អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន សុំការគាំទ្របន្ថែមពីអាម៉េរិក ខណៈការតទល់នឹងទ័ពរុស្ស៊ីនៅតែបន្ត
06, Mar 2022 , 11:39 am        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី៥ ខែមីនា បានជជែកជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងសមាជិកសភាអាម៉េរិក ហើយស្នើសុំការគាំទ្រពីអាម៉េរិក និងការដាក់ទណ្ឌកម្មបន្ថែមទៀតដើម្បីទប់ទល់ប្រតិបត្តិការយោធារបស់រុស្ស៊ី។

 
នាជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតី ចូ បៃឌិន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បញ្ជាក់ថា ប្រធានបទផ្ដោតលើសន្តិសុខ ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន និងទណ្ឌកម្មបន្ថែមប្រឆាំងរុស្ស៊ី។ លោកសរសេរលើ Twitter ថា កិច្ចសន្ទនាជាមួយប្រធានាធិបតីនេះ ជាការបន្តការជជែកគ្នា។
 
កាលពីសប្ដាហ៍មុន ពេលរុស្ស៊ី ផ្ដើមប្រតិបត្តិការយោធារបស់ខ្លួន អាម៉េរិកប្រកាសផ្ដល់កញ្ចប់គ្រឿងបរិក្ខារយោធា៣៥០លានដុល្លារ ដែលជាជំនួយធំបំផុតរបស់សម្រាប់អាម៉េរិកសម្រាប់បរទេស។ សម្ព័ន្ធមិត្តណាតូផ្សេងទៀត ក៏ប្របានផ្ដល់ជំនួយសព្វាវុធបន្តបន្ទាប់ដល់អ៊ុយក្រែនផងដែរ។
 
ក្នុងសេចក្ដីប្រកាសរបស់សេតវិមានវិញ ប្រធានាធិបតី បៃឌិន បានកត់សម្គាល់ពីចំណាត់ការរបស់រដ្ឋបាលរបស់លោកក្នុងការបង្កើនការផ្ដល់ជំនួយសន្តិសុខ មនុស្សធម៌ និងសេដ្ឋកិច្ចសម្រាប់អ៊ុយក្រែន។ លើសពីនោះ រដ្ឋបាលលោក បៃឌិន ក៏ធ្វើជាមួយសភាដើម្បីធានាឱ្យបានប្រភពហិរញ្ញវត្ថុបន្ថែមទៀត។
 
នៅដដែល មេដឹកនាំអ៊ុយក្រែន ក៏ជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយសមាជិកសភាអាម៉េរិក ដោយផ្ដោតលើការផ្ដល់ជំនួយ និងទណ្ឌកម្មរុស្ស៊ីលើវិស័យប្រេង។ សភាអាម៉េរិក ក៏សន្យាផ្ដល់ការគាំទ្របន្តទៀត ពិសេសសន្យាផ្ដល់កញ្ចប់ជំនួយ១០ពាន់លានដុល្លារដល់អ៊ុយក្រែន។ យ៉ាងណាមិញ ការដាក់ទណ្ឌកម្មលើប្រេងរុស្ស៊ី ទំនងជាមិនអាចកើតឡើងពេលនេះឡើយ ព្រោះអាម៉េរិកថា នឹងធ្វើឱ្យតម្លៃប្រេងក្នុងស្រុកឡើងខ្ពស់ ស្របពេលអតិផរណាកើនឡើងផងនោះ។
 
ងាកទៅអ៊ុយក្រែន បទឈប់បាញ់នៅ Mariupol បានបរាជ័យ ហើយការជម្លៀសប្រជាជនចេញពីទីក្រុងកំពង់ផែមួយនេះ ត្រូវបានផ្អាក។ រុស្ស៊ី និងអ៊ុយក្រែន ចោទគ្នាទៅវិញទៅមកចំពោះការបំពានបទឈប់បាញ់នេះ។ ស្ថានការណ៍នៅក្នុងទីក្រុងកាន់តែធ្ងន់ធ្ងរខ្លាំង ដោយការផ្គត់ផ្គង់ទឹក អគ្គិសនី និងចំណីអាហារ ត្រូវបានផ្ដាច់៕
 

Tag:
 អ៊ុយក្រែន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com