ជាតិ
​​​ន​យោ​បាយ​ជាតិ​
ភ្លើងទៀន សុំមហាផ្ទៃ ជជែកគ្នាត្រង់ៗ បើមានបញ្ហាកើតឡើងជុំវិញការបោះឆ្នោត
18, Mar 2022 , 7:59 pm        
រូបភាព
លោក សក់ សេដ្ឋា (ពាក់វែនតា) ស្ថិតក្នុងកិច្ចប្រជុំមួយ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ (រូបពីអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ)។ លោក ថាច់ សេដ្ឋា ថ្លែងសារកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងពិធីរម្លឹកខួប៧១ឆ្នាំ ដែលបារាំងប្រគល់កម្ពុជាក្រោម ឲ្យវៀតណាមគ្រប់គ្រង (រូបពីវីដេអូលើបណ្តាញសង្គម)។
លោក សក់ សេដ្ឋា (ពាក់វែនតា) ស្ថិតក្នុងកិច្ចប្រជុំមួយ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ (រូបពីអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ)។ លោក ថាច់ សេដ្ឋា ថ្លែងសារកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងពិធីរម្លឹកខួប៧១ឆ្នាំ ដែលបារាំងប្រគល់កម្ពុជាក្រោម ឲ្យវៀតណាមគ្រប់គ្រង (រូបពីវីដេអូលើបណ្តាញសង្គម)។
ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលដឹកនាំដោយលោក ថាច់ សេដ្ឋា ជាអនុប្រធានគណបក្ស បានចូលជួបមន្រ្តីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ ដែលដឹកនាំលោក សក់ សេដ្ឋា ជារដ្ឋលេខាធិការ និងជាតំណែងឲ្យសម្តេច  ខេង ជារដ្ឋមន្រ្តី។ បញ្ហានានាដែលកើតឡើងមុនការបោះឆ្នោតឃុំ-សង្កាត់ គឺជាប្រធានសំខាន់បំផុត ដែលថ្នាក់ដឹកនាំគណបក្សភ្លើងទៀន លើកឡើងជាមួយមន្រ្តីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ។



លោក ថាច់ សេដ្ឋា ប្រាប់សារព័ត៌មានថ្មីៗថា លោក បានស្នើទៅក្រសួងមហាផ្ទៃ ផ្តល់ឱកាសឲ្យគណបក្សភ្លើងទៀន ចូលជួបពិភាក្សាត្រង់ទៅត្រង់មកជាមួយគ្នា បើមានហេតុការណ៍ណាមួយកើតឡើង មុនការបោះឆ្នោតឃុំ-សង្កាត់ ដូចជាការគំរាមកំហែង ជាអាទិ៍ ដើម្បីមានលទ្ធភាពខ្ពស់អាចរកដំណោះស្រាយ និងអាចទប់ស្កាត់ហេតុការណ៍នោះបានទាន់ពេលវេលា។ អនុប្រធានគណបក្សភ្លើងទៀនរូបនេះ បញ្ជាក់ថា៖«យើង ឲ្យមានវប្បធម៌សន្ទនា ប្រសើរជាងការវាយប្រហារគ្នាតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ ដូច្នេះ ក្នុងនាមយើង ជាអ្នកប្រជាធិបតេយ្យ ជាខ្មែរដូចគ្នា យើង ត្រូវតែចរចាសន្ទនាគ្នា វាល្អជាង»។ 
 
លោក សក់ សេដ្ឋា ដែលតំណាងក្រសួងមហាផ្ទៃ ប្រាប់សារព័ត៌មានថ្មីៗថា លោក មិនទាន់អាចឆ្លើយតបអ្វីបានឡើយ ដោយសារលោក កំពុងជាប់ប្រជុំ។ 
 
បើតាមប្រសាសន៍របស់លោក ថាច់ សេដ្ឋា មានសំណើ៣ ដែលគណបក្សភ្លើងទៀត ដាក់ជូនក្រសួងមហាផ្ទៃ  គឺ ទី១ សុំឲ្យពិនិត្យមើលការគំរាមកំហែងលើមន្រ្តីគណបក្សភ្លើងទៀនតាមឃុំ-សង្កាត់មួយចំនួន សុំឲ្យជួយធ្វើកិច្ចអន្តរាគមន៍ដោះលែងសកម្មជន២នាក់របស់គណបក្សភ្លើងទៀន នៅខេត្តពោធិ៍សាត់ និង សុំបង្កើតគណៈកម្មការដោយឡែក ដើម្បីតាមដាន និងដំណោះស្រាយឲ្យទាន់ពេលនូវវិវាទនានា ពាក់ព័ន្ធនឹងការបោះឆ្នោត។ លោក បន្តថា គណៈកម្មការនេះ មានសមាសភាពចូលរួមពីក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សទាំង១៧ ដែលចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ និង សង្គមស៊ីវិល ជាដើម។ លោក បន្ថែមថា លោក សក់ សេដ្ឋា ទទួលយកសំណើទាំង៣នេះ ទៅពិចារណា។ 

សូមបញ្ជាក់ថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ដែលជាអាណត្តិថ្មី នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕ 
 

Tag:
 គណបក្សភ្លើងទៀន
  ថាច់ សេដ្ឋា
  ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com