អន្តរជាតិ
អាម៉េរិក កំពុងចរចាជាមួយប៉ូឡូញដើម្បផ្គត់ផ្គង់យន្តហោះចម្បាំងដល់អ៊ុយក្រែន
07, Mar 2022 , 10:26 am        
រូបភាព
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ AFP
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ AFP
ប្រមុខការទូតអាម៉េរិក ​លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី៧ ខែមីនា បានលើកឡើងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងចរចាជាមួយក្រុងវ៉ាសូវី ជុំវិញគម្រោងផ្គត់ផ្គង់យន្តហោះចម្បាំងដែលផលិតដោយសហភាពសូវៀតទៅឱ្យអ៊ុយក្រែន។ ជាការដោះដូរនឹងការផ្គត់ផ្គង់នេះ ប៉ូឡូញអាចទទួលបានយន្តហោះចម្បាំង ដែលផលិតដោយអាម៉េរិកជំនួសវិញ។

 
បន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាសពីសំណាក់រុស្ស៊ីនៅតំបន់មួយចំនួន ក្នុងអ៊ុយក្រែន លោកប្រធានាធិបតីអ៊ុយក្រែន  វ៉ូឡូឌីមៀ ហ្សេលេនស្គី  បានសុំយន្តហោះចម្បាំងពីប្រទេសលោកខាងលិច ដើម្បីទប់នឹងការវាយប្រហារនោះ និងការពារដែនអាកាសអ៊ុយក្រែនកុំឱ្យរុស្ស៊ីគ្រប់គ្រងបាន។ ដោយសាររឿងនេះ អាម៉េរិក កំពុងចរចាជាមួយប៉ូឡូញឱ្យផ្គត់ផ្គង់យន្តហោះផលិតក្នុងសម័យសហភាពសូវៀតទៅឱ្យអ៊ុយក្រែន។ 
 
«យើង កំពុងធ្វើការជាមួយប៉ូឡូញ ដោយយើងបានពិភាក្សា ថាតើអាម៉េរិកអាចផ្តោះប្តូរអ្វីទៅនឹងសម្ភារដែលពួកគេ (ប៉ូឡូញ) ផ្តល់ទៅអ៊ុយក្រែន»។  លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន CNN នៅថ្ងៃទី៦ ខែមីនា ដោយបន្ថែមថា ក្រុងវ៉ាស៊ីនតោន គាំទ្រក្រុងវ៉ាសូវី ក្នុងការផ្តល់យន្តហោះចម្បាំងប្រភេទ Mig និង SU ទៅឱ្យទីក្រុងកៀវ។ 
 
ក្នុងថ្ងៃដដែលនេះ ប្រមុខការទូតអាម៉េរិក ក៏បានផ្តល់កិច្ចសម្ភាសជាមួយសារព័ត៌មាន CBS ជុំវិញការផ្គត់ផ្គង់យន្តហោះចម្បាំងរបស់សមាជិកណាតូផ្សេងទៀតទៅឱ្យអ៊ុយក្រែនដែរ។ បើតាមលោក ប្លីងខិន បើមានសមាជិកណាតូ ផ្តល់យន្តហោះចម្បាំងផលិតក្នុងសម័យសហភាពសូវៀត ទៅឱ្យអ៊ុយក្រែន អាម៉េរិក ត្រូវតែធានាបានថាអាម៉េរិក អាចផ្តល់អ្វីមួយទៅឱ្យប្រទេសទាំងនោះ។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Politico បូ៉ឡូញ អាចផ្តល់យន្តហោះចម្បាំងប្រភេទ MiG-29 ទៅឱ្យអ៊ុយក្រែន។ ជាការដោះដូរអាម៉េរិក នឹងផ្តល់យន្តហោះ F-16s ទៅប៉ូឡូញវិញ ដើម្បីការពារសន្តិសុខ។ កន្លងមក អ្នកនាំពាក្យសេតវិមានអាម៉េរិក លោកស្រី Jen Psaki ក៏បានអះអាងផងដែរថា ក្រុងវ៉ាស៊ីនតោន បានពិភាក្សាជាមួយសមាជិកសម្ព័ន្ធយោធាណាតូផ្សេងទៀត ជុំវិញការផ្គត់ផ្គង់យន្តហោះចម្បាំងឱ្យអ៊ុយក្រែន។ 
 
ស្របគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន ក្នុងថ្ងៃទី៦ ខែមីនា បានជំរុញឱ្យប្រទេសលោកខាងលិច ដាក់ទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត ដោយអះអាងថា ទណ្ឌកម្មក្នុងពេលបច្ចុប្បន្ន មិនទាន់គ្រប់គ្រាន់ឡើយ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ី បានប្រកាសវាយប្រហារលើរោងចក្រផលិតសម្ភារយោធារបស់អ៊ុយក្រែន និងជំរុញឱ្យបុគ្គលិកចាកចេញពីក្រុមហ៊ុនទាំងនោះ ដើម្បីសុវត្ថិភាព។ ទាក់ទិននឹងបញ្ហានេះ លោក ហ្សេលេនស្គី បានអំពាវនាវឱ្យបស្ចិមប្រទេស ដាក់ទណ្ឌកម្មលើអ្នកបញ្ជាឱ្យវាយប្រហារលើរោងចក្រផលិតសម្ភារយោធា និងរៀបចំតុលាការមួយ ដើម្បីកាត់ទោសបុគ្គលទាំងនោះ។ 
 
សូមបញ្ជាក់ថា ជាងរយៈពេល ១០ថ្ងៃហើយ រុស្ស៊ីនៅតែបន្តវាយប្រហារលើអ៊ុយក្រែន។ ទីភ្នាក់ងារទទួលបន្ទុកស្ថានភាពអាសន្នអ៊ុយក្រែន បានរាយការណ៍ថា ប្រជាជនស៊ីវិលជាង ២ពាន់នាក់ ត្រូវបានសម្លាប់ ខណៈហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានបំផ្លាញ។ កន្លងមក រុស្ស៊ី បានដាក់គោលដៅបំផ្លាញយោធាអ៊ុយក្រែនចោលទាំងអស់ និងដាក់ឱ្យប្រទេសមួយនេះ អនុវត្តគោលការណ៍អព្យាក្រឹត៕ 
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
  ប៉ូឡូញ
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com