ជាតិ
មុនប្រឡងមួយថ្ងៃ បេក្ខជនបាក់ឌុប ត្រូវទៅវាស់កម្តៅ និងពិនិត្យសុខភាព នៅមណ្ឌលប្រឡង វិធានសុខាភិបាល ត្រូវបានអនុវត្តនាអំឡុងពេលដំណើរការសាលារៀនឡើងវិញកន្លងមក។ រូបថត ហុង ស្រីណា
× ភ្នំពេញ៖ ក្រសួងអប់រំតម្រូវឱ្យបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ ពិនិត្យសុខភាព និងទទួលបណ្ណបញ្ជាក់ថាមានកម្ដៅធម្មតា មុនថ្ងៃចូលប្រឡងមួយថ្ងៃ ។ សម្រាប់បេក្ខជន មានកម្ដៅលើស ៣៧.៥អង្សាសេ តម្រូវឱ្យធ្វើតេស្តរហ័ស រកជំងឺកូវីដ-១៩ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងអប់រំនឹងដរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ សម្រាប់សិស្សថ្នាក់ទី១២ នៃឆ្នាំសិក្សា២០២០-២០២១ នៅថ្ងៃទី ២៧ និង ២៨ ខែធ្នូ ឆ្នាំ២០២១។ បេក្ខជនចូលរួមប្រឡងមានជាង ១០ ម៉ឺននាក់ ដោយក្នុងមួយបន្ទប់មានបេក្ខជនប្រឡងចំនួន ២៥នាក់ លើកលែងតែបន្ទប់ចុងក្រោយប៉ុណ្ណោះ ដែលមានសិស្សមកពីវិទ្យាល័យអប់រំពិសេស។
បើតាមសេចក្ដីប្រកាសព័ត៌មានពីក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវពិនិត្យសុខភាព វ៉ាស់កម្ដៅ និងយកបណ្ណបញ្ជាក់ពីកម្ដៅធម្មតា នៅតាមណ្ឌលប្រឡងរបស់ខ្លួនមុខថ្ងៃប្រឡងមួយថ្ងៃ គឺថ្ងៃទី ២៦ធ្នូ។
ចំណែកសិស្ស មានកម្ដៅលើស ៣៧.៥ អង្សាសេ ឬមានរោគសញ្ញាជំងឺកូវីដ-១៩ គឺត្រូវធ្វើតេស្តរហ័សនៅតាមទីតាំងសុខាភិបាលដែលបានកំណត់ និងត្រូវមានលិខិតបញ្ជាក់ថា អវិជ្ជមានជំងឺកូវីដ-១៩ ទើបអាចចូលប្រឡង។
បេក្ខជនប្រឡងទាំងអស់អាចទៅពិនិត្យឈ្មោះរបស់ខ្លួន លេខតុ និង លេខបន្ទប់ នៅតាមមណ្ឌលនីមួយៗ ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ នៅថ្ងៃទី២០ធ្នូ និងថ្ងៃទី ២៦ធ្នូ។
ក្នុងឆ្នាំសិក្សា២០២០-២០២១ នេះ បេក្ខជនចុះឈ្មោះប្រឡង មាន ១១៤ ១៨៣នាក់ (ស្រី ៦០ ៣៩៧នាក់)។ មណ្ឌលសំណេរមាន ២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ រីឯមណ្ឌលកំណែមាន១០មណ្ឌលដែលស្ថិតក្នុងរាជធានីភ្នំពេញ។
គណៈមេប្រយោគ និងគណៈកម្មការនានា ដែលចូលរួមក្នុងដំណើរការប្រឡងមាន ៣១ ៤៣២នាក់ ដោយក្រសួងអប់រំ សហការជាមួយក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គិសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ៕
© រក្សាសិទ្ធិដោយ thmeythmey.com