អន្តរជាតិ
រុស្ស៊ី៖ បាតុករប្រឆាំងសង្រ្គាមអ៊ុយក្រែនច្រើន៣៥០០នាក់បន្ថែមទៀត ត្រូវចាប់ខ្លួន
07, Mar 2022 , 2:29 pm        
រូបភាព
ប៉ូលិសរុស្ស៊ី ចាប់បណ្ដើរអ្នកតវ៉ាម្នាក់នៅទីក្រុងមូស្គូ។ រូបថត AFP
ប៉ូលិសរុស្ស៊ី ចាប់បណ្ដើរអ្នកតវ៉ាម្នាក់នៅទីក្រុងមូស្គូ។ រូបថត AFP
ដោយ:
ប៉ូលិសរុស្ស៊ី ​បានចាប់ខ្លួនបាតុករប្រឆាំងសង្រ្គាមនៅអ៊ុយក្រែនច្រើនជាង៣ ៥០០នាក់ បន្ថែមទៀតនៅទូទាំងប្រទេសក្នុងថ្ងៃទី៦​ ខែមីនា។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃរុស្ស៊ី។



ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនផ្ទុះឡើងនៅចុងខែកុម្ភៈមក ប្រជាជនរុស្ស៊ីបានចាប់ផ្តើមចេញមុខតវ៉ា ​ឱ្យបញ្ឈប់សង្រ្គាមភ្លាមៗ។ បាតុកររុស្ស៊ី បានគ្រវីទង់ជាតិអ៊ុយក្រែន ហើយលើកបដាមានសរសេរពាក្យ «កុំធ្វើសង្រ្គាម» និង «គួរឱ្យអាម៉ាស់ណាស់»។
 
អ្នកនាំពាក្យនៃ​ក្រសួងមហាផ្ទៃរុស្ស៊ី​លោកស្រី​ Irina Volk បាននិយាយថា ​មនុស្សជាង៣ ៥០០នាក់ ក្នុងការតវ៉ាថ្ងៃទី៦ ខែមីនា ​ដោយនៅទីក្រុងមូស្គូមានចំនួន១ ៧០០នាក់ ទីក្រុង​ St Petersburg​​ មាន​៧៥០នាក់ ហើយ១​០៦១នាក់ទៀត នៅតាមក្រុងដទៃទៀត។ លោកស្រីបានបន្ថែមថា ​មនុស្សជាង ៥ ២០០នាក់ បានចូលរួមក្នុងបាតកម្ម។
 
ចាប់តាំងពីថ្ងៃទី២៤ខែកុម្ភៈ ដែលរុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែន មនុស្សប្រមាណច្រើនជាង១ម៉ឺននាក់ ត្រូវបានចាប់ខ្លួនហើយ។​ នេះបើតាមរបាយការណ៍របស់គម្រោងផ្សព្វផ្សាយសិទ្ធិមនុស្សរុស្ស៊ី OVD-Info ។
 
រយៈពេលជិត២សប្តាហ៍ នៃការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ប្រជាជនស៊ីវិលរបស់អ៊ុយក្រែនចំនួន ៣៦៤ នាក់ បានបាត់បង់ជីវិត ខណៈយ៉ាងហោច៧៥៩នាក់ទៀត រងរបួស។នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ៕
 
 
 
 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com