អន្តរជាតិ
ជប៉ុន ស្រង់សាកសពអ្នកបើកយន្តហោះ F-15 ម្នាក់ដែលធ្លាក់កាលពីចុងខែមុន
14, Feb 2022 , 10:54 am        
រូបភាព
យន្តហោះចម្បាំង F-15 របស់កងទ័ពអាកាសជប៉ុន។ រូបថត AFP
យន្តហោះចម្បាំង F-15 របស់កងទ័ពអាកាសជប៉ុន។ រូបថត AFP
យោធាជប៉ុន នៅថ្ងៃទី១៣ ខែកុម្ភៈ បានរកឃើញសាកសពអ្នកបើកយន្តហោះចម្បាំង F-15 ម្នាក់ក្នុងចំណោមពីរនាក់ដែលបានបាត់ខ្លួនអំឡុងពេលហោះហើរហ្វឹកហាត់កាលពីចុងខែមករាកន្លងទៅ។ ក្រុមរុករក ក៏កំពុងតាមរកអ្នកបើកម្នាក់ទៀតផងដែរ។

 
យន្តហោះចម្បាំង F-15 មួយគ្រឿងរបស់កងទ័ពអាកាសស្វ័យការពារជប៉ុន បានបាត់ចេញរ៉ាដា​នៅថ្ងៃទី៣១ ខែមករា ក្រោយហោះចេញបានបន្តិចពីមូលដ្ឋានអាកាស Komatsu ភាគកណ្ដាលប្រទេស។ យន្តហោះដែលមានអ្នកបើកពីរនាក់ កំពុងបំពេញបេសកកម្មហ្វឹកហាត់។
 
នៅថ្ងៃទី១៣ ខែកុម្ភៈ ទ័ពអាកាសជប៉ុនប្រកាសពីការរកឃើញសាកសពអ្នកបើកបរអំឡុងប្រតិបត្តិការរុករកនៅសមុទ្រជប៉ុន។ អត្តសញ្ញាណរបស់ជនរងគ្រោះ មិនត្រូវបានបង្ហាញឡើយ ហើយកងទ័ពអាកាសជប៉ុនអះអាងថា ប្រតិបត្តិការនៅតែបន្តដើម្បីរកសាកសពមួយទៀត។
 
ទាក់ទងការធ្លាក់នេះ ជប៉ុនមិនទាន់បង្ហាញពីមូលហេតុជាក់លាក់នៅឡើយទេ។ ព្រមគ្នានេះ ក្រសួងការពារជាតិជប៉ុន ក៏គ្មានផែនការផ្អាកការហោះហើរយន្តហោះ F-15 ដែរ។ 
 
ឧប្បត្តិហេតុក្នុងចំណោមយន្តហោះជប៉ុន បានកើតជារឿយៗក្នុងពេលប៉ុន្មានឆ្នាំមកនេះ។ កាលពីឆ្នាំ២០១៩ យន្តហោះចម្បាំងស៊េរីទំនើប F-35A មួយគ្រឿង ក៏ជួបបញ្ហាដែរ ហើយកាលនោះ ជប៉ុនប្រញាប់ស្រង់យកគ្រឿងបរិក្ខារដែលផ្ទុកព័ត៌មានសំខាន់ៗពីយន្តហោះទៀតផង៕
 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com