អន្តរជាតិ
មេដឹកនាំអ៊ុយក្រែន អញ្ជើញប្រធានាធិបតីអាម៉េរិកឱ្យធ្វើទស្សនកិច្ចនៅក្រុងកៀវ
14, Feb 2022 , 5:59 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអញ្ជើញប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ឱ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការបញ្ជាក់របស់ការិយាល័យប្រធានាធិបតីអ៊ុយក្រែន។

 
វិបត្តិអ៊ុយក្រែន នៅតែបន្តអូសបន្លាយជាច្រើនខែ ក្រោយ​រុស្ស៊ីបានពង្រាយកម្លាំងទ័ពប្រមាណជាង ១០ម៉ឺននាក់​នៅតំបន់ក្បែរព្រំដែន​អ៊ុយក្រែន។ បញ្ហានេះ បានធ្វើឱ្យទីក្រុង​វ៉ាស៊ីនតោន​ព្រមានពីការ​ឈ្លានពាន​ពីរុស្ស៊ីអាច​កើតមាន​គ្រប់​ពេល។ យ៉ាងណាមិញ រុស្ស៊ីបានបដិសេធជាច្រើនលើក និងអះអាងថាខ្លួនគ្មានផែនការវាយប្រហារអ៊ុយក្រែនឡើយ។ 
 
ស្របពេលភាពតាងតឹងកំពុងតែក្តៅឡើង ប្រធានាធិបតីអ៊ុយក្រែន  វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៣ ខែកុម្ភៈ ​បានជួបពិភាក្សាតាមទូរស័ព្ទជាថ្មីជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន។ តាមរយៈកិច្ចសន្ទនាប្រមាណមួយម៉ោង លោក ហ្សេលេនស្គី បានអញ្ជើញ លោក បៃឌិន ឱ្យធ្វើទស្សនកិច្ចនៅទីក្រុងកៀវ ដើម្បីបញ្ជាក់ពីជំហរគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន។
 
«ខ្ញុំជឿជាក់ថា​ការមកដល់របស់លោកបៃឌិន នៅទីក្រុងកៀវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ...នឹងក្លាយជាសញ្ញាដ៏មានឥទ្ធិពល ហើយជួយបន្ធូរបន្ថយភាពតានតឹង»។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានដកស្រង់សម្តីលោក ហ្សេលេនស្គី ប្រាប់លោក បៃឌិន បែបនេះ។ 
 
បើតាមសេចក្តីថ្លែងការណ៍ដដែល មេដឹកនាំអ៊ុយក្រែន បានលើកឡើងថា លោក យល់ពីការគំរាម ដែលក្រុងកៀវកំពុងប្រឈមមុខ​​ និងបានត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខនឹងស្ថានភាពទាំងនោះ។ ប្រធានាធិបតីអ៊ុយក្រែន​ ក៏បានសំដែងការ​អរគុណចំពោះអាម៉េរិកសម្រាប់ការគាំទ្រខ្លួនដែរ។ 
 
យ៉ាងណាមិញ លោក ហ្សេលេនស្គី បានសម្តែងក្តីបារម្ភ ចំពោះវិបត្តិអ៊ុយក្រែន ដែលកំពុងស្ថិតលើមាត់ជ្រោះនៃសង្រ្គាម។ បើផ្ទុះសង្រ្គាមមែន សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ខណៈមនុស្សអាចនឹងស្លាប់ច្រើន។ 
 
ចំណែកសេចក្តីថ្លែងការណ៍សេតវិមានអាម៉េរិកវិញ ទីក្រុងវ៉ាស៊ីនតោនមិនបានលើកឡើងពីការអញ្ជើញរបស់អ៊ុយក្រែនក្នុងជំនួបតាមទូរស័ព្ទប្រមាណ ១ម៉ោងនោះទេ។ ប៉ុន្តែសេតវិមានអាម៉េរិក បានសង្កត់ធ្ងន់ថា លោក បៃឌិន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អាម៉េរិកជាថ្មី ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ លោកបៃឌិន បានព្រមានថា អាម៉េរិកនឹងឆ្លើយតបឱ្យបានឆាប់រហ័សបំផុត ក្នុងករណីក្រុងមូស្គូ វាយប្រហារទីក្រុងកៀវ៕ 
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com