អន្តរជាតិ
Mercedes C63 AMG ដែលធ្លាប់ជាកម្មសិទ្ធិរបស់ Schumacher ត្រូវបានដាក់លក់ដេញថ្លៃ
31, Jan 2022 , 8:59 pm        
រូបភាព
ដោយ: ធីតា
Mercedes C63 AMG ដែលធ្លាប់ជាកម្មសិទ្ធិរបស់កីឡាករប្រណាំងរថយន្ត Michael Schumacher នឹងត្រូវដាក់លក់ដេញថ្លៃដោយក្រុមហ៊ុន Bonhams នាថ្ងៃទី៣ ខែកុម្ភៈ ខាងមុខ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានយានយន្ត Auto Moto។

 
រថយន្តនេះ ត្រូវបាន Schumacher បើកបរនៅពេលដែលគេបានចូលរួមក្នុងក្រុម Mercedes របស់អាល្លឺម៉ង់កាលពីឆ្នាំ២០១០ ហើយក្រោយមក មានម្ចាស់កម្មសិទ្ធិ៣នាក់ទៀតជាបន្តបន្ទាប់។ បច្ចុប្បន្ន វារត់បាន ១៥២ ០០០គីឡូម៉ែត្រ ដោយមានម៉ូទ័រ V8 ចំណុះ ៦,២លីត្រ។
 
ក្រុមហ៊ុនដេញថ្លៃ Bonhams បានអះអាងថា រថយន្ត Mercedes C63 AMG ពណ៌ខ្មៅនេះ មានសភាពល្អជាធម្មតា លើកលែងតែសំបកកង់ទាំងបួន ទើបត្រូវបានផ្លាស់ប្តូរថ្មី មុនពេលប្រកាសលក់ដេញថ្លៃ។ 
 
បើគិតចាប់តាំងពីឆ្នាំ២០១០ មក រថយន្តនេះ មានការបន្ថែម និងជួសជុលមួយចំនួន ហើយវាមានតម្លៃជាមូលដ្ឋានយ៉ាងតិច២ម៉ឺនអឺរ៉ូ ប៉ុន្តែក្រុមហ៊ុនដេញថ្លៃ មានជំនឿថា វាអាចនឹងលក់ចេញបានក្នុងតម្លៃចន្លោះពី៥ម៉ឺនទៅ១០ម៉ឺនអឺរ៉ូ ដោយសារវាជាម៉ូដែលកម្រមួយ។
 
Schumacher បច្ចុប្បន្នវ័យ៥៣ឆ្នាំ ជាអតីតអ្នកបើកបរ Formula 1 អាល្លឺម៉ង់ ដែលធ្លាប់បើកបរឲ្យក្រុម Jordan, Benetton, Ferrari និង Mercedes។ មុនពេលចូលនិវត្តន៍ឆ្នាំ២០១២ គេបានឈ្នះជើងឯកពិភពលោក៧លើក៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com