ជាតិ
ទូតអាម៉េរិក អះអាងថា កំពុងតាមដានករណីចាប់ខ្លួនអ្នកតវ៉ានៅណាហ្គាវើលដ៍
04, Jan 2022 , 2:51 pm        
រូបភាព
ក្រុមសមត្ថកិច្ច និងក្រុមអ្នកតវ៉ានៅណាហ្គាវើលដ៍។
ក្រុមសមត្ថកិច្ច និងក្រុមអ្នកតវ៉ានៅណាហ្គាវើលដ៍។
ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា កំពុងតាមដានករណីចាប់ខ្លួនជាបន្តបន្ទាប់សមាជិកសហជីពនៃបុគ្គលិក កម្មករណាហ្គាវើលដ៍ ចាប់តាំងពីរាត្រីឆ្លងឆ្នាំមក។ មកដល់ពេលនេះ មនុស្សជាង២០នាក់ ត្រូវបានចាប់ខ្លួន ក្រោយការបន្តប្រមូលផ្តុំតវ៉ាទាមទារបុគ្គលិកជាង៣០០នាក់ចូលធ្វើការវិញ។



«យើងកំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ នូវការចាប់ខ្លួនសមាជិកសហជីពនៃបុគ្គលិក កម្មករ នៃកាស៊ីណូណាហ្គាវើលដ៍ ដោយសារតែការបញ្ចេញមតិដោយសន្តិវិធីរបស់ពួកគេ និងស្នើឱ្យអាជ្ញាធរស្តាប់ពីពលរដ្ឋ មិនមែនបំបិទសម្លេងរបស់គេទេ»។ នេះជាការលើកឡើងរបស់ស្ថានទូតអាម៉េរិក។

ស្ថានទូតនៃប្រទេសមហាអំណាចមួយនេះ បានក្រើនរំលឹកថា សេរីភាពក្នុងការបញ្ចេញមតិ ក្នុងការប្រមូលផ្តុំគ្នា និងក្នុងការចងក្រងគ្នាជាក្រុម សមាគម ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។

ការតវ៉ាបានចាប់ផ្តើមតាំងពីថ្ងៃទី១៨ ខែធ្នូ មក ហើយក្រោយថ្ងៃទី៣១ ខែធ្នូ អាជ្ញាធរបាន ចាប់ខ្លួនអ្នកតវ៉ាជាបន្តបន្ទាប់។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការឃាត់ខ្លួនអ្នកនាំធ្វើចលនាបាតុកម្មដោយខុសច្បាប់ នៅមុខណាហ្គាវើលដ៍ចំនួន៩នាក់» នៅព្រឹកថ្ងៃទី៤ ខែមករានេះ លោក ហ៊ុន សុធី ស្នងការរាជធានីភ្នំពេញ បានបង្ហាញភស្តុតាងពីសំឡេង និងគម្រោងរៀបចំធ្វើការតវ៉ា។

ស្នងការរងរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា ការតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ គឺមានការផ្ដល់ថវិកាគាំទ្រពីខាងក្រោយ ដោយអង្គការចំនួនបី ក្នុងនោះមានអង្គការចំនួន២នៅក្នុងស្រុក និងមួយទៀតនៅក្រៅស្រុក៕
 
អត្ថបទទាក់ទង




Tag:
 ណាហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com