២ ដល់១៧ ជាង១,៨ លាននាក់ ក៏បានចាក់វ៉ាក់សាំងដែរ៕
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com