ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឥណ្ឌូណេស៊ី ប្រាប់កម្ពុជា៖ បើមីយ៉ាន់ម៉ា មិនគោរពគោលការណ៍៥ចំណុច គួរឲ្យតំណាងរបស់គេកម្រិតក្រោមនយោបាយបានហើយ ដែលចូលប្រជុំអាស៊ាន
24, Jan 2022 , 1:06 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានអាស៊ានឆ្នាំ២០២២ និង លោកប្រធានាធិបតីឥណ្ឌូណេស៊ី  ចូកូ វីដូដូ ដែលនឹងក្លាយជាប្រធានអាស៊ានឆ្នាំ២០២៣ (រូបពី AFP)
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានអាស៊ានឆ្នាំ២០២២ និង លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ដែលនឹងក្លាយជាប្រធានអាស៊ានឆ្នាំ២០២៣ (រូបពី AFP)
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូ​ដូ (Joko Widodo) មិនចង់ឲ្យមេដឹកនាំកំពូល ឬមេដឹកនាំជាអ្នកនយោបាយណាមួយក្នុងជួររបបយោធាមីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងមីយ៉ាន់ម៉ាតាមរយៈការធ្វើរដ្ឋប្រហារ មានវត្តមានក្នុងកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ឡើយ បើពួកយោធាមីយ៉ាន់ម៉ា មិនទាន់បានគោរពតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច ដែលអាស៊ានដាក់ចេញនាពេលកន្លងមក។ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ដែលនឹងឡើងកាន់តំណែងប្រធានអាស៊ានឆ្នាំ២០២៣ បានបង្ហាញបំណងបែបនេះ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកំពូលរបស់កម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។



ចំពោះលោក ចូកូ វីដូដូ បើរបបយោធាមីយ៉ាន់ម៉ា មិនទាន់បានគោរពតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច អាស៊ាន គួរអនុញ្ញាតឲ្យតំណាងរបស់របបយោធាមីយ៉ាន់ម៉ាត្រឹមកម្រិតក្រោមនយោបាយបានហើយ ដែលចូលរួមក្នុងកិច្ចប្រជុំអាស៊ាន។ ក្រសួងការបរទេសឥណ្ឌូណេស៊ី បានស្រង់សម្តីរបស់លោក ចូកូ វីដូដូ ដែលនិយាយជាមួយសម្តេច ហ៊ុន សែន តាមទូរស័ព្ទ យកទៅផ្សព្វផ្សាយក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា៖«ដរាបណា មិនមានការវិវឌ្ឍគួរឲ្យកត់សម្គាល់ណាមួយ ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ានទេ វា គឺជាសិទ្ធិអំណាចរបស់អាស៊ាន ដែលត្រូវរក្សាសេចក្តីសម្រេចឲ្យតំណាងរបបយោធាមីយ៉ាន់ម៉ាមិនមែនកម្រិតថ្នាក់នយោបាយ ចូលរួមប្រជុំអាស៊ាន»។ 
 
កាលពីព្រុយណេនៅធ្វើជាប្រធានអាស៊ានឆ្នាំ២០២១ អាស៊ាន ធ្លាប់បានអញ្ជើញតំណាងរបបយោធាមីយ៉ាន់ម៉ាឲ្យចូលរួមប្រជុំអាស៊ានដែរ តែអញ្ជើញតំណាងក្រោមកម្រិតនយោបាយប៉ុណ្ណោះ។ ដោយមិនពេញចិត្តនឹងការអញ្ជើញតំណាងខ្លួនកម្រិតក្រោមនយោបាយ របបយោធាមីយ៉ាន់ម៉ា ពុំបានបញ្ជូនតំណាងណាមួយទៅចូលរួមកិច្ចប្រជុំអាស៊ានឡើយ។
 
ក្នុងកិច្ចពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជាតាមទូរស័ព្ទ លោកប្រធានាធិបតីឥណ្ឌូណេស៊ី សង្កត់ធ្ងន់ថា ការដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា គួរដើរតាមគោលការណ៍ ដែលមេដឹកនាំអាស៊ាន បានឯកភាពគ្នា ពោលគឺ កិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច។ លោក បង្ហាញការសោកស្តាយ ដែលរបបយោធាមីយ៉ាន់ម៉ា មិនអនុវត្តតាមកិច្ចព្រមព្រៀងទាំង៥ចំណុចនេះ ទោះបីជាមេដឹកនាំកម្ពុជា ជាប្រធានអាស៊ាន បានទៅបំពេញទស្សនកិច្ចដល់មីយ៉ាន់ម៉ាហើយក៏ដោយ។  
 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាឯណេះវិញ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រាបលោក ចូកូ វីដូដូ ត្រួសៗ អំពីដំណើរទស្សនកិច្ចរបស់សម្តេច ទៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-ទី៨ ខែមករា ឆ្នាំ២០២២។ ប្រមុខរដ្ឋាភិបាលកម្ពុជា លើកឡើងថា ដំណើរទស្សនកិច្ចរបស់ខ្លួននៅមីយ៉ាន់ម៉ា គឺដើម្បីជំរុញឲ្យរបបយោធាមីយ៉ាន់ម៉ាអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច។  
 
នាយករដ្ឋមន្រ្តីកម្ពុជា អះអាងទៅកាន់លោកប្រធានាធិបតីឥណ្ឌូណេស៊ីថា ទស្សនកិច្ចរបស់ខ្លួននៅមីយ៉ាន់ម៉ា ទទួលលទ្ធផលបានធំៗ រួមមាន របបយោធាមីយ៉ាន់ម៉ា ផ្អាកបាញ់គ្នា ផ្អាកការប្រើហិង្សា រហូតដល់ចុងឆ្នាំ២០២២ គាំទ្របេសកជនពិសេសរបស់កម្ពុជាជាប្រធានអាស៊ាន ក្នុងការចូលទៅចរចាជាមួយគ្រប់ភាគីនៅមីយ៉ាន់ម៉ា និង សម្របសម្រួលឲ្យមានកិច្ចប្រជុំជាមួយគ្រប់ភាគី ដើម្បីធានាឲ្យមានការផ្តល់ជំនួយដល់ប្រជាជនមីយ៉ាន់ម៉ាដោយគ្មានការរើសអើង។ 
 
បន្ថែមពីនេះ មេដឹកនាំកម្ពុជា បានស្នើឲ្យបង្កើតយន្តការត្រយកា (troika) ដែលមានតួអង្គសំខាន់៤ចូលរួម គឺព្រុយណេ ជាអតីតប្រធានអាស៊ាន (២០២១) កម្ពុជា ជាប្រធានអាស៊ានបច្ចុប្បន្ន (២០២២) ឥណ្ឌូណេស៊ី ជាប្រធានអាស៊ានអនាគត (២០២៣) និង អគ្គលេខាធិការអាស៊ាន ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច លើបញ្ហាមីយ៉ាន់ម៉ា។ 
 
កិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច គឺ ទី១ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ ត្រូវរក្សាភាពអត់ធ្មត់ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន ទី៥ បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។
 
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ មេដឹកនាំប្រទេសក្នុងអាស៊ាន បានប្រជុំគ្នានៅប្រទេសព្រុយណេ ដើម្បីរួមគ្នារកដំណោះស្រាយនៅមីយ៉ាន់ម៉ា ដោយកិច្ចប្រជុំនោះ ក៏មានវត្តមានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលជាមេយោធាកំពូលក្នុងការដឹកនាំធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ាផងដែរ។ តាមរយៈកិច្ចប្រជុំនាពេលនោះ មេដឹកនាំប្រទេសក្នុងអាស៊ាន បានសម្រេចដាក់ចេញកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ ដើម្បីយកទៅដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។
 
សូមរម្លឹកពីសាវតារថា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារ និងដណ្តើមអំណាចបានទាំងស្រុងពីអ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នកស្រី អ៊ុងសាន ស៊ូជី ដែលមានតួនាទីផ្លូវការជាទីប្រឹក្សារដ្ឋ តែគេ ចាត់ទុកជាមេដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា ក្នុងការបំពេញការងារជាក់ស្តែង ត្រូវបានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្លាប់ជាមនុស្សស្និទ្ធនិងជាកូនចៅរបស់អ្នកស្រី ចាប់អ្នកស្រី ដាក់ពន្ធនាគារជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតក្នុងជួររដ្ឋាភិបាលរបស់អ្នកស្រី។
 
វា មានរយៈពេលជិត១ឆ្នាំហើយ ដែលប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចេញធ្វើបាតុកម្មតវ៉ាឲ្យរបបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី ហើយប្រគល់អំណាចជូនអ្នកស្រីវិញ។ គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មានប្រជាជន១៤៨៨នាក់ ដោយមានទាំងកុមារផង ត្រូវបានសម្លាប់ក្នុងព្រឹត្តិការណ៍ធ្វើបាតុកកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ខណៈ១១៦៦៥នាក់ កំពុងជាប់ឃុំ។ នេះបើផ្អែកតាមរបាយការណ៍ពីសមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ា (Assistance Association of Political Prisoners)។

មូលហេតុធំៗ២យ៉ាង នៃការឈានដល់ការធ្វើរដ្ឋប្រហារ គឺទី១ ពួកយោធាមីយ៉ាន់ម៉ា យល់ថា ការបោះឆ្នោត មានការលួចបន្លំ ហើយទី២ ពួកយោធា ខឹងនឹងរដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះឆ្នោតសម្រាប់អាណត្តិថ្មី មិនព្រមពិនិត្យលទ្ធផលបោះឆ្នោតឡើងវិញ ដែលពួកគេ បានស្នើសុំ។ របបយោធាមីយ៉ាន់ម៉ា អះអាងថា នឹងរៀបចំការបោះឆ្នោតឡើងវិញ នៅខែសីហា ឆ្នាំ២០២៣។
 
អ្នកស្រី អ៊ុងសាន ស៊ូជី ពីអ្នកប្រឆាំង ក្លាយទៅជាអ្នកដឹកនាំរដ្ឋាភិបាលវិញម្តង ក្រោយអ្នកស្រី ឈ្នះការឆ្នោះឆ្នោត នៅឆ្នាំ២០១៦។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះម្តងទៀត ក្នុងការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែ សម្រាប់ជ័យជម្នះក្នុងអាណត្តិថ្មីនេះ អ្នកស្រី មិនមានភព្វវាសនាបានកាន់អំណាចយូរនិងចប់ចុងចប់ដើមឡើយ ដោយបានរយៈពេលត្រឹម៣-៤ខែប៉ុណ្ណោះ អ្នកស្រី ក៏ត្រូវឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រីពីអំណាច និងបានច្បាមយកអំណាចទាំងមូលមកក្តាប់ក្នុងដៃខ្លួនឯង។
 
មីយ៉ាន់ម៉ា ទើបតែមានពន្លឺប្រជាធិបតេយ្យរយៈពេលខ្លី ក្នុងអំឡុងនៃការដឹកនាំរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ហើយត្រូវរលត់ទៅវិញ បន្ទាប់ពីពួកយោធា ធ្វើរដ្ឋប្រហារ។ ការធ្វើរដ្ឋប្រហារនេះ បាននាំឲ្យមីយ៉ាន់ម៉ា វិលទៅរករបបយោធាសាជាថ្មី៕
 
 
 
 
 

Tag:
 កម្ពុជា-ឥណ្ឌូណេស៊ី
  ហ៊ុន សែន
  Joko Widodo
  បញ្ហាមីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com