កីឡាជាតិ
ជាតិ
កីឡាករ កីឡាការិនីកម្ពុជា ទោះជាបរាជ័យ តែបំបែកកំណត់ត្រាថ្នាក់ជាតិ
21, Dec 2021 , 11:30 am        
រូបភាព
អត្តពលិកហែលទឹកជម្រើសជាតិ រួមទាំងគ្រូបង្វឹក។ រូបថត សហព័ន្ធកីឡាហែលទឹក
អត្តពលិកហែលទឹកជម្រើសជាតិ រួមទាំងគ្រូបង្វឹក។ រូបថត សហព័ន្ធកីឡាហែលទឹក
កីឡាករ-កីឡាការិនីកម្ពុជា បានបរាជ័យក្នុងការប្រកួតនា​ព្រឹត្តិការណ៍ ប្រកួតជើងឯកកីឡា ហែលទឹកពិភពលោក-អាងហែលទឹក២៥ម៉ែត្រ (15th FINA World Swimming Championships -25m 2021) នៅប្រទេសអារ៉ាប់រួម (United Arab Emirates) កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ។ បើទោះជាបរាជ័យលើឆាកអន្ដរជាតិ ក៏ដោយ ថិរវេលា ដែលកីឡាករ កីឡាការិនីធ្វើបានក្នុងការប្រកួត បានបំបែកកំណត់ត្រាថ្នាក់ជាតិ ។

 
កីឡាករ មនត្រស ផានសុវណ្ណអារុន (MONTROSS Phansovannarun) បានប្រកួតក្នុងវិញ្ញាសារ ហែលសេរី បុរស ១០០ម៉ែត្រ ដោយស្ថិតក្នុង Heat 3 ក្នុងចំណោម Heat ទាំង១២ មាន១០អត្តពលិក ។ ជម្រើសជាតិកម្ពុជារូបនេះ ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុង Heat និងលេខ៨៧ ក្នុងចំណោមអត្តពលិក សរុប១១៨នាក់ ដោយខ្លួន ធ្វើការបញ្ចប់ក្នុងថិរវេលា ៥៥:៧១ វិនាទី ខណៈលេខ១ក្នុងវិញ្ញាសា បានទៅលើ កីឡាករកាណាដា Joshua LIENDO EDWARDS ក្នុងថិរវេលា ៤៦:២៦ វិនាទី និងលេខ២ កីឡាករអ៊ីតាលី Alessandro MIRESSI ក្នុងថិរៈវេលា ៤៦:៣០ វិនាទី ។ តាមរយៈសហព័ន្ធកីឡាហែលទឹក មនត្រស ផានសុវណ្ណអារុន បានបំបែកកំណត់ត្រាថ្នាក់ជាតិ ដែលមិនធ្លាប់មានកីឡាករកម្ពុជាណា អាចធ្វើបានក្នុងវិញ្ញាសានេះ ។
 
នៅថ្ងៃជាមួយគ្នានេះដែរ កីឡាការិនី ម៉ីលិតាន មីននិក (Mei-Li Tan MINNICH) បានបង្កើតកំណត់ត្រាថ្មី សម្រាប់វិស័យកីឡាហែលទឹកកម្ពុជា ។ អត្តពលិករូបនេះ បានទទួលជោគជ័យ ក្នុងHeat 1 ក្នុងចំណោមអត្តពលិក៥នាក់ ដោយបញ្ចប់វិញ្ញាសា ហែលទឹកបែបមេអំបៅ ១០០ម៉ែត្រ ក្នុងថិរៈវេលា ១:០៨:៦៨ វិនាទី គួរបញ្ជាក់នៅក្នុងវិញ្ញាសានេះ ត្រូវបានចែកចេញជា ៥ Heat ។ ទោះបីជាយ៉ាងនេះក៏ដោយ អត្តពលិកកម្ពុជារូបនេះ មិនបានទៅវគ្គបន្ដឡើយ ដោយបានឈរត្រឹម ចំណាត់ថ្នាក់លេខ៣៨ ក្នុងចំណោមអត្តពលិក សរុប៤៥នាក់ ។ កីឡាការិនី ស៊ុយអែត Louise HANSSON ទទួលចំណាត់ថ្នាក់លេខ១ និងលេខ២ កីឡាការិនីអាម៉េរិក Claire CURZAN ។
 
ស្របពេល កីឡាការិនី កាំង មុយនីន (KAING Muynin) ត្រូវប្រកួតក្នុងវិញ្ញាសា ហែលសេរី៥០ម៉ែត្រ ។ កីឡាការិនីរូបនេះ ស្ថិតក្នុងHeat ទី១ មានអត្តពលិក ៩នាក់ និងមានអត្តពលិកសរុប ក្នុងវិញ្ញាសានេះ ១០៩នាក់ និង ១១Heat ។ មុយនីន បានធ្វើការបញ្ចប់វិញ្ញាសាក្នុង ថិរវេលា ២៨:៤២ ទទួលបានលេខ៣ ក្នុងHeat និងលេខ ៧០ ក្នុងចំណោមអត្តពលិកទាំងអស់ ។ 
 
បើតាមបញ្ជាក់របស់ អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា លោក ហែម គិរី ទៅសារពត៌មានថ្មីៗកាលពីថ្ងៃទី១១ ខែធ្នូ កន្លងទៅ មិនសូវរំពឹងថា កម្ពុជានឹងអាចយកមេដាយបានតែ តែរំពឹងត្រឹមយកបទពិសោធន៍ និងការពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនី ។ ជាក់ស្ដែកតាមរយៈការប្រកួតព្រឹត្តិការខាងលើ កីឡាករកម្ពុជា បានបំបែកកំណត់ត្រាថ្នាក់ជាតិថ្មី ដែលមិនទាន់មានកីឡាករណាអាចធ្វើបាន ៕

Tag:
 ហែលទឹក
© រក្សាសិទ្ធិដោយ thmeythmey.com