អន្តរជាតិ
ចិន ធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូងក្បែរវៀតណាម
06, Mar 2022 , 3:39 pm        
រូបភាព
យោធាចិន កំពុងធ្វើសមយុទ្ធយោធាមួយក្នុងសមុទ្រចិនខាងត្បូង ដោយទីតាំងនៃការធ្វើសមយុទ្ធនេះនៅក្បែរវៀតណាម។ ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា រដ្ឋបាលសុវត្ថិភាពដែនសមុទ្រហៃណានក៏បានព្រមានឱ្យកាប៉ាល់ដឹកទំនិញចៀសឆ្ងាយពីតំបន់នោះ។

 
សេចក្ដីប្រកាសរបស់រដ្ឋបាលសុវត្ថិភាពដែនសមុទ្រហៃណាន បានបញ្ជាក់ថា សមយុទ្ធនេះ ធ្វើរហូតដល់ថ្ងៃទី ១៥ ខែមីនា។ បើតាមកូអរដោនេដែលអាជ្ញាធរចិនផ្សាយ សមយុទ្ធខាងលើនេះកំពុងធ្វើឡើងក្នុងដែនទឹកចន្លោះរវាងទីក្រុងសាន់យ៉ា នៃខេត្តហៃណាន និងទីក្រុងឆ្នេរសមុទ្រវ៉េរបស់វៀតណាម។ ទីក្រុងសាន់យ៉ាង ជាមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់របស់ចិននៅមាត់សមុទ្រចិនខាងត្បូងតែម្ដង។
 
បន្ថែមពីនេះ សេចក្ដីថ្លែងការណ៍ខាងលើណែនាំកប៉ាល់ផ្សេងៗមិនត្រូវឆ្លងកាត់តំបន់ដែលធ្វើសមយុទ្ធនោះឡើយ។ ចំណែកទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា ផ្នែកមួយនៃតំបន់សមយុទ្ធនេះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមទៀតផង។
 
សូមបញ្ជាក់ថា ភាពតានតឹងនៅសមុទ្រចិនខាងត្បូងនៅតែបន្តរហូតដល់បច្ចុប្បន្ន ដែលជារឿយៗចិនបានធ្វើសមយុទ្ធនៅក្នុងតំបន់នេះផង។ ការណ៍នេះបានបង្កឱ្យមានការគំរាមកំហែងដល់រដ្ឋទាម ទារផ្សេងទៀតដែលត្រូវតទល់នឹងមហាអំណាចយោធាដ៏ខ្លាំង។
 
គួររំលឹកថា កាលពីឆ្នាំ២០១៤ ភាពតានតឹងរវាងវៀតណាម និងចិនបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ នៅពេលនោះចិនបានខួងយកប្រេងក្នុងដែនទឹកដែលវៀតណាមចាត់ទុកជាកម្មសិទិ្ធ ហើយក្រោយមកក៏បង្កជាការប៉ះទង្គិចគ្នារវាងភាគីទាំងសងខាង ព្រមទាំងមានកុប្បកម្មប្រឆាំងនឹងចិននៅឯវៀតណាម៕

Tag:
 ចិន
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com