អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍​​​​​​​
06, Mar 2022 , 7:19 pm        
រូបភាព
ជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដែលឈានចូលសប្តាហ៍ទីពីរ នៅតែជាប្រធានបទដ៏ក្តៅ ក្នុងសប្តាហ៍ថ្មីនេះ។ ប្រទេសជាច្រើននៅតែបន្តដាក់ទណ្ឌកម្មលើក្រុងមូស្គូ ស្របពេលកម្លាំងយោធារុស្ស៊ី នៅតែបន្តវាយប្រហារលើអ៊ុយក្រែន។ ស្របគ្នានេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាថ្មី ស្របពេលសង្រ្គាមអ៊ុយក្រែន និងរុស្ស៊ីកំពុងផ្ទុះឡើង។

 
ថ្ងៃទី២៨ ខែកុម្ភៈ
 
ការិយាល័យព័ត៌មានក្រុមប្រឹក្សាចិន បានចេញរបាយការណ៍មួយស្តីពីការរំលោភសិទ្ធិមនុស្សនៅអាម៉េរិកក្នុងឆ្នាំ២០២១។ របាយការណ៍នោះ បានលើកឡើងបញ្ហាជាច្រើនដោយរួមមាន អត្រាអ្នកស្លាប់ច្រើនដោយសារជំងឺកូវីដ-១៩ ឧក្រិដ្ឋកម្មហិង្សា ព្រមទាំងការរើសអើងជនជាតិអាស៊ី។
 
ស្វ៊ីស ដែលជាប្រទេសអនុវត្តគោលនយោបាយការបរទេសអព្យាក្រឹត នឹងអនុម័តទណ្ឌកម្មទាំងអស់ដែលបានដាក់ដោយសហភាពអឺរ៉ុបលើរុស្ស៊ី ដែលឈ្លានពានអ៊ុយក្រែន។ លោក Ignazio Cassis ប្រធានាធិបតីស្វ៊ីស បានប្រកាសបែបនេះ បន្ទាប់ពីជំនួបក្រុមប្រឹក្សាសហព័ន្ធស្វ៊ីស។
 
ថ្ងៃទី១ ខែមីនា
 
ជប៉ុន បានដាក់ទណ្ឌកម្មមួយកញ្ចប់ទៀតលើរុស្ស៊ី។ កញ្ចប់ទណ្ឌកម្មថ្មី មានទាំងការបង្កកទ្រព្យសម្បត្តិរបស់មេដឹកនាំរុស្ស៊ី និងស្ថាប័នហិរញ្ញវត្ថុចំនួនបី។ ការបង្កកទ្រព្យនេះ ជាទណ្ឌកម្មបន្ថែម ក្រោយជប៉ុនប្រកាស ឈប់នាំចេញបន្ទះអេឡិចត្រូនិកទៅរុស្ស៊ីរួចម្ដងហើយ។
 
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានហៅការវាយប្រហារលើទីក្រុង Kharkiv ដែលជាក្រុងធំបំផុតទីពីររបស់អ៊ុយក្រែន ជាឧក្រិដ្ឋកម្មសង្រ្គាម។ មេដឹកនាំអ៊ុយក្រែន ក៏បានចាត់ទុកទង្វើរុស្ស៊ី ជាភេរវកម្ម ដែលប្រព្រឹត្តឡើងដោយរដ្ឋផងដែរ។
 
ថ្ងៃទី២ ខែមីនា
 
មហាសន្និបាតអង្គការសហប្រជាជាតិ បានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជាលើកដំបូង ហើយទាមទារឱ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារ និងដកទ័ពចេញពីអ៊ុយក្រែន។ អាម៉េរិកសាទរយ៉ាងខ្លាំងចំពោះការបោះឆ្នោតនេះ ខណៈរុស្ស៊ីបញ្ជាក់ថា ប្រតិបត្តិការយោធាពិសេសរបស់ខ្លួន គ្រាន់តែការពារការវាយប្រហារលើតំបន់ផ្តាច់ខ្លួនប៉ុណ្ណោះ។ កម្ពុជា ក៏បោះឆ្នោតគាំទ្រដែរ។
 
កម្លាំងទ័ពរុស្ស៊ី បានគ្រប់គ្រងក្រុងកំពង់ផែ Kherson បន្ទាប់ពីបើកការវាយប្រហារមកក្នុងដីអ៊ុយក្រែនរយៈពេល៧ថ្ងៃ។ មន្រ្តីតំបន់បានបញ្ជាក់បែបនេះ។ វាជាជោគជ័យដ៏សំខាន់មួយសម្រាប់ក្រុងមូស្គូ។
 
ថ្ងៃទី៣ ខែមីនា
 
ប្រធានាធិបតីតៃវ៉ាន់ សៃ អ៊ីងវេន ផ្តល់មេដាយកិត្តិយសខ្ពង់ខ្ពស់មួយដល់អតីតរដ្ឋមន្ត្រីការបរទេសអាម៉េរិក ម៉ៃ ប៉ុមប៉េអូ ដែលកំពុងទស្សនកិច្ចនៅតៃវ៉ាន់។ យ៉ាងណាមិញ កាសែតរដ្ឋដ៏ធំមួយរបស់ចិនបានរិះគន់លោក ប៉ុមប៉េអូ ថាជាជនបោកប្រាស់។
 
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបោះដៃរកប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ជាថ្មីទៀត ដើម្បីចរចាបញ្ចប់វិបត្តិដែលកំពុងកើតឡើងរវាងប្រទេសទាំងពីរ។ លោក ហ្សេលេនស្គី បានបបួលលោក ពូទីន មកអង្គុយទល់មុខដើម្បីជជែកគ្នាតែម្ដង និងបោះសម្ដីថាលោកមិនខាំលោក ពូទីន ឡើយ។
 
ថ្ងៃទី៤ ខែមីនា
 
ប្រទេសរុស្ស៊ី បានថ្កោលទោសទៅកាន់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ដោយនិយាយថា ជារឿងអាម៉ាស់មួយសម្រាប់ IPC ដែលសម្រេចចិត្តហាមឃាត់អត្តពលិករុស្ស៊ីនៅមួយថ្ងៃមុន ការប្រកួតចាប់ផ្តើម។
 
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី៤ ខែមីនា បានហៅកម្លាំងយោធារុស្ស៊ីថា ភេរវករនុយក្លេអ៊ែរ បន្ទាប់ពី បានវាយប្រហារលើរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរមួយកន្លែង។ ទន្ទឹមនេះ មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានអះអាងផងដែរថា រុស្ស៊ីចង់ធ្វើឱ្យមានមហន្តរាយទៀតផង។
 
ថ្ងៃទី៥ ខែមីនា
 
យោធាកូរ៉េខាងត្បូង អះអាងថា កូរ៉េខាងជើងបាញ់មីស៊ីលមួយគ្រាប់ទៅសមុទ្រខាងកើត ដែលមីស៊ីលនោះទំនងជាប្រភេទបាលីស្ទិកផង។ ការបាញ់នេះ ធ្វើឡើង៤ថ្ងៃមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅកូរ៉េខាងត្បូង។
 
សភាប្រជាជនចិន បានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន។ ក្នុងកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីចិន លី ខឹឈាំង បានសន្យាជំរុញទំនាក់ទំនងជាមួយតៃវ៉ាន់ឱ្យកាន់តែល្អប្រសើរ និងប្ដេជ្ញាបង្រួបបង្រួមកោះតៃវ៉ាន់និងចិនដីគោកឡើងវិញដោយសន្តិវិធី។ មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលរូបនេះ បានប្រកាសកំណត់ គោលដៅកំណើនសេដ្ឋកិច្ចផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០២២ មកនៅត្រឹមតែ ៥,៥ភាគរយផងដែរ៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  ចិន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com