អន្តរជាតិ
លោកពូទីន៖ រុស្ស៊ី ត្រៀមខ្លួនជាស្រេចក្នុងការចរចាជាមួយអ៊ុយក្រែន និងដៃគូបរទេសផ្សេង
07, Mar 2022 , 3:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៦ ខែមីនា បានលើកឡើងថា រុស្ស៊ី បានត្រៀមខ្លួនជាស្រេចក្នុងការចរចាជាមួយអ៊ុយក្រែន និងដៃគូបរទេសផ្សេងទៀត។ ទន្ទឹមនេះ មេដឹកនាំរុស្ស៊ី បានបញ្ជាក់ផងដែរថា ប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន នឹងផ្អាក លុះត្រាតែក្រុងកៀវបញ្ឈប់សកម្មភាពបង្កអរិភាព និងឆ្លើយតបនឹងសំណើរបស់ក្រុងមូស្គូ។

 
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅថ្ងៃទី៦ ខែមីនា បានជជែកតាមទូរសព្ទជាមួយសមភាគីតួកគី លោក តៃយីប អ៊ែរដូហ្កាន់ ជុំវិញប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ ក្នុងកិច្ចសន្ទនាប្រមាណ១ម៉ោងនេះ លោក ពូទីន បានអះអាងប្រាប់មេដឹកនាំតួកគីថា ប្រតិបត្តិការយោធារបស់រុស្ស៊ី គ្រាន់តែការពារប្រជាជនស៊ីវិល ក្នុងតំបន់ផ្តាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែន ហើយយោធាខ្លួនមិនវាយប្រហារលើប្រជាជនស៊ីវិលអ៊ុយក្រែនឡើយ ហើយក្រុងមូស្គូ មានបំណងចរចា និងបញ្ឈប់ការវាយប្រហារលើក្រុងកៀវ។ 
 
«ភាពរួចរាល់របស់រុស្ស៊ី ក្នុងការចរចា ជាមួយអាជ្ញាធរអ៊ុយក្រែន និងដៃគូបរទេស ក្នុងការដោះស្រាយជម្លោះ ត្រូវបានបញ្ជាក់»។ វិមានក្រេមឡាំង បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ជុំវិញជំនួបរវាងលោក ពូទីន និងលោក អ៊ែរដូហ្កាន់។ 
 
ក្នុងពេលដដែលនោះ លោក ពូទីន បានលើកឡើងថា ប្រតិបត្តិការយោធាពិសេស អាចនឹងផ្អាក ប្រសិនបើទីក្រុងកៀវបញ្ឈប់សកម្មភាពបែបបង្កសត្រូវ និងឆ្លើយតបនឹងតម្រូវការរបស់រុស្ស៊ី។ កន្លងមក រុស្ស៊ី បានស្នើឱ្យអ៊ុយក្រែនរំសាយកម្លាំងយោធាចោលទាំងអស់ និងដាក់ជាប្រទេសប្រកាន់អព្យាក្រឹតភាព។​
 
ចំណែកមេដឹកនាំតួកគីវិញ បានជំរុញឱ្យសមភាគីរុស្ស៊ី ប្រកាសបទឈប់បាញ់នៅអ៊ុយក្រែន បើកច្រកសម្រាប់ជំនួយមនុស្សធម៌ និងចុះកិច្ចព្រមព្រៀងសន្តិភាព។ មិនតែប៉ុណ្ណោះ លោក អ៊ែរដូហ្កាន់ បានបន្ថែមផងថា តួកគី បានត្រៀមខ្លួនរួចហើយ ក្នុងការរួមចំណែកស្វែងរកសេចក្តីសម្រេចប្រកបដោយសន្តិភាពលើជម្លោះអ៊ុយក្រែន និងរុស្ស៊ី។ 
 
តាមការចុះផ្សាយរបស់កាសែតតួកគី Daily Sabah នាពេលកន្លងទៅ តួកគី មានបំណងរៀបចំកិច្ចចរចាថ្នាក់រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន និងរុស្ស៊ី សម្រាប់ការចរចាដោះស្រាយជម្លោះ ក្នុងវេទិកាការទូតនៅសប្តាហ៍ក្រោយ នៅតួកគី។ ភាគីរុស្សី និងអ៊ុយក្រែន សុទ្ធតែបង្ហាញពីឆន្ទៈក្នុងការចរចា។
 
សូមបញ្ជាក់ថា ក្នុងថ្ងៃដដែលនោះ លោកពូទីន បានទូរសព្ទជាមួយប្រធានាធិបតីបារាំង និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ជុំវិញស្ថានភាពនៅអ៊ុយក្រែន និងការការពារសុវត្ថិភាពលើរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរផងដែរ៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com