ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក ហៃ លីអ៊ាង សហគ្រិនដែលបាននាំផលិតផលត្នោត និងម្រេចខ្មែរ​ ទៅ​ជាង៣០ប្រ​​ទេ​ស
09, Jan 2022 , 3:19 pm        
រូបភាព
លោក ហៃ លីអ៊ាង អគ្គនាយកក្រុមហ៊ុន ខនហ្វីរេល
លោក ហៃ លីអ៊ាង អគ្គនាយកក្រុមហ៊ុន ខនហ្វីរេល
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ លោក ហៃ លីអ៊ាង អគ្គនាយកក្រុមហ៊ុន ខនហ្វីរេល គឺជាម្ចាស់ពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២១។ មានបទពិសោធន៍នៅក្នុងការធ្វើអាជីវកម្មប្រមាណ៣០ឆ្នាំមកហើយ ​លោក ហៃ លីអ៊ាង គឺសហគ្រិនខ្មែរដ៏លេចធ្លោមួយរូបនេះ ដែលបាននាំយកផលិតខ្មែរកែច្នៃពីត្នោត និងម្រេច ទៅកាន់ទីផ្សារអន្តរជាតិជិត៣០នៅទូទាំងពិភពលោក។ ផលិតផលទាំងនោះ មានដូចជាស្ករត្នោត ស្រាត្នោត ម្រេច និងតែម្រេចជាដើម។


 
​​ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវីអ្នកសម្របសម្រួលកម្មវិធី«គំនិតថ្មី» និងលោក ហៃ លីអ៊ាង ដូចតទៅ៖

 
 
លោក ហៃ លីអ៊ាង ឱសថបណ្ឌិតនៃសហគ្រាសផលិតឱសថ PPM និងជាអគ្គនាយកក្រុមហ៊ុន ខនហ្វីរេល ដែលបានឈ្នះពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២១។ ទម្រាំទទួលបានសមិទ្ធផលមួយនេះ លោកបានបង្កើតផលិតផលបង្ហាញពីអត្តសញ្ញាណ និងខិតខំសិក្សាស្រាវជ្រាវ បង្កើតនូវផលិតផលថ្មីៗ ដោយត្រូវបានគេទទួលស្គាល់លក្ខណៈអន្តរជាតិ។  
 
លោក ហៃ លីអ៊ាង បញ្ជាក់ដូច្នេះ៖«សូមយើងជឿលើខ្លួនយើង វាសនាយើង ប្រទេសជាតិយើង ព្រោះគ្មានអ្នកណាផ្សេងមកជួយយើងឡើយ ហើយខំប្រឹងគាស់កកាយឡើងវិញ នូវមរតកដែលដូនតាយើងបានបន្សល់ទុកឱ្យ ច្នៃឱ្យស័ក្តិកសមនឹងតម្លៃទៅកាន់បរទេស ដូចប្រាសាទអង្គរវត្តផងដែរ»។


លោក ហៃ លីអ៊ាង អគ្គនាយកក្រុមហ៊ុន ខនហ្វីរេល
 
បើតាមសហគ្រិនវ័យ ៥៣ឆ្នាំ រូបនេះ ការខិតខំអាជីវកម្មនេះឡើង ព្រោះចង់យកសមត្ថភាព ឆន្ទៈ ទស្សនៈ ដែលខ្លួនមានទៅបង្កើតជាសមិទ្ធផលថ្មីៗជាច្រើន បង្ហាញទៅកាន់អន្តរជាតិ ថាខ្មែរអាចធ្វើបាន។ ម្យ៉ាងទៀតម្ចាស់សហគ្រាសរូបនេះ ចង់ផ្សារភ្ជាប់គម្លាតសង្គមរវាង អ្នកនៅទីក្រុង និងអ្នកនៅជនបទ ឱ្យស្គាល់ និងយល់ពីតម្លៃផលិតផលជាតិតែមួយ។ លោក ហៃ លីអ៊ាង ចង់ចូលរួមលើកកម្ពស់ផលិតផលខ្មែរ ដ៏ដូចជាសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់នូវឱកាសការងារដល់ពលរដ្ឋទាំងនៅក្នុង និងក្រៅប្រទេស។
 
លោកបានលើកទឹកចិត្តដល់សហគ្រិនជំនាន់ក្រោយ ដែលជាអ្នកផលិតក្នុងស្រុក ឱ្យ​ជឿជាក់​លើខ្លួនឯង​ ខិតខំសិក្សាស្រាវជ្រាវ រាវរករូបមន្តថ្មីបន្ថែម ដើម្បីបំពេញតម្រូវការជូនអតិថិជន ពិសេសមរតកដែលដូនតា​បានបន្សល់ទុកឱ្យ បើទោះបីជាជួបឧសគ្គបែបណាក៏ដោយ​៕
 


ពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២១


Tag:
 ហៃ លីអ៊ាង
  សហគ្រិនខ្មែរ
 SMEs
 ត្នោត
 ម្រេច​
© រក្សាសិទ្ធិដោយ thmeythmey.com