អន្តរជាតិ
លោក ពូទីន ព្រមានប្រទេសណាអនុវត្តតំបន់គ្មានការហោះហើរនៅអ៊ុយក្រែន ស្មើនឹងចូលក្នុងជម្លោះ
06, Mar 2022 , 8:19 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ។ រូបថត Xinhua
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ។ រូបថត Xinhua
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នៅថ្ងៃទី៥ ខែមីនា បានព្រមានការបង្កើតតំបន់គ្មានការហោះហើរនៅអ៊ុយក្រែន ដោយចាត់ទុកប្រទេសណាដែលអនុវត្តគោលការណ៍ ជាភាគីជម្លោះមួយដែរ។ បើតាមលោក ពូទីន ការបង្កើតតំបន់គ្មានការហោះហើរនេះ ក៏ប៉ះពាល់ដល់អធិបតេយ្យរបស់អ៊ុយក្រែនផងដែរ។

 
អ៊ុយក្រែនផ្ទាល់ ជាអ្នកស្នើឱ្យសម្ព័ន្ធយោធាណាតូ បង្កើតតំបន់គ្មានការហោះហើរនៅអ៊ុយក្រែន ដើម្បីទប់ស្កាត់ប្រតិបត្តិការផ្លូវអាកាសរបស់រុស្ស៊ី។ ប៉ុន្តែណាតូ បានបដិសេធ ព្រោះវាស្មើនឹងការចូលក្នុងជម្លោះដោយផ្ទាល់ ហើយត្រូវប្រឈមមុខនឹងទ័ពរុស្ស៊ីដោយផ្ទាល់ទៀតផង ដែលនេះមិនមែនជាអ្វីដែលសម្ព័ន្ធយោធាមួយនេះចង់ឃើញឡើយ។
 
ក្នុងសប្ដាហ៍នេះ ណាតូបានបកស្រាយហើយថា ការបង្កើតតំបន់គ្មានការហោះហើរ គឺត្រូវបញ្ជូនយន្តហោះទៅអ៊ុយក្រែន ដើម្បីបាញ់យន្តហោះរុស្ស៊ី។ ដូចនេះ ណាតូត្រូវប្រឈមមុខដោយចំហនឹងរុស្ស៊ីតែម្ដង។
 
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នៅថ្ងៃទី៥ ខែមីនា ក៏ចេញព្រមានចំពោះការបង្កើតតំបន់គ្មានការហោះហើរនេះ។ ក្នុងកិច្ចប្រជុំជាមួយបុគ្គលិកអាកាសចរណ៍ Aeroflot លោក ពូទីន អះអាងថា តំបន់គ្មានការហោះហើរនេះ នឹងនាំមកមហន្តរាយមិនត្រឹមសម្រាប់អឺរ៉ុបឡើយ តែក៏សម្រាប់ពិភពលោកទាំងមូលដែរ។ លោកក៏ព្រមានទៀតថា ការបង្កើតតំបន់គ្មានការហោះហើរដោយប្រទេសណាមួយ មានន័យថា ប្រទេសនោះចូលរួមសង្រ្គាមនេះទៀតផង។
 
«សកម្មភាពណាមួយទៅកាន់ទិសដៅនេះ (ការបង្កើតតំបន់គ្មានការហោះហើរ) នឹងត្រូវពិចារណាដោយយើងថា ជាការចូលរួមក្នុងជម្លោះប្រដាប់អាវុធរបស់ប្រទេសនោះ។» ប្រមុខរដ្ឋរុស្ស៊ី បន្ថែមបែបនេះមុនបន្តថា ការចង់បានតំបន់គ្មានការហោះហើររបស់ទីក្រុងកៀវ នឹងធ្វើឱ្យអ៊ុយក្រែនបាត់បង់អធិបតេយ្យទៀតផង។
 
ក្នុងជំនួបដដែល មេដឹកនាំរុស្ស៊ី ក៏ច្រានចោលព័ត៌មាននានាដែលថា រុស្ស៊ីនឹងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ដើម្បីទប់ទល់ចលនាប្រឆាំងប្រតិបត្តិការយោធានៅអ៊ុយក្រែន។ លោក ពូទីន បញ្ជាក់ថា ច្បាប់អាជ្ញាសឹក ត្រូវដាក់នៅពេលដែលមានការបំពានពីខាងក្រៅ តែរុស្ស៊ីបច្ចុប្បន្នមិនទាន់ជួបស្ថានការណ៍បែបនោះឡើយ៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com