អន្តរជាតិ
បុរសបារាំងម្នាក់រត់៤២គីឡូម៉ែត្រក្នុង១ថ្ងៃដើម្បីប្រមូលម៉ាសដែលបោះចោល ហើយច្នៃជាសម្លៀកបំពាក់
07, Mar 2022 , 8:39 am        
រូបភាព
ដោយ: ធីតា
លោក Clement Chapel អាយុ៣០ឆ្នាំដែលរស់នៅតំបន់ Isere ប្រទេសបារាំង បានចាប់ផ្តើមយុទ្ធនាការមួយ ដើម្បីឲ្យពលរដ្ឋយល់ដឹងពីការបំពុលបរិស្ថាន ទាក់ទងនឹងម៉ាស។ ចាប់តាំងពីថ្ងៃ២៨ ខែកុម្ភៈ មក លោកបានរត់ចម្ងាយ៤២គីឡូម៉ែត្រក្នុងមួយថ្ងៃ ដើម្បីប្រមូលម៉ាសដែលបោះចោលរាយប៉ាយតាមដី។ ក្រោយមក លោកយកម៉ាសទាំងនោះ ឲ្យអ្នកជំនាញមួយរូប ច្នៃជាសម្លៀកបំពាក់។

 
«ប្រមាញ់ម៉ាស» ដែលបោះចោលតាមដី បានក្លាយជាការតាំងចិត្តផ្នែកកីឡាមួយរបស់លោក Clement Chapel ប៉ុន្តែវាក៏ជាយុទ្ធនាការផ្នែកបរិស្ថានផងដែរ។ ផ្តើមពីក្រុង Saint-Etienne នៅថ្ងៃទី២៨ ខែកុម្ភៈ លោកនឹងបញ្ចប់ការរត់ចម្ងាយ៤២គីឡូម៉ែត្រក្នុង១ថ្ងៃ នៅក្រុងលីយ៉ុង នាថ្ងៃទី៦ ខែមីនា។
 
តាមការផ្សាយរបស់ Ouest France អ្នកលេងកីឡា និងជាអ្នកស្រឡាញ់បរិស្ថានរូបនេះ ប្រមូលបានម៉ាសប្រមាណ៣០០ក្នុង១ថ្ងៃ ខណៈ៣ថ្ងៃដំបូង លោករើសបានជាង១ ០០០ម៉ាស។ «ខ្ញុំឃើញម៉ាសនៅគ្រប់កន្លែង ជាពិសេសនៅម្តុំចំណតរថយន្ត និងមណ្ឌលពាណិជ្ជកម្ម។ ប៉ុន្តែនៅចំកណ្តាលទីក្រុងមិនសូវមានឡើយ ដោយសារអ្នកបម្រើសេវកម្មសាធារណៈ បានសម្អាតផ្លូវជាប្រចាំ»។ នេះបើតាមការអះអាងរបស់លោក Chapel។


 
នៅពេលរត់ម៉ារ៉ាតុនប្រចាំថ្ងៃ លោក Chapel យកម៉ាសដែលគាត់បានរើសពាក់តាមដៃរបស់ខ្លួន ហើយបន្ទាប់មកយកម៉ាសទាំងនោះ ទៅឲ្យអ្នកជំនាញម្នាក់ឈ្មោះ Marion Lescaut ច្នៃធ្វើជាសម្លៀកបំពាក់ ដោយសារដ៏សំខាន់នោះ គឺចង់ឲ្យអ្នកដទៃបានឃើញ នូវអ្វីដែលពួកគេមិនចាប់អារម្មណ៍។
 
លោក Chapel និង Lescaut បានបង្ហាញការព្រួយបារម្ភដូចគ្នាថា ម៉ាសដែលផលិតចេញពីសមាសធាតុ Polypropylene នឹងក្លាយជាចំណែកនៃការបំពុលបរិស្ថានធម្មជាតិ មហាសមុទ្រ ជាពិសេសប្រព័ន្ធអេកូឡូស៊ី ប្រសិនបើមិនមានការរៀបចំទុកដាក់ត្រឹមត្រូវទេនោះ ក្រោយពេលប្រើប្រាស់រួច។
 
លោក Chapel ក៏បានសម្តែងការអាក់អន់ចិត្តផងដែរ ចំពោះទម្លាប់អាក្រក់របស់មនុស្សជាច្រើន ដោយសារលោកនៅតែឃើញម៉ាសរាយប៉ាយតាមផ្លូវជារៀងរាល់ថ្ងៃ បើទោះបីជាលោកព្យាយាម បង្ហាញគំរូដល់ពួកគេយ៉ាងណាក៏ដោយ៕






 

© រក្សាសិទ្ធិដោយ thmeythmey.com