ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន នឹងជួបលោក មីន អ៊ុងឡាំង ម្ដងទៀត ដើម្បីចង់ដឹងពីករណីកាត់ទោសលោកស្រី ស៊ូជី
25, Jan 2022 , 5:44 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួបលោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ -៨ មករា ២០២២ នៅរាជធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួបលោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ -៨ មករា ២០២២ នៅរាជធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបពិភាក្សាជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ម្តងទៀត តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ មករា  ដើម្បីចង់ដឹងពីករណីកាត់ទោសលោកស្រី អ៊ុង សានស៊ូជី កាលពីពេលថ្មីៗនេះ។ សម្ដេច អះអាងបែបនេះ ក្នុងជំនួបលោក Ismail Sabri Yaakob នាយករដ្ឋមន្រ្តីម៉ាឡេស៊ី តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២៥ មករានេះ។



តុលាការមីយ៉ាន់ម៉ា បានកាត់ទោសលោកស្រី ស៊ូជី ពីបទឧក្រិដ្ឋកម្មចំនួនបី ពាក់ព័ន្ធនឹងការនាំចូលដោយខុសច្បាប់ និងប្រើប្រាស់ឧបករណ៍ទាក់ទង និងបំពានវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ លោកស្រីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ។ ការកាត់ទោសលោកស្រី ស៊ូជី នេះ ធ្វើឡើងក្រោយពីសម្ដេច ហ៊ុន សែន បានទៅជួបលោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨ មករា។
 
សម្ដេច ហ៊ុន សែន នឹងជួបលោក មីន អ៊ុងឡាំង ម្ដងទៀត តាមរយៈវីដេអូអនឡាញម្ដងទៀត ដើម្បីចង់ដឹងព័ត៌មានបន្ថែមទៀត អំពីការងារទាំងអស់នេះ។ សម្ដេច ហ៊ុន សែន ប្រាប់លោក Ismail Sabri Yaakob នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដូច្នេះថា៖«ពេលនេះស្ថានភាពនៅមីយ៉ាន់ម៉ាមានលក្ខណៈស្មុគស្មាញមែនទែនដោយសារមានរដ្ឋាភិបាលដល់ទៅពីរឯណោះ រួមទាំងរដ្ឋាភិបាលស្រមោលផងដែរ»។ 
 
បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា ស្ថានភាពនៅមីយ៉ាន់ម៉ាពិតជាមានភាពស្មុគស្មាញ និងមានការលំបាក ។ ដូច្នេះមិនអាចដោះស្រាយបញ្ហា ក្នុងរយៈពេលខ្លីបាននោះទេ ។ «ប៉ុន្តែអ្វីដែលសំខាន់នោះ គឺយើងធ្វើយ៉ាងណាឱ្យមានការចរចារកដំណោះស្រាយ និងត្រូវមានការបញ្ជូនអំណោយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការជាចាំបាច់នោះ »។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
លោក Ismail Sabri Yaakob នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានយល់អំពីដំណើរទស្សនកិច្ចការងាររបស់សម្ដេច ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលវាមានសារៈសំខាន់សម្រាប់អាស៊ានផង  និងសហគមន៍អន្តរជាតិ។ លោកថា ការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដែលទាមទារការចូលរួមទាំងអស់គ្នា ជាពិសេសក្នុងក្របខណ្ឌធម្មនុញ្ញអាស៊ាន។ «អំពាវនាវឱ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់ នៅប្រទេសមីយ៉ាន់ម៉ា រួមទាំងលោកជំទាវ អ៊ុង សានស៊ូជី ផងដែរ »។ នេះបើតាមរដ្ឋមន្ត្រីម៉ាឡេស៊ី ដែលរំពឹងថា ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាហារ នឹងបានដល់ដៃប្រជាពលរដ្ឋមីយ៉ាន់ម៉ា ។
 
សម្ដេច ហ៊ុន សែន ក៏បានអញ្ជើញលោក មីន អ៊ុងឡាង ចូលរួមកិច្ចប្រជុំអាស៊ាន បើសិនវឌ្ឍនភាពរីកចម្រើន ក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងចំណុចទាំង៥ ដែលបានព្រមព្រៀងជាឯកច្ឆន្ទនោះ។ តែបើសិនជាមិនមានទេ ត្រូវបញ្ជូនតំណាងដែលមិនមែននយោបាយចូលរួមប្រជុំអាស៊ាន។
 
សម្ដេច ក៏បានប្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីសំណើបង្កើតយន្តការ២ ដើម្បីរកច្រកចេញក្នុងការការងារនេះ រួមមាន យន្តការអាស៊ាន-ត្រយការ ដើម្បីជួយសម្របសម្រួល និងតាមដានវឌ្ឍនភាពនៃការអនុវត្ត កិច្ចព្រមព្រៀងដោយឯកច្ឆន្ទទាំង៥ ចំណុច ដែលមានកម្ពុជាប្រធានអាស៊ានបច្ចុប្បន្ន មានព្រុយណេជាអតីតប្រធានអាស៊ាន និងឥណ្ឌូណេស៊ីជាប្រធានអាស៊ានបន្ទាប់ពីកម្ពុជា បូករួមទាំងអគ្គលេខាធិការអាស៊ានផងដែរ។
 
មួយទៀតយន្តការពាក់ព័ន្ធ ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ ឱ្យទៅដល់ដៃប្រជាពលរដ្ឋមីយ៉ាន់ម៉ា ជាពិសេសមានប្រេសិតពិសេសរបស់ប្រធានអាស៊ាន  មានមជ្ឈមណ្ឌលអាហារ ,មានភាគីខាងមីយ៉ាន់ម៉ា ,មានភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌អន្តរជាតិផងដែរ។ « នៅពេលនេះអាស៊ានពិតជាមានការងារជាច្រើនទៀតដែលត្រូវធ្វើ ដូច្នេះអាស៊ានយើងមិនអាចក្លាយទៅជាចំណាប់ខ្មាំងនៃមីយ៉ាន់ម៉ាបានទេ»។ នេះបើតាមប្រមុខរដ្ឋាភិបាលកម្ពុជា៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com