ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ស ខេង ស្នើឱ្យភាគីវិវាទការងារនៃក្រុមហ៊ុនណាហ្គា បែរមុខដាក់គ្នារកដំណោះស្រាយបញ្ចប់បញ្ហា
25, Jan 2022 , 10:24 am        
រូបភាព
ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យភាគីវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ ស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាសន្តិវិធី ។ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គា បាននាំគ្នាតវ៉ានៅក្រុមហ៊ុនអស់រយៈពេលជាង១ខែហើយ ដើម្បីទាមទារឱ្យទទួលពួកគេជាង៣០០នាក់ ចូលបម្រើការងារវិញ ជាពិសេសគោរពដល់សិទ្ធិការងាររបស់បុគ្គលិក។



សម្ដេច ស ខេង ដែលបានតាមដានបញ្ហាតវ៉ាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គានេះ បានស្នើឱ្យអ្នកតវ៉ា និងគណៈកម្មការដោះស្រាយវិវាទការងារ ដែលដឹកនាំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសមន្ត្រីនគរបាល និងអាជ្ញាធររាជធានីភ្នំពេញ ដែលពាក់ព័ន្ធទាំងអស់ រក្សាភាពអត់ធ្មត់ និងជំហរសម្របសម្រួលបញ្ហាវិវាទការងារនេះ ដោយសន្តិវិធី ។ សម្ដេច ក៏ជំរុញឱ្យភាគីទាំងអស់ ប្រឹងប្រែងរកដំណោះស្រាយបញ្ចប់បញ្ហានេះផងដែរ។
 
ថ្លែងក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២៥ មករានេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ដូច្នេះថា៖«ទន្ទឹមនឹងនេះ គឺខិតខំរកវិធីបញ្ចប់ឱ្យបានឆាប់កាលណា គឺល្អកាលហ្នឹង។ ហើយបើសិនជាបែរខ្នងដាក់គ្នារហូត គឺដោះ(បញ្ហា)យ៉ាងម៉េចក៏វាមិនចប់ដែរ។ បើអាចថា បន្តិចម្ដងៗទៅ យើងងាកមុខរកគ្នាទៅ ប្រហែលជាអាចរកឃើញដំណោះស្រាយ។ តែបើថាមិនបែរមុខដាក់គ្នាទេ អាហ្នឹងគឺមិនដឹងថាឆ្នាំណាអាចរកឃើញដំណោះស្រាយទេ»។
 
សម្ដេច ស ខេង បានអះអាងថា សម្ដេចតែងតែបានផ្ដល់យោបល់ទៅលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងមន្ត្រីនគរបាលយុត្តិធម៌ ខិតខំសម្របសម្រួលឱ្យភាគីក្រុមហ៊ុនណាហ្គាវើលដ៍ និងអតីតបុគ្គលិក អាចពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយរួម។ «ហើយបើសិនជារកដំណោះស្រាយមិនឃើញ អាចនឹងប្ដឹងទៅតុលាការ ឬប្ដឹងទៅតាមច្បាប់ជាធរមាន។ ឧទារហណ៍ បើសិនមានច្បាប់មានចែងច្បាស់អំពីបញ្ហានេះ។ អ៊ីចឹងយើងដោះស្រាយឱ្យបានសមស្របទៅតាមហ្នឹង»។ នេះបើតាមប្រមុខក្រសួងមហាផ្ទៃ ដែលសង្ឃឹមជឿជាក់ថា នឹងអាចមានដំណោះស្រាយបញ្ចប់លើបញ្ហាវិវាទការងារនៅក្រុមហ៊ុនណាហ្គានេះ។
 
អតីតបុគ្គលិកណាហ្គាវើលដ៍ បានជួបពិភាក្សាជាមួយភាគីក្រុមហ៊ុន និងគណៈកម្មការដោះស្រាយវិវាទការងារ ចំនួន៥លើកមកហើយ ដើម្បីឱ្យភាគីក្រុមហ៊ុនទទួលបុគ្គលិក៣៦០នាក់ ចូលបម្រើការងារវិញ ជាពិសេសគោរពសិទ្ធិការងារបុគ្គលិក និងសហជីព ក៏ដូចជាលក្ខខណ្ឌផ្សេងៗ ដែលពួកគេទាមទារ ។ ប៉ុន្តែការចរចានេះមិនទទួលបានដំណោះស្រាយសមស្របរួមគ្នាឡើយ។ ដោយសារតែគ្មានដំណោះស្រាយសមរម្យនេះហើយ ទើបអតីតបុគ្គលិកទាំងនោះ នាំគ្នាតវ៉ា ចាប់ពីថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ននេះ រហូតដល់មានការចាប់ខ្លួនក្រុមអ្នកតវ៉ាជាបន្តបន្ទាប់។ 
 
កន្លងមកសមត្ថកិច្ចបានចាប់ខ្លួនមេដឹកនាំសហជីព និងសកម្មជនតវ៉ា ២៩នាក់។ ប៉ុន្តែសមត្ថកិច្ច បានដោះលែងសកម្មជនតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍២០នាក់វិញ ហើយ៩នាក់ទៀត ត្រូវតុលាការសម្រេចឃុំខ្លួន ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
 
តែយ៉ាងណាក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈ បញ្ជាក់មូលហេតុថាវិបត្តិកូវីដ-១៩ ធ្វើឱ្យទំហំអាជីវកម្មធ្លាក់ចុះ ហើយត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយមួយចំនួន ដើម្បីទប់ស្កាត់ហានិភ័យ នៃផលប្រយោជន៍ក្រុមហ៊ុន រួមទាំងភាគីពាក់ព័ន្ធ។ ការកាត់បន្ថយចំណាយនេះ គឺផ្ដោតលើធនធានមនុស្ស ជាពិសេសផ្នែកនានា ដែលមានបុគ្គលិកច្រើនលើសតម្រូវការ និងកម្លាំងបុគ្គលិកដែលគ្មានផលិតភាព។ 
 
បើតាមក្រហុមហ៊ុនណាហ្គាវើលដ៍ បុគ្គលិកដែលរងផលប៉ះពាល់សរុបមាន ១ ៣២៩នាក់ មានតែបុគ្គលិក៣៦០នាក់ប៉ុណ្ណោះ ដែលបដិសេធមិនព្រមចុះកិច្ចព្រមព្រៀងបញ្ចប់កិច្ចសន្យាការងារ ដែលធ្វើឡើងតាមវិធានការច្បាប់ និងតាមបទដ្ឋានក្រសួងការងារ។ ក្រុមហ៊ុនណាហ្គាវើលដ៍ បានបង្ហាញពីទំហំខាតបង់ថា៖ «របាយការណ៍លទ្ធផលបណ្ដោះអាសន្នរបស់ក្រុមហ៊ុន បានកត់ត្រានូវការខាតបង់សុទ្ធចំនួន ៧៧លានដុល្លារអាម៉េរិកនៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២១»។
 
ក្រុមហ៊ុនល្បែងមួយនេះ បានបន្ថែមថា ការកាត់បន្ថយបុគ្គលិកនេះ ធ្វើឡើងដោយមិនគិតពីឋានៈបុគ្គលិកតាមផ្នែកនីមួយៗ និងលម្អៀងទៅខាងណាឡើយ ហើយក៏គ្មានចេតនាបំបិទសំឡេងសហជីពនៅក្នុងក្រុមហ៊ុនដែរ។ 
 
កន្លងមកក្រុមអ្នកតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ថា ក្រុមហ៊ុនរើសអើងសហជីព។ តែក្រុមហ៊ុនអះអាងថា ចាប់តាំងពីឆ្នាំ១៩៩៥មក ក្រុមហ៊ុនតែងតែលើកទឹកចិត្តឲ្យបុគ្គលិកបង្កើតសហជីព យកចិត្តទុកដាក់លើប្រយោជន៍ សុខមាលភាព និងសិទ្ធិបុគ្គលិក។
ចុងឆ្នាំ២០២០ ក្រុមហ៊ុនមានបុគ្គលិកជាង៨ ៣០០នាក់ ក្នុងនោះមានសមាជិកសហជីពជាង៣ ៩០០នាក់ ពោលគឺមាន៤៧ភាគរយ ។ នៅចុងឆ្នាំ២០២១នេះ ចំនួនបុគ្គលិកមានត្រឹមតែ៦ ១០០នាក់ ក្នុងនោះ មានសមាជិកសហជីពជាង២ ៥០០នាក់ គឺស្មើ៤២ភាគរយ ៕
 

Tag:
 ស ខេង
  ណាហ្គាវើលដ៍
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com