ជាតិ
សម្តេច ហ៊ុន សែន៖ ជប៉ុនផ្តល់កិត្តិយសឲ្យ​លោក ហ៊ុន ម៉ាណែត ដោយយកយន្តហោះពិសេសមកដឹកដោយផ្ទាល់សម្រាប់ដំណើរទស្សនកិច្ច
16, Feb 2022 , 9:10 am        
រូបភាព
លោក ហ៊ុន ម៉ាណែត ជួបសំដែងការគួរសមជាមួយលោក Nobuo Kishi រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនកាលពីថ្ងៃទី១៥ ខែ​កុម្ភៈ
លោក ហ៊ុន ម៉ាណែត ជួបសំដែងការគួរសមជាមួយលោក Nobuo Kishi រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនកាលពីថ្ងៃទី១៥ ខែ​កុម្ភៈ
លោក ហ៊ុន ម៉ាណែត ស្ថិតក្នុងដំណើរទស្សនកិច្ច៤ថ្ងៃក្នុងប្រទេសជប៉ុន ក្នុងតួនាទីជាមេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។ តាមរយៈពិធីសម្ពោធឲ្យប្រើប្រាស់ស្ពាន៧កន្លែងនៅក្រចេះ និងព្រៃវែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នាថ្ងៃនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ទទួលបាននូវការផ្តល់កិត្តិយសពិសេសពីភាគីជប៉ុន តាមរយៈការបញ្ជូនយន្តហោះពិសេសមកដឹកដោយផ្ទាល់។



ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ លោក ហ៊ុន ម៉ាណែត បានជួបឥស្សរជនកំពូលជាច្រើនរបស់ជប៉ុន ដោយរាប់ចាប់តាំងពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងការបរទេស អគ្គសេនាធិការកងស្វ័យការពារ និងមេបញ្ជាការកងស្វ័យការពារ ជាដើម។

សម្រាប់សម្តេច ហ៊ុន សែន នេះជាការផ្តល់កិត្តិយសដ៏ធំមួយសម្រាប់លោក ហ៊ុន ម៉ាណែត ហើយបើគិតចាប់តាំងពីឆ្នាំ២០១០ មក កូនប្រុសច្បងរបស់សម្តេចរូបនេះ បានជួបផ្លូវការជាមួយនាយករដ្ឋមន្ត្រីជប៉ុន ដល់ទៅបីរូបរួចទៅហើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com