ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកសារ៧ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីមេដឹកនាំកម្ពុជា-វៀតណាម
21, Dec 2021 , 4:00 pm        
រូបភាព
រូប៖ AKP
រូប៖ AKP
ដោយ: ថ្មីៗ
កម្ពុជា និងវៀតណាម បានចុះហត្ថលេខាជាមួយគ្នាលើឯកសារ៧ ក្រោមអធិបតីរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ង្វៀន សួនហ៊្វុន ប្រនាធិបតីវៀតណាម នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។  ឯកសារទាំង៧នោះ គឺសំដៅលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំង២ ឲ្យកាន់តែប្រសើរឡើង។


 
១ ឯកសារស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម, ២ឯកសារស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុចា និងក្រសួងការពារជាតិវៀតណាម, ៣ ឯកសារស្ដីពីការកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម, ៤ ឯកសារស្ដីពីការកំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម, ៥ អនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ២០២១-២០២៥ រវាងក្រសួងអប់រំកម្ពុជា និងក្រសួងអប់រំវៀតណាម, ៦ អនុស្សរណៈយោគយល់គ្នាស្ដីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម, និង ៧ ឯកសារស្តីពីសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម។ 
 
ក្រៅពីជួបសម្តេច ហ៊ុន សែន លោក ង្វៀន សួនហ៊្វុន នឹងចូលជួបសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ លោក ក៏នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងព្រះមហាត្រី ផងដែរ។ លើសពីនេះ លោក នឹងចូលក្រាបថ្វាយបង្គំគាល់សម្តេចព្រះសង្ឃរាជទាំង២គណៈ គឺសម្តេច ទេព វង្ស សម្តេចព្រះសង្ឃរាជគណៈមហានិកាយ និង សម្តេច បួរ គ្រី សម្តេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយ។ លោក បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ហើយដំណើរទស្សនកិច្ចរបស់លោក នៅកម្ពុជា នឹងត្រូវបញ្ចប់នៅថ្ងៃស្អែក (ទី២២ ខែធ្នូ)៕ 

Tag:
 កម្ពុជា-វៀតណាម
  ទំនាក់ទំនង
© រក្សាសិទ្ធិដោយ thmeythmey.com