ជាតិ
សេដ្ឋកិច្ច
ទេសចរជាតិជិត១៩ម៉ឺននាក់ទៅកម្សាន្តនៅខេត្តសៀមរាប ក្នុងថ្ងៃឆ្លងឆ្នាំសកល
01, Jan 2022 , 5:00 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ភ្ញៀវជាតិទៅកម្សាន្តនៅខេត្តសៀមរាប ប្រមាណ១៩ម៉ឺននាក់ នៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំ២០២១ ចូល២០២២។ ទេសចរជាតិទាំងនោះ មកពីបណ្ដាលខេត្តផ្សេងចំនួន ៧៦ភាគរយ និង២៣ភាគរយទៀត ជាភ្ញៀវក្នុងតំបន់។

 
ស្ថានភាពនៃការរីករាលដាលនៃជំងឺ កូវិដ-១៩ហាក់ធូរស្បើយ បានធ្វើឱ្យចរន្តនៃទេសចរណ៍ទូទាំងប្រទេស ចាប់ផ្ដើមងើបបន្តិចម្ដងៗ។ ទន្ទឹមនឹងនោះ ក្នុងព្រឹត្តិការណ៍មួយចំនួនក៏ចាប់ផ្ដើមមានជាបន្តបន្ទាប់ ដែលធ្វើឱ្យទេសចរជាតិ និងអន្តរជាតិ ចាប់ផ្ដើមធ្វើដំណើរកម្សាន្តវិញ។
 
ជាមួយគ្នានេះ ក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកល នៅក្នុងខេត្តសៀមរាប មានភ្ញៀវទៅកម្សាន្តនៅរមណីយដ្ឋាននានា ជិត១៩ម៉ឺននាក់។ បើតាមមន្ទីរព័ត៌មានខេត្តសៀមរាប ភ្ញៀវភាគច្រើនជាទេសចរជាតិ និងមកពីបណ្ដាលខេត្តផ្សេងប្រមាណ៧៦ភាគរយ ស្មើនឹងប្រមាណពី១៤ទៅ១៥ម៉ឺននាក់ ។ ចំណែកឯ ភ្ញៀវក្នុងតំបន់មានប្រមាណ២៣ភាគរយ ដែលស្មើនឹង៤ទៅ៥ ម៉ឺននាក់។
តំបន់ទាក់ទាញដែលជាប់លំដាប់ថ្នាក់មានទេសចរទៅទស្សនាច្រើនជាងគេ គឺរមណីយដ្ឋានអង្គរ មានប្រហែល១៧ម៉ឺននាក់។  រមណីដ្ឋានឧទ្យានជាតិភ្នំគូលែនប្រហែល ៥ពាន់នាក់។ ចំណែកឯ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ ព្រមតំបន់ផ្សេងៗ ​មានប្រហែល១៤ពាន់នាក់។ ចំពោះតំបន់ផ្សេងដែលទេសចរនិយមទៅកម្សាន្តនៅក្នុងខេត្តសៀមរាបរួមមាន៖ ការជួបជុំគ្នាកម្សាន្តពេលរាត្រីឆ្លងឆ្នាំនៅក្រុងសៀមរាប តំបន់ផាប់ស្រ្ទីត និងនៅសួនច្បារព្រះរាជដំណាក់ជាដើម។
 
សូមបញ្ជាក់ថា មិនមែនមានតែខេត្តសៀមរាបនោះទេ ដែលចាប់ផ្ដើមទទួលទេសចរជាតិច្រើន នៅថ្ងៃឆ្លងឆ្នាំ​ ក្នុងនោះខេត្តដែលមានសក្តានុពលដូចជា​ ព្រះសីហនុ កំពត កោះកុង ពោធិ៍សាត់ បាត់ដំបង និងខេត្តផ្សេងទៀតក៏ទទួលបានភ្ញៀវទៅកម្សាន្តមិនចាញ់គ្នាដែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com