អន្តរជាតិ
មនុស្ស១៣៧នាក់ស្លាប់ក្នុងការវាយប្រហាររបស់រុស្ស៊ី, លោកខាងលិចបន្ថែមទណ្ឌកម្ម
25, Feb 2022 , 11:37 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ប្រជាជនស៊ីវិល និងកងកម្លាំងយោធាចំនួន ១៣៧នាក់ បានបាត់បង់ជីវិតក្នុងការវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃដំបូង។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៥ ខែកុម្ភៈ ដោយលោកបានហៅអ្នកទាំងនោះ ជា«វីរជន»។ ស្របគ្នានេះ មនុស្សចំនួន ៣១៦នាក់ផ្សេងទៀតរងរបួស។

 
រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ បានប្រកាសបញ្ជូនកម្លាំងទ័ពចូលដែនដីផ្តាច់ខ្លួន ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន។ តាមរបាយការណ៍របស់មន្រ្តីជាន់ខ្ពស់ នៃក្រសួងការពារជាតិអាម៉េរិក រុស្ស៊ី បានបាញ់មីស៊ីលប្រមាណ ១០០គ្រាប់ចេញពីដី និងសមុទ្រ និងបានប្រើប្រាស់យុទ្ធហោះទម្លាក់គ្រាប់បែកប្រមាណ ៧៥គ្រឿង ដើម្បីវាយប្រហារលើបន្ទាយយោធា និងប្រព័ន្ធការពារអាកាសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CBS។ 
 
ប្រជាជនស៊ីវិល និងកម្លាំងយោធាអ៊ុយក្រែនជាច្រើននាក់ បានស្លាប់ និងរងរបួស ខណៈប្រជាជនជាច្រើនម៉ឺននាក់បានជម្លៀសខ្លួនចេញពីផ្ទះ។ ក្នុងវីដេអូមួយចេញនៅថ្ងៃទី២៥ ខែកុម្ភៈ ទៅកាន់ប្រជាជាតិខ្លួន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងទឹកមុខក្រៀមក្រំ បានអះអាងថា ប្រជាជនស៊ីវិល និងកម្លាំងយោធាចំនួន ១៣៧នាក់ បានបាត់បង់ជីវិត នៅថ្ងៃដំបូងនៃការវាយប្រហារយោធារបស់រុស្ស៊ី។ 
 
«ពួកគេ(រុស្ស៊ី) បានសម្លាប់ប្រជាជន និងទាញទីក្រុងប្រកបដោយសន្តិភាព ឱ្យក្លាយជាមុខសញ្ញាយោធា»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះ និងចាត់ទុកជនរងគ្រោះទាំងនោះ ជាវីរជនសម្រាប់ប្រទេស។ ទន្ទឹមនេះ ប្រជាជនអ៊ុយក្រែន ចំនួន ៣១៦នាក់ ផ្សេងទៀតបានរបួស។ មិនតែប៉ុណ្ណោះ ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន (UNHCR) បានប៉ាន់ប្រមាណថា ប្រជាជនអ៊ុយក្រែន ប្រមាណ១០ម៉ឺននាក់ បានជម្លៀសចេញពីផ្ទះសម្បែង ខណៈប្រជាជនជាច្រើនពាន់នាក់ បានឆ្លងដែនទៅប្រទេសជិតខាងដូចជា រ៉ូម៉ានី និង ម៉ុលដូវ៉ា។ 
 
ក្រៅពីមនុស្ស ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅអ៊ុយក្រែន ក៏រងការបំផ្លាញផងដែរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RIA ក្រសួងការពារជាតិរុស្ស៊ី បានឆ្លើយថា ខ្លួនបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែនមានកម្ពស់ខ្ពស់ពីដីចំនួន ៧៤កន្លែង និងផ្លូវចុះចតយន្តហោះចំនួន ១១កន្លែង។ 
 
ខណៈពេលរុស្ស៊ីបានបង្កើនសកម្មភាពយោធាកាន់តែខ្លាំងឡើងនៅក្នុងដីអ៊ុយក្រែន ប្រទេសលោកខាងលិច និងបណ្តាប្រទេសមួយចំនួន កំពុងគិតគូរទណ្ឌកម្មកាន់តែធ្ងន់ជាងមុខ ដើម្បីដាក់លើរុស្ស៊ី។ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅក្នុងសន្នីសីទសារព័ត៌មាន ក្នុងថ្ងៃទី២៥ ខែកុម្ភៈ បានសង្កត់ធ្ងន់ថា ជប៉ុននឹងពង្រឹងទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត រួមទាំងការនាំចេញអាវុធ និងស្ថាប័នហិរញ្ញវត្ថុ។ 
 
ស្របគ្នានេះ នូវែលសេឡង់ បានហាមឃាត់ការធ្វើដំណើរ ការធ្វើពាណិជ្ជកម្ម ចំពោះកម្លាំងសន្តិសុខ និងយោធារុស្ស៊ី។ ចំណែកអូស្រ្តាលីឯណោះវិញ បានប្រកាសដាក់ទណ្ឌកម្មលើសមាជិកសភារុស្ស៊ីជាង ៣០០នាក់ ដែលគាំទ្រឱ្យរុស្ស៊ីបញ្ជូនទ័ពទៅអ៊ុយក្រែន និងប្រជាជនដែលមានអំណាច និងលុយ នៅរុស្ស៊ី។ អូស្រ្តាលី ក៏បានប្តេជាសហការជាមួយសម្ព័ន្ធមិត្ត ដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀតដែរ។
 
បន្ថែមពីនេះ សហភាពអឺរ៉ុបវិញ និងអាម៉េរិក ផ្ដោតលើការផ្ដាច់រុស្ស៊ីចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ ទណ្ឌកម្មអឺរ៉ុបលើរុស្ស៊ី ផ្តោតលើទីផ្សារធនាគារ និងក្រុមហ៊ុនរដ្ឋរុស្ស៊ីចំនួន ៧០ភាគរយ។ រីឯអាម៉េរិកវិញ បានដាក់ទណ្ឌកម្មជាថ្មីលើរុស្ស៊ី។ ធនាគារុស្ស៊ីចំនួន ៤, ទ្រព្យសម្បត្តិ ១ទ្រីលានដុល្លារ រួមទាំងទ្រព្យសម្បត្តិរបស់ធនាគារ  Sberbank, អ្នកមាន ដែលជិតស្និទ្ធលោកពូទីន ត្រូវបានរងទណ្ឌកម្ម និងបង្កកនៅអាម៉េរិក។ ក្នុងសុន្ទរកថានាសេតវិមានអាម៉េរិក នៅថ្ងៃទី២៤ ខែកុម្ភៈ លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានហៅលោកពូទីនថា ជាអ្នកឈ្លានពាន និងត្រូវតែទទួលខុសត្រូវលើផលវិបាកទាំងនោះ៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com