រថយន្ត
អន្តរជាតិ
បណ្តាក្រុម​ហ៊ុន​យានយន្តបញ្ឈប់​ប្រតិបត្តិការទីផ្សារ និងផលិតកម្ម​ជា​បន្ត​បន្ទាប់នៅរុស្ស៊ី
07, Mar 2022 , 7:29 pm        
រូបភាព
ដោយ: ធីតា
ការវាយ​លុក​របស់រុស្ស៊ីលើអ៊ុយក្រែន បាន​ធ្វើ​ឲ្យ​បាន​ក្រុមហ៊ុន​យានយន្ត​ធំៗ បញ្ឈប់​ប្រតិបត្តិការទីផ្សារ​ និង​ផលិត​កម្ម​របស់ខ្លួន​ជាបន្ត​បន្ទាប់។ ការ​សម្រេច​ចិត្ត​ភាគច្រើន​គឺ​ដើម្បីប្រឆាំង​នឹង​សកម្ម​ភាព​ទ័ព​របស់រុស្ស៊ី​លើអ៊ុយក្រែន ហើយ​ការផ្អាកមួយចំនួន​គឺ​ដោយសារ​តែ​កង្វះវត្ថុធាតុ​ដើម​ពីអ៊ុយក្រែន។

 
បណ្តារោង​ចក្រ​ដែល​​រងផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ មានដូចជា Group Renault, BMW, Jaguar Land Rover, Stellantis និង Volkswagen Group ជាដើម ដោយភាគច្រើន ជាដៃគូ​រក​ស៊ី​ដ៏យូរអង្វែង​របស់​រុស្ស៊ី។ រុស្ស៊ី ជា​ទីផ្សាររថយន្ត​ទី​៨​លើ​ពិភពលោក ដោយ​កាលពីឆ្នាំមុន លក់ចេញបាន​ជាង១,៦៦លាន​គ្រៀង ច្រើនជាង​កាណាដា, បារាំង និងចក្រភពអង់គ្លេស។
 
យោងតាម​ការផ្សាយ​របស់សារព័ត៌មាន​យានយន្ត AutoCar បណ្តាក្រុមហ៊ុន​ដែល​រងផល​ប៉ះពាល់ដោយសារវិបត្តិរុស្ស៊ី-អ៊ុយក្រែន មាន​ដូចជា​​​​​​៖
 
Aston Martin៖ ក្រុមហ៊ុន​ព្យួរការលក់រថយន្ត​ទៅរុស្ស៊ី ហើយ​សម្តែងការព្រួយបារម្ភ​ចំពោះ​ដៃគូរកស៊ី​ខ្លួន​នៅ​ក្នុងទីក្រុងគៀវ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Aston Martin អះអាងថា រក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយពួកគេនាពេលវេលាដ៏លំបាកនេះ។
 
BMW​៖ ក្រុមហ៊ុន​បញ្ឈប់ការផលិតរថយន្ត BMW និងប្រភេទ Mini នៅ​រោង​ចក្រមួយចំនួននៅអឺរ៉ុប ដោយសារ​មិនអាចនាំចូល​វត្ថុធាតុដើម និងគ្រឿងបន្លាស់ពីអ៊ុយក្រែន។ ក្រុមហ៊ុន​ក៏បញ្ឈប់​ការនាំចេញទៅរុស្ស៊ី និង​បញ្ឈប់​ការផលិត​នៅ​រោងចក្រ Kaliningrad ផងដែរ។
 
Ford៖ ក្រុម​ហ៊ុន​បានព្យួរ​ប្រតិបត្តិការ​បណ្តាក់ទុន​នៅរុស្ស៊ី ដោយ​មិនមាន​ពេល​កំណត់។ ក្រុមហ៊ុន​​លក់​រថយន្ត​បាន​ប្រមាណ​២១០០០គ្រឿងនៅ​រុស្ស៊ី កាលពីឆ្នាំមុន។ Ford មានភាគ​ហ៊ុនមួយចំនួននៅក្រុមហ៊ុន Sollers ដែល​ផលិត​រថយន្តដឹកនាំ​ប្រមាណ​២០០០គ្រឿង​កាលពី​ឆ្នាំ២០២១។
 
General Motors៖ ក្រុមហ៊ុន​អាម៉េរិកមួយចំនួន​បានព្យួរសកម្មភាពពាណិជ្ជកម្ម​មួយចំនួននៅរុស្ស៊ី ដោយអះអាងថា ព្រួយបារម្ភពីសុវត្ថិភាពពល​រដ្ឋក្នុង​តំបន់។ ក្រុមហ៊ុន​លក់​បាន​រថយន្ត​ប្រមាណ​៣០០០គ្រឿង ជារៀង​រាល់ឆ្នាំនៅ​ក្នុងប្រទេសរុស្ស៊ី។
 
Honda៖ ក្រុមហ៊ុន​ជប៉ុន​មួយចំនួន​ មិនមាន​រោង​ចក្រនៅរោងចក្រនៅរុស្ស៊ីឡើយ ប៉ុន្តែ​ពួកគេ​មាន​បញ្ហានាំចេញទៅកាន់ប្រទេសមួយនេះ ជាពិសេសទាក់ទងនឹង​ការបញ្ជាទិញ និង​ការ​បង់​លុយ។ ត្រឡប់ទៅកាលពី​ឆ្នាំ២០២០ Honda ក៏ធ្លាប់បាន​ប្រកាសឈប់លក់រថយន្តថ្មីទៅរុស្ស៊ីចាប់ពីឆ្នាំ​២០២២ ផងដែរ។
 
Hyundai៖ ក្រុមហ៊ុនកូរ៉េនេះ អះអាងថា ការ​សម្រេចបញ្ឈប់​ផលិតកម្មនៅ​រោង​ចក្រក្នុងក្រុង St. Petersburg មិនមែន​ដោយសារ​បញ្ហារុស្ស៊ី-អ៊ុយក្រែននោះឡើយ ប៉ុន្តែ​គឺ​មកពី​កង្វះខាតសមាសធាតុសឺមីកុងឌុចទ័រ (Semiconductor) ដែល​ជាបណ្តុំដោយ​សមាសធាតុផ្សំសៀគ្វីអគ្គិសនី។
 
Jaguar Land Rover៖ តាម​ការផ្សាយ​របស់ BBC ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ពីសំណាក់ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងអាម៉េរិក ធ្វើ​ឲ្យ​ Jaguar Land Rover ជួបបញ្ហាទីផ្សារ។ ចំពោះ​ការសម្រេច​បញ្ឈប់​ទីផ្សារទៅកាន់រុស្ស៊ី ក្រុមហ៊ុនអង់គ្លេសនេះ អះអាងថា កំពុងប្រឈម​វិបត្តិសកលរួមគ្នា។
 
Mercedes-Benz៖ ក្រុមហ៊ុនអាល្លឺម៉ង់នេះ បានព្យួរការផលិត​រថយន្ត Daimler Truck នៅ​រុស្ស៊ី ដែលខ្លួនមានភាគហ៊ុន​១០ភាគរយ​ជាមួយ​ក្រុមហ៊ុនក្នុងស្រុក Kamaz។ ជាមួយ​គ្នានេះ លោក Ola Kallenius ដែលជាអគ្គនាយក​ បានអះអាងថា ក្រុមហ៊ុន​នឹង​ផ្តល់ជំនួយ​១លានផោន​សម្រាប់ជន​​រងគ្រោះ​ក្នុង​វិបត្តិអ៊ុយក្រែន។
  


Mitsubishi៖ ក្រុមហ៊ុនជប៉ុន​មួយនេះ មាន​ដៃគូចំនួន​១៤១នៅរុស្ស៊ី ហើយ​បើតាម​ការផ្សាយរបស់ Reuters ការសម្រេចព្យួរការផលិត និង​ការលក់រថយន្តទៅរុស្ស៊ី ដោយសារតែក្រុមហ៊ុនជួបបញ្ហា​ផ្នែក​ផ្គត់​ផ្គង់។
 
Renault៖ ក្រុមហ៊ុន​បារាំងនេះ បាន​ធ្លាក់ចុះភាគហ៊ុន ៦,៤ភាគរយ បន្ទាប់ពីការដាក់ទណ្ឌកម្ម​របស់​លោកខាងលិច​លើ​រុស្ស៊ី។ កង្វះគ្រឿងបន្លះ ជាផ្នែកមួយ​ដ៏ធំ​នៃ​ការ​សម្រេច​ព្យួរ​ផលិត​កម្មនៅ​រោងចក្រ Avtovaz ជាពិសេស​ការ​ផលិត​រថយន្តម៉ាក Arkana និង Captur Crossovers។
 
Torsus៖ ក្រុមហ៊ុន​បាន​ប្រឆាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី និងសម្តែងការព្រួយបារម្ភ​ក្រុម​ការងារនៅ​ក្រុងគៀវ។ Torsus បាន​ប្តូរទៅពង្រឹង​យុទ្ធសាស្ត្រទីផ្សាររបស់​ខ្លួន​នៅ​ក្រុង​ប្រាគ សាធារណ​រដ្ឋឆែក​វិញ។
 
Stellantis៖ លោក Carlos Tavares បានអះអាងថា ការដាក់ទណ្ឌកម្ម​របស់​លោកខាងលិចលើ​រុស្ស៊ី បង្កបញ្ហា​ដល់​ក្រុមហ៊ុន ជាពិសេស​ការនាំ​ចេញទៅ​កាន់អឺរ៉ុប​ខាងលិច។ លោក​​រំពឹងថា អ្វីៗនឹងមាន​ដំណើរ​ការឡើង​វិញអាស្រ័យ​លើ​ការសម្រេច​ចិត្ត​របស់អ្នកនយោបាយ​។ 
 
Toyota៖ ក្រុមហ៊ុន​ជប៉ុនមួយនេះ មិនបានបន្ទោសរុស្ស៊ី​ដោយផ្ទាល់នោះឡើយ ប៉ុន្តែ​បានអះអាងថា ចូលរួមជាមួយសម្ព័ន្ធមិត្ត​ខាងលិច ដើម្បីថ្កោលទោស​ការឈ្លានពាន ជាពិសេស​ការ​ចូល​រួម​បិទប្រព័ន្ធផ្ទេរលុយ​​ Swift ពី​បណ្តាធនាគាររុស្ស៊ី។
 
Volkswagen Group៖ ក្រុមហ៊ុន​បញ្ចប់ការផលិតរថយន្តទាំងអស់នៅរុស្ស៊ី ជាពិសេសនៅ​រោងចក្រក្នុងក្រុង Kaluga និង Nizhny Novgorod។ ជាមួយគ្នានេះ ក្រុមហ៊ុន​ក៏បានប្រកាសផ្តល់ជំនួយសប្បុរស​ចំនួន​១លានផោនទៅកាន់មូលនិធិជនភៀសខ្លួន UNO-Flüchtlingshilfe ថែមទៀតផង។
 
Volvo៖ ក្រុមហ៊ុនស៊ុយអែតនេះ បាន​លក់​រថយន្ត​ប្រមាណ​៩០០០គ្រឿង​នៅរុស្ស៊ីក្នុងឆ្នាំ២០២១ ដោយ​ផលិតផល​មកពី​រោងចក្រ​នៅស៊ុយអែត ចិន និងអាម៉េរិក។ ក្រុមហ៊ុន​បាន​អះអាងពី​ការ​សម្រេចផ្អាក​ទីផ្សារ​របស់ខ្លួន​ថា មកពី​បញ្ហា​ប្រឈម​ពាក់ព័ន្ធនឹងសម្ភារពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com