អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍​​​​​​​
13, Feb 2022 , 10:29 pm        
រូបភាព
វិបត្តិអ៊ុយក្រែន នៅតែជាប្រធានបទដ៏ក្តៅ ក្នុងសប្តាហ៍នេះ ដោយអាម៉េរិក និងបណ្តាប្រទេសលោកខាងលិច បានព្រមានលទ្ធផលនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ជាការឆ្លើយតប រុស្ស៊ីបានអំពាវនាវឱ្យប្រទេសលោកខាងលិច បញ្ឈប់ការពន្លើសភាពតាងតឹង។ ស្របគ្នានេះ ភាពជាដៃគូសន្តិសុខចតុភាគី បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៅអូស្រ្តាលី ជុំវិញបញ្ហាចិន ភេរវកម្ម បច្ចេកវិទ្យា និងបញ្ហាផ្សេងទៀត។ ក្រៅពីនេះ ជំងឺកូវីដ-១៩ កូរ៉េខាងជើង និងការបាតុកម្មប្រឆាំងវ៉ាក់សាំង ក៏សំខាន់ផងដែរ ក្នុងសប្តាហ៍នេះ។


ថ្ងៃទី៧ ខែកុម្ភៈ

ចិន បានបិទខ្ទប់ក្រុងប៉ៃស៊ឹ ខេត្តគ័ងស៊ី ដែលមានព្រំដែនជាប់វៀតណាម ដោយបញ្ជាឱ្យប្រជាជនស្នាក់នៅផ្ទះ និងបញ្ចៀសការធ្វើដំណើរ ដែលមិនចាំបាច់ ស្របពេលជំងឺកូវីដ-១៩ ដែលផ្ទុះឡើងនៅក្នុងក្រុងនេះ មានជាច្រើនករណី។

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បានប្រាប់សមភាគីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង យ៉ាងច្បាស់ថា ប្រសិនបើអ៊ុយក្រែនចូលជាសមាជិកសម្ព័ន្ធយោធាណាតូ និងព្យាយាមយកដែនដីគ្រីមៀត្រលប់ទៅវិញ អឺរ៉ុបនឹងត្រូវធ្វើសង្រ្គាមជាមួយរុស្ស៊ីដោយស្វ័យប្រវត្តិ។ យ៉ាងណាមិញ មេដឹកនាំរុស្ស៊ី បានបន្ថែមថា រុស្ស៊ី នឹងធ្វើគ្រប់យ៉ាង ដើម្បីស្វែងរកការសម្របសម្រួលឱ្យត្រូវជាមួយប្រទេសទាំងអស់។

ថ្ងៃទី៨ ខែកុម្ភៈ

សភាកូរ៉េខាងជើង បានសន្យាអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អជីវភាពប្រជាជនខ្លួនឡើងវិញ ស្របពេលប្រទេសមួយនេះ កំពុងប្រឈមបញ្ហាជាច្រើន។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានចុះផ្សាយបែបនេះ។ កូរ៉េខាងជើង ក៏បានប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងបង្កើនផលិតកម្មអាហារសម្រាប់ប្រជាជនខ្លួនផង។

ចិនទទួលស្វាគមន៍ទស្សនកិច្ចស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) លោកស្រី Michelle Bachelet មកចិន រួមទាំងតំបន់ស៊ីនជាំង។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ទស្សនកិច្ចនោះ នឹងធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ថ្ងៃទី៩ ខែកុម្ភៈ

ក្រុមបាតុកររាប់រយនាក់ បន្តប្រមូលផ្តុំគ្នានៅខាងក្រៅសភា ក្នុងក្រុងវែលីងតោនរបស់នូវែលសេឡង់ ដើម្បីប្រឆាំងនឹងកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងវិធានការរឹតត្បិតក្នុងប្រទេស។ ក្នុងការតវ៉ានេះ ក្រុមបាតុករមួយចំនួន បានបោះតង់ស្នាក់នៅក្នុងបរិវេណសភាតែម្តង ដោយប្តេជ្ញានឹងស្នាក់នៅតាមតែអាចធ្វើទៅបាន។

រុស្ស៊ី នៅតែបន្តបង្កើនសកម្មភាពយោធាក្បែរព្រំដែនអ៊ុយក្រែន។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានសង្កត់ធ្ងន់បែបនេះ។ ការព្រមានរបស់អាម៉េរិកបែបនេះ ធ្វើឡើងស្របពេលបារាំង និងបណ្តាប្រទេសប្លុកអឺរ៉ុប កំពុងធ្វើសកម្មភាពការទូតដើម្បីបន្ធូរបន្ថយវិបត្តិអ៊ុយក្រែន។

ថ្ងៃទី១០ ខែកុម្ភៈ

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហការជិតស្និទ្ធក្នុងការប្រឆាំងនឹងការគំរាមពីសំណាក់មីស៊ីលនិង អាវុធនុយក្លែអ៊ែររបស់កូរ៉េខាងជើង។ នាជំនួបតាមទូរស័ព្ទ ប្រមុខការពារជាតិទាំង៣ ក៏ឯកភាពគ្នាបន្តជំរុញការលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េផងដែរ។

ឥណ្ឌូណេស៊ី បានបញ្ជាទិញយន្តហោះចម្បាំង Rafale ជាផ្លូវការចំនួន៤២គ្រឿង។ រដ្ឋមន្រ្តីការពារជាតិបារាំង លោកស្រី Florence Parly បានបញ្ជាក់បែបនេះ លើបណ្តាញសង្គម Twitter របស់ខ្លួន។ 

ថ្ងៃទី១១ ខែកុម្ភៈ

សេតវិមានអាម៉េរិក បានបញ្ចេញយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក ចំពេលភាពជាដៃគូសន្តិសុខចតុភាគី រៀបចំជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេសនៅអូស្រ្តាលី។ ក្នុងយុទ្ធសាស្រ្តកម្រាស់ ១៨ទំព័រនេះ អាម៉េរិក បានសង្កត់ធ្ងន់លើការបង្កើនឥទ្ធិពលចិននៅក្នុងតំបន់ តាមរយៈសេដ្ឋកិច្ច យោធា ការទូត និងបច្ចេកវិទ្យា។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន បានចាត់ទុកភាពជាដៃគូសន្តិសុខចតុភាគី គឺជាឧបករណ៍ទប់ឥទ្ធិពលចិន និងការពារអនុត្តរភាពរបស់អាម៉េរិក។

ថ្ងៃទី១២ ខែកុម្ភៈ

អូស្រ្តាលី និងនូវែលសេឡង់ បានអំពាវនាវឱ្យប្រជាជនខ្លួន រស់នៅអ៊ុយក្រែនចាកចេញឱ្យបានឆាប់បំផុត ស្របពេលវិបត្តិអ៊ុយក្រែន និងរុស្ស៊ី កំពុងតែតានតឹងខ្លាំង។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអាម៉េរិក ជំរុញឱ្យប្រជាជនខ្លួនចាកចេញពីអ៊ុយក្រែន។

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានជជែកតាមទូរសព្ទជាមួយសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ជុំវិញបញ្ហាអ៊ុយក្រែន។ ក្នុងជំនួបនោះ មេដឹកនាំទាំងពីរ មិនអាចស្វែងរកច្រកចេញលើវិបត្តិអ៊ុយក្រែនបានឡើយ ខណៈអាម៉េរិក បានព្រមានដដែលៗថា រុស្ស៊ីនឹងរងការឆ្លើយតបធ្ងន់ធ្ងរ ប្រសិនបើហ៊ានឈ្លានពានអ៊ុយក្រែន។
 
 

Tag:
 កូរ៉េខាងជើង
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com