អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
អនុប្រធានាធិបតី​តៃវ៉ាន់ ទៅហុងឌូរ៉ាសដើម្បីពង្រឹងសម្ព័ន្ធភាពដែលរង្គោះរង្គើ
25, Jan 2022 , 6:30 pm        
រូបភាព
អនុប្រធានាធិបតីតៃវ៉ាន់ William Lai ។ រូបថត AFP
អនុប្រធានាធិបតីតៃវ៉ាន់ William Lai ។ រូបថត AFP
ដោយ:
អនុប្រធានាធិបតីតៃវ៉ាន់ William Lai នៅថ្ងៃទី២៥ ខែមករា ធ្វើដំណើរទៅកាន់ហុងឌូរ៉ាសដើម្បីពង្រឹងចំណងសម្ព័ន្ធភាពដែលរង្គោះរង្គើរវាងប្រទេសទាំងពីរនេះឱ្យកាន់តែរឹងមាំឡើងវិញ។​ លោក Lai ក៏ចូលរួមក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់ប្រទេសនេះ ដែលនឹងមានវត្តមានអនុប្រធានាធិបតីអាម៉េរិកលោកស្រី ​កាម៉ាឡា​ ហារីស ដែរ។



ហុងឌូរ៉ាស ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤ដែលរក្សាចំណងការទូតផ្លូវការជាមួយតៃវ៉ាន់។ យ៉ាងណាមិញ ប្រធានាធិបតីជាប់ឆ្នោតហុងឌូរ៉ាស Xiomara Castro ធ្លាប់បង្ហាញ​គំនិតចង់ផ្លាស់ប្ដូរទៅរកក្រុងតៃប៉ិវិញ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារ​ Reuters។

ថ្លែងពីអាកាសយានដ្ឋានអន្តរជាតិក្រុង Taoyuan អនុប្រធានាធិបតីតៃវ៉ាន់ William Lai និយាយថា លោក នឹងនាំយកសម្ភារពេទ្យទៅជួយដល់ហុងឌូរ៉ាសក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់តៃវ៉ាន់លើការគាំទ្រររដ្ឋាភិបាលរបស់លោក​ Castro។

«ស្របពេលប្រធានាធិបតី Castro រៀបចំលើកកម្ពស់គោលនយោបាយថ្មីក្នុងប្រទេស ​តៃវ៉ាន់នឹងជួយជ្រោមជ្រែងលើការបង្កើនចំណងការទូត ​ការជួយគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជ្រៅបន្ថែមទៀត ហើយនឹងរួមគ្នាជម្នះរាល់បញ្ហានានាដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។»លោក Lai បានថ្លែងបែបនេះ។

មេដឹកនាំដែនកោះតៃវ៉ាន់រូបនេះ នឹងជួបជាមួយប្រធានាធិបតីហុងឌូរ៉ាសនៅថ្ងៃទី២៦ ខែមករា ក្រោមរបៀបវារៈជាច្រើន និងមានការជជែកជាមួយមេដឹកនាំសម្ព័ន្ធមិត្ត និងបណ្តាប្រទេសជាមិត្តផ្សេងទៀតផងដែរ ប៉ុន្តែមិនទាន់ច្បាស់ពីជំនួបលោកស្រី កាម៉ាឡា ហារីស ឡើយ។ បើតាមលោក Lai ដំណើរទស្សនកិច្ចនេះ នឹងបង្ហាញពិភពលោកថា តៃប៉ិគឺជាមិត្តដែលគួរឱ្យជឿជាក់បាន និងមានសមត្ថភាពក្នុងការជួយដល់សហគមន៍អន្តរជាតិ។

គួរបញ្ជាក់ថា អាម៉េរិកមិន​មានចំណងការទូតផ្លូវការជាមួយតៃវ៉ាន់ទេ ​ប៉ុន្តែប្រទេសមហាអំណាចនេះ តែងតែផ្តល់ជំនួយនិងការគាំទ្រជាហូរហែ។ កាលពីខែវិច្ឆិកាឆ្នាំ២០២១​ អំឡុងរដូវកាលបោះឆ្នោតនៅហុងឌូរ៉ាស ប្រតិភូអាម៉េរិកដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសនេះ បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនចង់ឱ្យហុងឌូរ៉ាស រក្សាចំណង់មិត្តភាពជាមួយតៃវ៉ាន់៕

Tag:
 តៃវ៉ាន់
  ហុងឌូរ៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com