ជាតិ
សហជីពទាមទារ​ឲ្យ​ដាក់កំហិតលើនិយោជក គាំពារបុគ្គលិក​ស្រី្តពេល​​មានផ្ទៃពោះ និងក្រោយសម្រាល​
21, Dec 2021 , 8:59 am        
រូបភាព
 ស្រី្តមានផ្ទៃពោះនៃបុគ្គលិកណាហ្គាវើលដ៍ ទាមទារឲ្យនិយោជិកទទួលតំណាងសហជីពនិងបុគ្គលិកជាង១ពាន់ចូលធ្វើការវិញ នៅថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១។ (រូបពី ទំព័រហ្វេសប៊ុកលោក ឃុន ថារ៉ូ)
ស្រី្តមានផ្ទៃពោះនៃបុគ្គលិកណាហ្គាវើលដ៍ ទាមទារឲ្យនិយោជិកទទួលតំណាងសហជីពនិងបុគ្គលិកជាង១ពាន់ចូលធ្វើការវិញ នៅថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១។ (រូបពី ទំព័រហ្វេសប៊ុកលោក ឃុន ថារ៉ូ)
ភ្នំពេញ៖ មេដឹកនាំ​សហជីពជំរុញឲ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ច ចុះអធិការកិច្ច និងដាក់កំហិតលើនិយោជក ឲ្យគាំពារស្រ្តីតាមច្បាប់នាអំឡុងពេលមានផ្ទៃពោះ ពិសេសកម្មការិនី​កររោងចក្រ អ្នក​បម្រើ​ការ​កន្លែងកម្សា​ន្ត និងអ្នកធ្វើការសំណង់។

 
 
«ច្បាប់គាំពារនិយោជិតមាន ប៉ុន្តែគ្មានប្រសិទ្ធភាព»។ នេះជាការមើលឃើញដូចគ្នារបស់បណ្តា​មេដឹកនាំ​សហជីព ដោយ​កត់សម្គាល់ឃើញថា ស្រី្តដែលបម្រើការភាគច្រើននៅ​តែ​រងការរើសអើង និងបញ្ឈប់ការងារ អំឡុងពេលពួកគេមានផ្ទៃពោះ ហើយ​កន្លែង​ធ្វើការ​របស់ពួក​គេ​គ្មាន​ការយកចិត្តទុកដាក់លើការរៀបចំទារក​ដ្ឋាន​សម្រាប់បុគ្គលិកនោះ​ឡើយ។ 
 
លោក សូ ឆ្លូញ អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់ ​និង​ព្រៃឈើ បាន​ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា កម្មករសំណង់ជាស្រី្តភាគច្រើនត្រូវបានថៅកែបញ្ឈប់ការងារ នាអំឡុង​មានផ្ទៃពោះ។ តាមការវាយតម្លៃរបស់លោក បញ្ហានេះ គឺដោយសារនិយោជកគេចវេសមិនចង់ទទួលខុសត្រូវ។ 


លោក សូ ឆ្លូញ អនុប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើ។
 
«បើអង្កេតទៅស្ទើរ​តែទាំងអស់ទៅ​ហើយ ដែល​ស្រី្តបម្រើ​ការផ្នែក​សំណង់ត្រូវបង្ខំចិត្តឈប់ពីការងារ និងថៅកែបញ្ឈប់។ ពេលមានផ្ទៃ​ពោះ កម្មការិនី​បារម្ភពីសុខភាព មិនអាចធ្វើការធ្ងន់បាន ប៉ុន្តែ​ថៅកែវិញ ពេល​ដឹង​ថា ពួកគាត់​មានផ្ទៃពោះ គិតតែរក​លេសបញ្ឈប់»។ នេះបើតាមការលើក​ឡើងរបស់លោក សូ ឆ្លូញ ដោយ​បាន​កត់​សម្គាល់ផងដែរ​ថា ថៅកែ​ ឬ​មេការមួយ​ចំនួន​ក្នុង​វិស័យ​សំណង់ បាន​លាក់​បាំង​ចំនួន​បុគ្គលិក​ដើម្បីគេចពីទំនួល​ខុស​ត្រូវនីតិវិធីច្បាប់ ជាពិសេស​ឯកសារពាក់ព័ន្ធ​នឹង​បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)។
 
ងាក​ទៅ​វិស័យ​សេវាកម្ម​វិញ គេកម្រឃើញ​ស្ត្រីមានផ្ទៃពោះ បំពេញ​ការងារណាស់ ព្រោះ​ម្ចាស់​អាជីវកម្ម​ជាច្រើន​ មិន​អនុញ្ញាតឲ្យមាន​លក្ខខណ្ឌ​បែបនេះ​ឡើយ​​។ សម្រាប់​អ្នក​ស្រី អ៊ូ ទេពផល្លីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ បានសង្កត់ធ្ងន់ថា ករណី​នេះ មិន​ត្រឹម​តែជាការរើសអើងនោះទេ ប៉ុន្តែ​វាក៏ជាកត្តា​ជំរុញ​ឲ្យ​ស្ត្រី​បោះបង់ការងារ និង​រំលូត​កូន​ផងដែរ។
 
«មិនមែនពួកគាត់មិនចង់មានកូននោះ​ទេ ប៉ុន្តែកត្តាជីវភាពនាំឲ្យពួក​គេ​ត្រូវមាន​ជម្រើស​។ បើបន្តការងារ​គឺបង្ខំចិត្តរំលូត ហើយអ្នកមាន​អ្នកខ្លះ​ក៏សុខចិត្តឈប់ពីការងារផងដែរ​»។ នេះបើតាម​ការ​កត់សម្គាល់​របស់​អ្នក​ស្រី អ៊ូ ទេពផល្លីន។ 
 
ចំណែកវិស័យ​រោងចក្រកាត់ដេរវិញ លោក អាត់ ធន់ ប្រធាន​សហភាពការងារកម្ពុជាលើកឡើងថា កម្មការិនី​ដែលបង្ខំ​ចិត្តឈប់ពីការងារនាអំឡុងពរពោះ ភាគច្រើន​គឺ​នៅ​តាម​រោងចក្រតូចៗ ប៉ុន្តែលោកមិនមានទិន្នន័យ​ជាក់លាក់នោះឡើយ។ 
 
លោក​បាន​ថ្លែងប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះថា៖ «កម្មការិនី​ធ្វើតាមរោងចក្រតូចៗ ខ្លះត្រូវគេបញ្ឈប់ ហើយមួយចំនួនទៀតឥតទទួលបានការគាំពារពីបេឡាជាតិរបបសន្តិសុខសង្គមឡើយ ដោយសាររោងចក្រមួយចំនួនលាក់ទិន្នន័យបុគ្គលិក»។ 
 
គ្មានទារកដ្ឋាន ក្រោយពេលសម្រាលកូន

ក្រៅពីជួបបញ្ហានៅអំឡុងពេលមានផ្ទៃពោះ បុគ្គលិកជានារី ក៏ជួបបញ្ហា​ក្រោយសម្រាលផងដែរ ជាពិសេស​ការមិនមាន​ទារកដ្ឋាន សម្រាប់មើល​ថែទាំកូន។ បើតាម​លោក សូ ឆ្លូញ និង​អ្នក​ស្រី អ៊ូ ទេពផល្លីន គ្មានឡើយទារកដ្ឋាននៅ​ក្នុងវិស័យសំណង់ និង​សេវកម្ម​កម្សាន្ត ប៉ុន្តែលោក អាត់ ធន់​ បាន​កត់សម្គាល់ឃើញ​មាន​នៅតាម​រោង​ចក្រដែល​ផលិត​ម៉ាកយីហោរល្បីៗ។ យ៉ាងណាក៏ដោយ លោក​ថា ទារកដ្ឋានទាំងនោះ មិនសូវមាន​សម្ភារៈ​សម្បូរ​បែបនោះឡើយ។


 លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហជីព (CFSWF) កម្មករចំណីអាហារនិងសេវាកម្ម។ រូបពី ហ្វេសប៊ុក លោកស្រី អ៊ូ ទេពផល្លីន
 
មាត្រា​៤៦នៃរដ្ឋធម្មនុញ្ញចែងថា  ត្រូវហាមឃាត់មិនឲ្យមានការបញ្ឈប់នារីបម្រើការងារ ដោយមូលហេតុមានផ្ទៃពោះ។ នារីមានសិទ្ធិឈប់សម្រាកនៅពេលសម្រាលកូន ដោយទទួលប្រាក់ឈ្មួល និងដោយមានការធានារក្សាសិទ្ធិអតីតភាពការងារ និងអត្ថប្រយោជន៍សង្គមផ្សេងៗទៀត។ តាម​មាត្រាដដែល រដ្ឋត្រូវយកចិត្តទុកដាក់លើនារី ពិសេសអ្នកគ្មានទីពឹងឲ្យទទួលបានការឧបត្ថម្ភ ដើម្បីមានលទ្ធភាពព្យាបាលជំងឺ ឲ្យកូនទៅរៀន និងរស់នៅបានសមរម្យ។ 
 
បើផ្អែកតាមច្បាប់ការងារវិញ នៅមាត្រា១៨២ក៏បានចែងផងដែរថា ត្រូវហាមឃាត់មិនឲ្យនិយោជក បញ្ឈប់ស្រី្តដែលជាបុគ្គលិកនៅពេលសម្រាលកូន ទោះដោយវិធីឲ្យដំណឹងមុនក៏ដោយ។ លើសពីនេះ កម្មករនិយោជិតមានសិទ្ធិឈប់សម្រាកដោយមានប្រាក់ឈ្នួល ពេលសម្រាកប្រចាំសប្ដាហ៍ ថ្ងៃបុណ្យ ឈប់ដោយជំងឺ សម្រាក់កូន ឈប់ប្រចាំឆ្នាំ និងការឈប់ពិសេសមិនលើសពីប្រាំពីរថ្ងៃ​នៅពេលមានព្រឹត្តិការណ៍ណាមួយ។
 
ត្រូវពង្រឹងការអនុវត្ត​ច្បាប់
 
ទាំងច្បាប់ការងារ និងរដ្ឋធនុញ្ញ ក៏បានសង្កត់ធ្ងន់យ៉ាងច្បាស់ថា ក្នុងសហគ្រាសទាំងអស់  ស្រី្តត្រូវមានសិទ្ធិឈប់សម្រាកលំហែមាតុភាព ក្នុងនោះច្បាប់ការងារចែងរយៈពេល​៣ខែ ដើម្បីសម្រាលកូន។ 
 
ក្រៅពីច្បាប់ខាងលើនេះ កម្ពុជានៅមានអនុសញ្ញាជាច្រើនទៀត ពិសេសជាមួយអនុសញ្ញាអន្តរជាតិ រួមមាន អនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសើសលើស្ត្រី (CEDAW), អនុសញ្ញាស្ដីពីការរើសអើង ILO និងអនុសញ្ញាស្តីពីការគាំពារមាតុ ILO ជាដើម។ 
 
ជុំវិញ ស្រី្តដែលមានកូនតូចអាយុក្រោមមួយឆ្នាំនៅពេលចូលបំពេញការងារ គឺអាចយកពេលមួយម៉ោងនៅអំឡុងពេលបំពេញការងារទៅបំបៅដោះកូន។ ទន្ទឹមនឹងនេះ ម្ចាស់សហគ្រាស ដែលមានបុគ្គលិកជាស្រី្តយ៉ាងតិច១០០នាក់ត្រូវរៀបចំទារកដ្ឋានសម្រាប់បំបៅដោះកូន។ ករណីគ្មានលទ្ធភាពរៀបចំទារកដ្ឋាន បុគ្គលិកស្រី្តអាចយកកូនទៅផ្ញើនៅទារកដ្ឋានណាមួយបាន ដោយនិយោជកជាចេញប្រាក់។ នេះបើតាមមាត្រា១៨៥ និងមាត្រា១៨៦ នៃច្បាប់ការងារ។ 
 
មេសហជីព ជំរុញឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ ផ្អែកតាមច្បាប់ដែលមាននេះ មេសហជីពទាំងបីរូប ទទូចឲ្យរដ្ឋាភិបាលដាក់កំហិតលើនិយោជកឲ្យគោរពច្បាប់។ ជាងនេះទៅទៀត រដ្ឋាភិបាល ក្រសួងការងារត្រូវពង្រឹងការចុះអធិការកិច្ច ដើម្បីពិនិត្យភាពមិនប្រក្រតីតាមទីតាំងការងារ។ 
 
របាយការណ៍ ឬព័ត៌មានដែលក្រសួងការងារ ចុះអធិការកិច្ចកន្លងមក មិនបានបើកចំហរព័ត៌មានឡើយ ហើយកន្លែងខ្លះឃើញអាជ្ញាធរចុះទៅជួបតែមេការឬថៅកែតែប៉ុណ្ណោះ។ ចំណែក បុគ្គលិកមិនមានការសួរនាំឡើយ។ នេះបើតាមការលើរបស់អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់​និង​ព្រៃឈើ។ 


 លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា(ពាក់អាវស)។ រូបពី ទំព័រហ្វេសប៊ុករបស់ CLC
 
លោក សូ ឆ្លូញ ថ្លែងយ៉ាងដូច្នេះ៖ «យើងចង់ឲ្យអាជ្ញាធរ ពិសេសក្រសួង ពង្រឹងការធ្វើកិច្ចរបស់ខ្លួន ដើម្បីឲ្យបុគ្គលិកទទួលសុវត្ថិភាព»។ 
 
ចំណែក ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ ក៏កត់សម្គាល់ឃើញ ភាពអសកម្មរបស់រដ្ឋាភិបាលដែរ ចំពោះការអនុវត្តច្បាប់ ខណៈការអនុវត្តគ្មានប្រសិទ្ធភាព។ កត្តានេះ អ្នកស្រី​សង្កត់ធ្ងន់លើមិនបំពេញកាតព្វកិច្ច ពុករលួយ រួមជាមួយឥទ្ធិពលអ្នកមាន។ 
 
លោកស្រី អ៊ូ ទេពផល្លីន ថ្លែងថា៖ «មន្រី្តខ្លះឥតបានចុះពិនិត្យកន្លែងកម្សាន្តបើកពេលយប់ផង ព្រោះហួសម៉ោងការងារ ហើយកន្លែងក៏មិនហ៊ានពិនិត្យរកខុសត្រូវដែរ ព្រោះកន្លែងកម្សាន្តធំៗ សុទ្ធតែបើកដោយអ្នកមានអំណាច អ្នកវិនិយោជកមានលុយ។ ទើបភាពអសកម្មនៃអនុវត្តច្បាប់កាន់បន្តកើតមាន»។ 
 
ពាក់ព័ន្ធនឹង ការចុះអធិការកិច្ចតាមទីតាំងការងារក្នុងឆ្នាំ២០២១ និងការរៀបចំទារកដ្ឋានដល់កម្មករស្រី្តនេះ សារព័ត៌មានថ្មីៗ មិនអាចសុំការឆ្លើយតបពី លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឡើយ។ 
 
មេសហជីពទាំងបីបានស្នើឲ្យរដ្ឋាភិបាល ពិនិត្យការអនុវត្តតួនាទីរបស់ខ្លួនឡើយវិញ ដើម្បីពង្រឹងច្បាប់ និងគាំពារដល់កម្មករជាស្រី្តនៅកន្លែងការងារ។  «ការចេញតែច្បាប់ ចេញតែអាជ្ញាបណ្ណ ឲ្យគេវិនិយោគ ហើយមិនពិនិត្យដំណើរការការងារ អ្នករងគ្រោះជាងគេមានតែកម្មករប៉ុណ្ណោះ»។ នេះបើតាមការលើការលើកឡើងរបស់មេសហជីពទាំងបីរូប។ 
 
ទន្ទឹមនឹងនេះ ការចូលរួមពង្រឹងច្បាប់ ការហាមឃាត់និយោជកមិនបញ្ឈប់បុគ្គលិកអំឡុពេលមានផ្ទះពោះ និងពេលសម្រាល​កូន គឺជាការគោរពច្បាប់ដែលបានចែង និងគាំពារដល់ស្រី្តនិងកុមារ ក៏ដូចជា​ ការលុបបំបាត់វិសមភាព និងការរើសអើង។ 
 
មេដឹកនាំសហជីព​យល់ឃើញ​ដូចគ្នានេះថា ការគាំពារស្រី្ត និងរៀបចំបំពាក់​ឲ្យ​មាន​ទារកដ្ឋាន គឺជា​រឿង​ចាំបាច់បំផុត ហើយក៏ជាការរួមចំណែកលើក​កម្ពស់សេដ្ឋកិច្ចក្នុងគ្រួសារកម្មករ-កម្មការិនី និងជាតិទាំងមូល។ 
 
បើតាមរបាយការណ៍ក្រសួងការងារនៅឆ្នាំ២០១៩ កម្មករក្នុងវិស័យឧស្សាហកម្មកាត់ដេរ មានជាង៧០ម៉ឺននាក់ ក្នុងនោះមានស្រី្ត៧០ភាគរយ ជាស្រី្ត។ ចំណែក អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយគិតតែលក់ដូរតាមផ្លូវមានពលរដ្ឋជាង១លាន៦សែននាក់ គឺមានស្រី្តប្រមាណ៧៩ភាគរយ។ នេះបើតាមរបាយការណ៍ឆ្នាំ២០១៩ របស់អង្គការអុកស្វាម៕

Tag:
 សេដ្ឋកិច្ចក្រៅប្រព័ន្ធ
  ទារកដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com