អន្តរជាតិ
លោក ប្លីងខិន ថា អាម៉េរិក​និង​អឺរ៉ុប កំពុង​ពិចារណា​ហាមប្រាម​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី
07, Mar 2022 , 4:59 pm        
រូបភាព
ទីតាំងអណ្ដូងប្រេងមួយកន្លែងរបស់រុស្ស៊ី។ រូបថត Xinhua
ទីតាំងអណ្ដូងប្រេងមួយកន្លែងរបស់រុស្ស៊ី។ រូបថត Xinhua
អាម៉េរិកនៅថ្ងៃទី៦ ខែមីនា បានលើកឡើងថា ខ្លួនកំពុងស្ថិតនៅក្នុងការពិភាក្សាយ៉ាងសកម្មជាមួយបណ្តាប្រទេសអឺរ៉ុបទាក់ទិននឹងការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី។​ ការហាមឃាត់ការនាំចូលប្រេងនេះ នឹងជាទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតប្រឆាំងនឹងទីក្រុងមូស្គូសម្រាប់ការលុកលុយអ៊ុយក្រែន។ 


កាលពីចុងសប្តាហ៍មុន សេតវិមានបាននិយាយថាខ្លួនកំពុងស្វែងរកវិធីកាត់បន្ថយការប្រើប្រាស់ប្រេងពីរុស្ស៊ី ខណៈក៏កំពុងរកវិធីការពារមិនឱ្យប្រេងឡើងថ្លៃប៉ះពាល់ដល់ពលរដ្ឋខ្លួនផងដែរ។ យ៉ាងណាមិញ បណ្តាប្រទេសលោកខាងលិចកំពុងរងសម្ពាធកាន់តែខ្លាំងលើការកាត់ផ្តាច់ការនាំចូលថាមពលពីរុស្ស៊ី ព្រោះការលក់ប្រេងនិងថាមពលជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់រុស្ស៊ី។ ការបញ្ឈប់ការនាំចូលនេះ នឹងជាមធ្យោបាយមួយដែលមានប្រសិទ្ធភាពដាក់សម្ពាធលើវិមានក្រេមឡាំងបន្ថែមទៀត។
 
ប្រាប់ទូរទស្សន៍ NBC ថ្ងៃទី៦ ខែមីនា រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លិងខិនថា អាម៉េរិក និងដៃគូអឺរ៉ុបកំពុងពិភាក្សាយ៉ាងសកម្មពីការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី និងកំពុងស្វែងរកវិធីសាស្រ្តរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ប្រេងជាសកល។ 
 
«សកម្មភាពដែលយើងបានធ្វើកន្លងមកបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរុស្ស៊ីរួចទៅហើយ»។ លោក ប្លីងខិន លើកឡើងបែបនេះ ដោយសំដៅទៅលើទណ្ឌកម្មកន្លងមកដែលធ្វើឱ្យរុស្ស៊ីឯកោខាងសេដ្ឋកិច្ច។ 
 
មិនខុសពីអាម៉េរិក ប្រធានគណៈកម្មការអឺរ៉ុប អឺស៊ុឡា វ៉ុន ដឺលៃអេន ក៏បានលើកឡើងថា គោលដៅសំខាន់គឺ ធ្វើឱ្យរុស្ស៊ីឯកោ និងមិនមានថវិកាគាំទ្រការធ្វើសង្គ្រាម។ យ៉ាងណាមិញ លោកស្រី ក៏បានលើកឡើងថា បច្ចុប្បន្នកិច្ចការសំខាន់ដែល អឺរ៉ុបត្រូវធ្វើគឺកាត់បន្ថយការពឹងផ្អែកឥន្ធនៈពីរុស្ស៊ី។
 
ខណៈប្រទេសលោកខាងលិចកំពុងពិចារណាលើការធ្វើពហិការការនាំចូលប្រេងពីរុស្ស៊ី រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានអំពាវនាវយ៉ាងខ្លាំងឱ្យការធ្វើពហិការនេះសម្រចបាន ដោយនិយាយថា ប្រេងរុស្ស៊ីនឹងបង្ហូរឈាមប្រជាជនអ៊ុយក្រែនកាន់តែច្រើន។ លោក Kuleba ក៏បានបន្ថែមថា ការបញ្ឈប់ការនាំចេញប្រេងរបស់រុស្ស៊ី គឺជារឿងសំខាន់។
 
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CNN នៅថ្ងៃទី៦ ខែមីនា លោក Kuleba បានជំរុញឱ្យក្រុមហ៊ុន Shell និងក្រុមហ៊ុនថាមពលយក្សផ្សេងទៀតបញ្ឈប់ការទិញប្រេងរុស្ស៊ី ដែលនេះនឹងកាត់ផ្តាច់ប្រភពចំណូលធំបំផុតរបស់ទីក្រុងមូស្គូ។ គួរបញ្ជាក់ថា ក្រុមហ៊ុនប្រេង Shell កន្លងទៅបានប្រកាសថាខ្លួននឹងបន្តទិញប្រេងរុស្ស៊ី ប៉ុន្តែនឹងបរិច្ចាគប្រាក់ចំណេញការលក់ប្រេងនេះដល់អ៊ុយក្រែន។ ប៉ុន្តែលោក​ Kuleba អះអាងថា ​ប្រេង​និង​ឧស្ម័ន​របស់​រុស្ស៊ី​មាន​ក្លិន​ឈាម​អ៊ុយក្រែន។
 
នៅសប្តាហ៍​មុនតម្លៃ​ឧស្ម័ន​នៅ​អឺរ៉ុប និង​អង់គ្លេស បាន​ឡើង​ដល់​កម្រិត​ខ្ពស់​​បំផុត ​ដោយ​សារ​ការ​ភ័យ​ខ្លាចពីកង្វះខាតឧស្ម័ន​នៅពេលខាងមុខ។ លើសពីនេះដែរ តម្លៃ​ប្រេង​បាន​ក៏បន្តឡើង​កាន់តែ​ខ្ពស់ ដែលនឹងអាចឡើងដល់ ១១៨,១១ ដុល្លារ​ក្នុង​មួយ​បារ៉ែល ជា​កម្រិត​ខ្ពស់​បំផុត​ចាប់តាំងពី​ឆ្នាំ ២០០៨ មក៕
 
 

Tag:
 អាម៉េរិក
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com