ជាតិ
សេដ្ឋកិច្ច
កសិកររំពឹងថាទីផ្សារមៀនប៉ៃលិនងើបឡើងវិញ បន្ទាប់ពីក្រសួងពន្លឿនការចរចានាំ​ទៅចិន
24, Dec 2021 , 5:40 pm        
រូបភាព
កសិករដាំមៀនប៉ៃលិន រំពឹងមានទីផ្សារឡើងវិញ បន្ទាប់ពីក្រសួងកសិកម្មពន្លឿនការចរចានាំចេញទៅទីផ្សារប្រទេសចិនដោយផ្ទាល់។ បច្ចុប្បន្ន ដំណើរការចរចាទីផ្សារ មៀនប៉ៃលិនទៅកាន់ប្រទេសចិន បានឈានដល់ដំណាក់កាលវាយតម្លៃហានិភ័យ នៅតាមចម្ការ និងរោងចក្រវេចខ្ចប់ហើយ។

 
 
លោក អ៊ុន ថេង កសិករដាំមៀនប៉ៃលិនជាង១០ហិកតា នៅខេត្តប៉ៃលិន បានប្រាប់សារព័ត៌មាន Thmey Thmey 25 នៅថ្ងៃទី២២ធ្នូនេះថា មៀនប៉ៃលិន ជួបបញ្ហាទីផ្សារអស់រយៈពេល ២ឆ្នាំហើយ ក្នុងវិបត្តិកូវីដ-១៩នេះ។ លោក បន្តថា កសិករនឹងលែងបារម្ភពីតម្លៃ និងទីផ្សារហើយ ប្រសិនក្រសួងកសិកម្ម ពន្លឿនការនាំចេញផ្ទាល់ ទៅចិន នៅខែមករាឆ្នាំ២០២២ខាងមុខ​។ លោក អ៊ុន ថេង ថ្លែងប្រាប់ថា៖«ពិតជាល្អណាស់ដែលក្រសួង ក៏ដូចជារដ្ឋាភិបាល យកចិត្តទុកដាក់ ពន្លឿនការចរចានាំចេញទៅប្រទេសចិនដោយផ្ទាល់នេះ។​ ចាប់ពីពេលនេះទៅ ប្រសិនបើការចរចាហ្នឹងកើតឡើង ហើយយើងអាចនាំទៅចិនបានមែន គឺពួកយើងខ្ញុំលែងព្រួយបារម្ភរឿងទីផ្សារទៀតហើយ»។
 
បើតាមកសិករដដែល បច្ចុប្បន្ន បញ្ហាប្រឈមរបស់កសិករ គឺដាំមៀនបានហើយ តែពិបាករកទីផ្សារលក់។ កន្លងមកកសិករជាច្រើនត្រូវនាំផ្លែមៀនប៉ៃលិន ទៅលក់ឲ្យរោងចក្រនៅប្រទេសថៃ​ ប៉ុន្តែដោយសារថៃបានបិទច្រកព្រំដែន មិនឲ្យមានការនាំចេញ ធ្វើឲ្យមៀនប៉ៃលិនរបស់លោក និងកសិករឯទៀត បានជ្រុះចោលអស់ជាច្រើនតោន។ ​​លោក អ៊ុន ថេង បញ្ជាក់ទៀតថា សព្វថ្ងៃតាមចម្ការនីមួយៗ បាន​ត្រៀមខ្លួនរួចរាល់អស់ហើយ ក្នុងការចុះបញ្ជីជាមួយក្រសួងកសិកម្ម ដើម្បីស្នើសុំនាំចេញផ្លែមៀនទៅកាន់ប្រទេសចិន។ ​«ចំពោះការផលិតតាមស្តងដារ គឺពួកខ្ញុំបានត្រៀមខ្លួនរួចអស់ហើយ ក្នុងការចុះបញ្ជីជាមួយក្រសួង។ អ៊ីចឹង តាមចម្ការនីមួយៗ គាត់បានធ្វើរួចរាល់អស់ហើយ ដូចជាការ អនុវត្តកសិកម្មល្អជាដើម។ ឥឡូវនេះ កំពុងតែរងចាំការចុះមកវាយតម្លៃពីខាងក្រសួងនៅចុងខែធ្នូនេះ»។ នេះជាការបន្ថែមរបស់លោក អ៊ុន ថេង។


 រូបភាពផ្ដល់ដោយកសិករ 
 
ចំណែកលោក ហេង ម៉ៅ កសិករដាំមៀនប៉ៃលិន ប្រមាណ២ពាន់ដើម​ គាំទ្រឲ្យក្រសួងកសិកម្ម ពន្លឿនការនាំចេញផ្លែមៀនប៉ៃលិន ទៅចិនដោយផ្ទាល់។ លោក ហេង ម៉ៅ លើកឡើងថា កន្លងមកលោកបានត្រៀមខ្លួនផលិតតាមស្តងដារ អនាម័យរួចរាល់ហើយ។ ប្រសិនបើ អាចនាំចេញទៅចិនឆាប់ៗ នោះកសិករនឹងទទួលបានផលប្រយោជន៍ច្រើន ទាំងតម្លៃ និងទីផ្សារ ជាជៀងពឹងផ្អែកលក់ទៅឲ្យថៃ។ លោក ហេង ម៉ៅ បន្ថែម៖ «បើមានក្រុមហ៊ុន ឬរដ្ឋាភិបាលអាចនាំចេញត្រង់ ទៅចិនបានគឺវាកាន់តែល្អ ដើម្បីជួយកសិករយើង។ ព្រោះ មៀនប៉ៃលិនយើងមានច្រើនណាស់ ហើយកន្លងមកយើងឆ្លងកាត់ទៅលក់នៅថៃហ្នឹង វាពិបាកណាស់»។ 
 
អគ្គរដ្ឋបាលគយចិន បានយល់ព្រមអនុវត្តដំណើរការវាយតម្លៃ វិភាគហានិភ័យលើមៀនប៉ៃលិន ពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូ តាមការស្នើសុំរបស់ក្រសួងកសិកម្ម។ ដំណើរការវាយតម្លៃវិភាគហានិភ័យលើផ្លែមៀនប៉ៃលិន គ្រោងនឹងធ្វើឡើងនៅសប្ដាហ៍ទី១ នៃខែមករាឆ្នាំ២០២២ នៅតាមចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃមួយចំនួន​។  បច្ចុប្បន្ន​ មានរោងចក្រតែមួយបានសាងសង់រួច មានទីតាំងនៅខេត្តប៉ៃលិន ដើម្បីវាយតម្លៃបញ្ចប់ដំណាក់កាលវិភាគហានិភ័យមុន នឹងបន្តនិតិវិធីរៀបចំចុះហត្ថលេខាលើពិធីសារបច្ចេកទេស។ 
 
ជាមួយគ្នានេះ ក្រសួងកសិកម្ម បានអំពាវនាវឲ្យម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ត្រូវត្រៀមលក្ខណៈ និងដាក់ពាក្យស្នើសុំ ដើម្បីសហការ​ជាមួយមន្ត្រីអគ្គនាយកដ្ឋានកសិកម្ម ក្នុងការនាំចេញផ្លៃមៀនប៉ៃលិនទៅប្រទេសចិន៕ 

Tag:
 មៀនប៉ៃលិន
  ក្រសួងកសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com