អន្តរជាតិ
ឥណ្ឌូណេស៊ី៖ យ៉ាងហោច២៥០នាក់ត្រូវជម្លៀសចេញ ខណៈភ្នំភ្លើងមេរ៉ាពី​ផ្ទុះកម្រើកជាថ្មី
10, Mar 2022 , 4:59 pm        
រូបភាព
ភ្នំភ្លើងមេរ៉ាពីចាប់ផ្ដើមកម្រើកជាថ្មី។ រូបថត AFP
ភ្នំភ្លើងមេរ៉ាពីចាប់ផ្ដើមកម្រើកជាថ្មី។ រូបថត AFP
ដោយ:
ភ្នំភ្លើងមេរ៉ាពីរបស់ឥណ្ឌូណេស៊ី ផ្ទុះកម្រើកសកម្មភាពជាថ្មី ដោយបានបញ្ចេញនៅផ្សែងចំហាយក្តៅ និងកម្អែលយ៉ាងក្រាស់ហូរចុះនៅយប់ឈានចូលថ្ងៃទី១០ខែមីនា។ មនុស្សជាង២៥០នាក់ ត្រូវជម្លៀសខ្លួនចេញទាំងប្រញាប់ប្រញាល់ទៅកាន់ទីជម្រកបណ្តោះអាសន្ន ខណៈផេះចេញពីការផ្ទុះភ្នំភ្លើងបានហូរគ្របដណ្តប់ក្បែរភ្នំ និងទីប្រជុំជន។


មេរ៉ាពី ដែលភ្នំភ្លើងកម្ពស់២៩១០ម៉ែត្រ នៅលើកោះជ្វាដែលមានប្រជាជនរស់នៅយ៉ាងខ្នាន់ខ្នាប់ បានបញ្ចេញនៅផ្សែងផេះដ៏ក្តៅ អមដោយលំហូរល្បាយថ្ម ​កម្អែលភ្នំភ្លើង និងឧស្ម័ន បានហូរចុះតាមជម្រាលភ្នំរហូតដល់៥គីឡូម៉ែត្រ។ ក្នុងសេចក្ដីប្រកាសមួយ អ្នកនាំពាក្យរបស់ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក Abdul Muhari បញ្ជាក់ថា សូរសំឡេងកម្រើកនៃការផ្ទុះភ្នំភ្លើង អាចឮបានចម្ងាយជាច្រើនគីឡូម៉ែត្រផងដែរ
 
លោក Muhari លើកឡើងថា​​​ មនុស្សចំនួន២៥៣នាក់ ត្រូវបានជម្លៀសចេញទៅកាន់ទីជម្រកបណ្តោះអាសន្នក្នុងភូមិ Glagaharjo និង​ភូមិ Umbulharjo ដែលស្ថិតក្នុងខេត្ត Yogyakarta និងនៅស្រុក Klaten ស្រពេលមានស្រទាប់ផេះបានហូរក្បែរភ្នំនិងទីប្រជុំជន ប៉ុន្តែមិនមានអ្នកស្លាប់និងរបួស ត្រូវបានរាយការណ៍ឡើយ។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារ AP ​។
 
ចំណែគទីភ្នាក់ងារស្រាវជ្រាវធរណីវិទ្យានិងភ្នំភ្លើងរបស់ឥណ្ឌូណេស៊ី ក៏ណែនាំឱ្យអ្នករស់នៅលើជម្រាលភ្នំ ត្រូវនៅចម្ងាយ៧គីឡូម៉ែត្រពីមាត់រណ្តៅ ហើយគួរតែប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលបង្កឡើងពីកម្អែលភ្នំភ្លើង។
 
ដូចដឹងស្រាប់ហើយ ឥណ្ឌូណេស៊ី ដែលមានប្រជាជនរស់នៅច្រើនជាងគេលំដាប់ទី៤លើពិភពលោក ជាតំបន់ដែលងាយរងគ្រោះជាងគេពីរញ្ជួយដីនិងបំផ្ទុះភ្នំភ្លើង។ ភ្នំមេរ៉ាពី ជាភ្នំភ្លើងសកម្មបំផុតក្នុងចំណោមភ្នំភ្លើងចំនួន១២០កន្លែងនៅឥណ្ឌូណេស៊ី។ ករណីផ្ទុះភ្នំភ្លើងមេរ៉ាពីខ្លាំងបំផុតចុងក្រោយគឺនៅឆ្នាំ២០១០ ដែលបានសម្លាប់ប្រជាជន៣៤៧នាក់ និង​បណ្តាលឱ្យជម្លៀសអ្នកភូមិចំនួន២ម៉ឺននាក់៕
 
 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com