ជាតិ
អ្នកសារព័ត៌មាន Thmey Thmey និង Cambodianess ឈ្នះពានរង្វាន់ Journalism for An Equitable Asia Award
16, Mar 2022 , 3:59 pm        
រូបភាព
ភ្នំពេញ៖ អត្ថបទរាយការណ៍របស់អ្នកសារព័ត៌មានកម្ពុជា៣រូប នៅស្ថាប័នសារព័ត៌មានថ្មីៗ (Thmey Thmey) និង Cambodianess ទទួលបានពានរង្វាន់លេខ៣ប្រចាំអាស៊ី។ កម្មវិធីនេះរៀបចំឡើង ដោយ Asia Center និង Oxfam in Asia។

 
អត្ថបទស្ដីពី «ភាពអស់សង្ឈឹមរបស់កម្មកររោងចក្រ នាអំឡុងពេលបិទខ្ទប់» របស់កញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗ, លោក ភួង វ៉ាន់ថា និង លោក Gerald Flynn អ្នកសារព័ត៌មាន Cambodianess បានទទួលបានជ័យលាភីលេខ៣ ក្នុងចំណោមអត្ថបទប្រកួតប្រជែង១៥០អត្ថបទ ពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី។ អ្នកសារព័ត៌មានដែលបានដាក់ស្នាដៃប្រកួត ក្នុងកម្មវិធីនេះ មានពីប្រទេសកម្ពុជា ថៃ វៀតណាម បង់ក្លាដែស ចិន ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន សិង្ហបុរី និងទីម័រខាងកើត។ 
 
ក្នុងចំណោមអត្ថបទទាំង១៥០ គឺមាន១០អត្ថបទ ត្រូវបានជ្រើសរើសនៅវគ្គជម្រុះចុងក្រោយ ដែលអត្ថបទទាំងនោះ សុទ្ធតែបង្ហាញពីវិសមភាពក្នុងអំឡុងពេលកូវីដ-១៩ ហើយមានតែអត្ថបទចំនួន៣ប៉ុណ្ណោះ ដែលទទួលបានពានរង្វាន់។ 
 
លោក Jame Gomez នាយក Asia Center បានលើកឡើងក្នុងកម្មវិធីប្រកាសជ័យលាភី នាថ្ងៃទី១៥ មីនាថា អត្ថបទទាំង១០ដែលជាប់វគ្គជម្រុះចុងក្រោយនេះ គឺសាកសមនឹងទទួលបានការជ្រើសរើសបំផុត ព្រោះអត្ថបទទាំងនេះ បានបង្ហាញពីផលប៉ះពាល់ដោយសារកូវីដ-១៩ បង្កឲ្យមានភាពគ្មានការងារ និងជនងាយរងគ្រោះ។ 
 
លោកសង្កត់ធ្ងន់ថា៖ «នៅបណ្ដាសហគមន៍ រងផលប៉ះពាល់ជាបន្តបន្ទាប់នាអំឡុងពេលកូវីដ-១៩។ អ្វីដែលអ្នក(អ្នកសារព័ត៌មាន)លើកយកមកបង្ហាញ គឺជាការឃ្លាំមើលលើសកម្មភាពរដ្ឋាភិបាល ថាតើបានធ្វើ ឬជួយអ្វីខ្លះដល់ក្រុមងាយរងគ្រោះ ហើយបង្ហាញពីវិសមភាព ក្នុងការជួយដល់ពួកគេ, បញ្ឈប់វិសមភាព និងជួយដល់ជនងាយរងគ្រោះរួចផុតពីបញ្ហាប្រឈមនានា»។ 
 
ការរីករាលដាលកូវីដ-១៩ បានធ្វើឱ្យវិសមភាព និងភាពអយុត្តិធម៌កើតមាន នៅក្នុងទ្វីបអាស៊ី រយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយជំរុញឱ្យមានវិសមភាពក្នុងសង្គម សេដ្ឋកិច្ច យេនឌ័រ និងនយោបាយ ដែលមិនធ្លាប់មានពីមុនមក។ នេះជាការលើកឡើងរបស់ លោក John Samuel នាយកអង្គការ Oxfam ប្រចាំតំបន់អាស៊ី ។
 
លោកបានបន្ថែមថា អ្នកសារព័ត៌មានជាកត្តាសំខាន់ក្នុងការស្វែងយល់ និងបង្ហាញពីបញ្ហាប្រឈមនានា ដែលជនងាយរងគ្រោះ បានជួបប្រទះក្នុងអំឡុងពេលកូវីដ-១៩នេះ។
 
លោកថ្លែងយ៉ាងដូច្នេះថា៖ «យើងចង់បង្ហាញការដឹងគុណដល់អ្នកសារព័ត៌មាន ដែលក្រោកឈរឡើង ដើម្បីយុត្តិធម៌ សមភាព ដែលរាយការណ៍អំពីពលករចំណាកស្រុក ស្ត្រី ជនជាតិភាគតិច…»។ 
 
លោកថា ការខិតខំរបស់អ្នកសារព័ត៌មានទាំងនេះ គឺជាការលើកកម្ពស់សិទ្ធិមនុស្ស យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ។ 
 
ម្ចាស់ពានរង្វាន់លេខ៣ លោក វ៉ាន់ថា អ្នកសារព័ត៌៌មាន Cambodianess បានបង្ហាញយ៉ាងលម្អិតពីស្ថានភាពកម្មករ ក្នុងវិស័យកាត់ដេរនៅកម្ពុជា នាអំឡុងបិទខ្ទប់។ លោកពោលថា កម្មករត្រូវបានគេកេងប្រវ័ញ្ច នាអំឡុងពេលធ្វើការ ហើយប្រឈមកាន់តែធ្ងន់នៅពេលបិទខ្ទប់។ លើសពីនេះ ពួកគេទទួលបានប្រាក់ឈ្នួលទាប ហើយថែមទាំងជាប់បំណុលទៀតផង។ 
 
«វិសមភាព ក្នុងវិស័យកាត់ដេរនៅកម្ពុជាកើតមានជាយូរមក ហើយវិបត្តិកូវីដ១៩ បានរុញច្រានឲ្យកម្មកររោងចក្រកាន់តែអស់សង្ឈឹម។ ដូច្នេះហើយបានជាយើងចង់រាយការណ៍អំពីបញ្ហានេះ»។ នេះបើតាមលោក វ៉ាន់ថា។ 
 
លោក Atom Araullo អ្នករាយការណ៍នៅហ្វីលីពីន នៃ GMA News Online បានឈ្នះរង្វាន់លេខ១ តាមរយៈអត្ថបទស្ដីពី ភាពអត់ឃ្លាននាពេលរីករាលដាលកូវីដ-១៩ (The Hunger Pandemic»។ ចំណែក កញ្ញា Marielle Lucieno នៃ Rappler ដែលមកពីប្រទេហ្វីលីពីនដែរនោះ បានឈ្នះរង្វាន់លេខ២ តាមរយៈអត្ថបទសម្រាប់៖ «The gold trap: COVID-19 is pushing more Filipino children into hazardous work»៕ 
 
 

Tag:
 ពានរង្វាន់
© រក្សាសិទ្ធិដោយ thmeythmey.com